ជាតិ
តំណាងទូតជប៉ុន ទៅគោរពសពអ្នករត់តាក់ស៊ីដែលត្រូវជនជាតិជប៉ុនប្លន់សម្លាប់ រូបភាពផ្តល់ដោយលោក ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប
× ភ្នំពេញ៖តំណាងអគ្គកុងស៊ុលជប៉ុននៅសៀមរាប បានទៅគោរពវិញ្ញាណក្ខន្ធសព លោក ហ៊ឹម ចាន់ អ្នករត់តាក់ស៊ីដែលត្រូវបានជនជាតិជប៉ុនសម្លាប់ នៅព្រឹកថ្ងៃទី ២៣ មីនានេះ។ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ តំណាងស្ថានកុងស៊ុលជប៉ុន សោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើងនេះ។ នេះបើតាមការបញ្ជាក់របស់លោក ហួត សុធី ស្នងការរងខេត្តសៀមរាប។
តំណាងស្ថានទូតប្រចាំកម្ពុជា បានដឹកនាំក្រុមការងារទៅគោរពវិញ្ញាណក្ខន្ធ និងនាំថវិកាមួយចំនួនជូនដល់គ្រួសារសពលោក ហ៊ឹម ចាន់ ។ នាពិធីគោរពវិញ្ញាណក្ខន្ធនេះ តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏បានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពអ្នករត់តាក់ស៊ីផងដែរ។ លោក ហួត សុធី ស្នងការរងខេត្តសៀមរាប ដែលអមដំណើរជាមួយតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖ «តំណាងស្ថានទូតជប៉ុន មានការសោកស្ដាយ និងតក់ស្លុត ដោយមិនគួរណាជនជាតិជប៉ុនធ្វើអំពើនេះលើប្រជាជនកម្ពុជា»។
រូបភាពផ្តល់ដោយលោក ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប
រូបភាពផ្តល់ដោយលោក ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប
ក្រោយមានករណីនេះកើតឡើង លោក Hidehisa Haronouchi ឯកអគ្គរាជទូតជប៉ុននៅកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានចេញសាររំលែកទុក្ខជាសារធារណៈដល់គ្រួសារលោក ហ៊ឹម ចាន់ អ្នករត់តាក់ស៊ី ដែលត្រូវជនជាតិជប៉ុន២រូបប្លន់សម្លាប់នៅស្រុកពួក ខេត្តសៀមរាប។
សូមបញ្ជាក់ថា លោក ហ៊ឹម ចាន់ មានអាយុ៤០ឆ្នាំ ជាអ្នកបើកតាក់ស៊ី ត្រូវបានគេប្រទះឃើញសាកសពកាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅស្រុកពួកខេត្តសៀមរាប៕
Tag:
គោរពវិញ្ញាណក្ខន្ធ
អ្នករត់តាក់ស៊ី
ជនជាតិជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com