ONE Championship
កីឡាជាតិ
ជាតិ
រឿង​គួរ​ចាប់អារម្មណ៍​៣​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​អំពី​អ្នក​វាយ​គុន​ចម្រុះ វី ស្រី​ខួច​
24, Mar 2019 , 12:39 pm        
រូបភាព
​អត្ថបទ​៖ Matias Andres
 
​កីឡាការិនី​គុន​ចម្រុះ​របស់ ONE Championship វី ស្រី​ខួច កំពុង​រង់ចាំ​ឱកាស​ដើម្បី​ត្រលប់​ចូល​សង្វៀន​ប្រកួត​វិញ ខណៈ​នាង​ពង្រឹង​ការហ្វឹកហាត់​មិន​ឈប់ឈរ​។​

 
​ស្រី​ខួច ដែលជា​មិត្ត​ភ័ក្តិ​ជិតស្និទ្ធ​ម្នាក់​របស់​តារា​កំពុង​រះ​នៅ ស្រី​ពៅ បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ជំរំ​ហ្វឹកហាត់​ពេញ​ម៉ោង​ដើម្បី​តំណាង​កម្ពុជា​ក្នុង​ការប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ថៃ​។​


 
​ស្រី​ខួច ប្រាប់ថា​៖ «​ឥឡូវនេះ​ខ្ញុំ​កំពុង​ផ្ដោតលើ​ការប្រកួត​នៅ​ប្រទេស​ថៃ​ក្នុង​ខែមេសា​ខាងមុខ​។ ខ្ញុំ​, ស្រី​ពៅ និង​កីឡា​ករពីរ​បីនាក់​ផ្សេងទៀត​នឹង​ទៅ​បោះជំរំ​ហ្វឹកហាត់​និង​ប្រកួត​នៅ​ទីនោះ​»​។​
 
​មុន​ត្រលប់​ទៅ ONE Championship និង​មុន​ការប្រកួត​ប្រដាល់​របស់​នាង​មកដល់ ខាងក្រោម​នេះ​ជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍​៣​យ៉ាង​ដែល​អ្នក​គួរ​ដឹង​អំពី ស្រី​ខួច​។​
 
១-  តារា​ល្បី​ដែល​នាង crush លើ​និង​បទ​ចម្រៀង​សំណព្វចិត្ត​
 
​ថ្វីបើ​ជីវិត​របស់​ស្រី​ពៅ​ភាគច្រើន​ក្រវែល​ជុំវិញ​ក្បាច់គុន ប៉ុន្តែ​នាង​ក៏​ជា​អ្នក​ស្រលាញ់​តន្ត្រី​ដ៏​ខ្លាំងក្លា​ម្នាក់​និង​ចូលចិត្ត​បទ​ចម្រៀង​ខ្មែរ​។ នៅពេល​ត្រូវបាន​សួរថា​តារា​ណា​ដែល​នាង​បាក់ចិត្ត​លើ​? ស្រី​ខួច ញញឹម​ផង​សើច​ផង ហើយ​ឆ្លើយថា​៖ «​ខ្ញុំ​គិតថា ព្រាប សុវត្ថិ និង​កូនៗ​របស់គាត់ ពិសេស​គឺ​បង សុវត្ថិ គឺ​គាត់​សង្ហា​ខ្លាំងណាស់​។ ទោះបី​ឥឡូវ​គាត់​រាង​ចាស់​បន្តិច តែ​គាត់​នៅតែ​សង្ហា​»​។​
 
​ពេល​និយាយ​ពី idol ក្នុង​ដួងចិត្ត នាង​ជ្រើសរើស​តារាចម្រៀង​ស្រី​ម្នាក់​។​
 
​ស្រី​ខួច បញ្ជាក់ថា​៖ «idol របស់ខ្ញុំ​គឺ​តារាចម្រៀង មាស សុខ​សោភា​។ ខ្ញុំ​ស្រលាញ់​គាត់​ព្រោះ​គាត់​រួសរាយ​ផង​និង​ចូលចិត្ត​លេងសើច​ផង​។ ខ្ញុំ​ចូលចិត្ត​ស្ដាប់​បទ​ថ្មីៗ​របស់គាត់ តែ​ខ្ញុំ​ក៏​ចូលចិត្ត​បទ​ពី​ដើមៗ​ច្រើន​ដែរ​»​។​
 
២- អ្នក​ប្រយុទ្ធ​ដែល​នាង​ចូលចិត្ត​ជាងគេ​
 
​ស្រី​ខួច សម្រួច​ជំនាញ​គុន​ចម្រុះ​របស់​នាង​នៅ​ក្លិប Cambodian Top Team និង​ហាត់​ប្រដាល់​ជាប្រចាំ​នៅ​ស្តា​ត​អូឡាំពិក​។ មុន​នោះ ស្រី​ខួច ធ្លាប់​ហាត់​នៅ​ក្លិប​សិល្បៈ ហើយ​នាង​នៅតែ​ចាត់ទុក​ម្ចាស់​ក្លិប​នេះ​ក្នុងចំណោម​កីឡាករ​អាជីព​ដែល​នាង​ចូលចិត្ត​ជាងគេ​។​
 
​ពេល​ត្រូវបាន​សួរ​អំពី​វីរបុរស​ក្នុង​កីឡា​ប្រយុទ្ធ​នេះ ស្រី​ខួច តប​ថា​៖ «​គឺ ចាន់ រតនា​។ ខ្ញុំ​ធ្លាប់​ហាត់​និង​មើល​ការប្រកួត​របស់គាត់​។ ខ្ញុំ​សរសើរ​ឆន្ទៈ​ចង់​ឈ្នះ​របស់គាត់​។ គាត់​មិន​ខ្លាច​ហត់​ទេ គាត់​គិតតែ​ខំប្រឹង​។ លើសពីនេះ គាត់​ពូកែ​ចាប់​កាច់​។ គាត់​មាន​ឆន្ទៈ​ខ្លាំងណាស់​។ ខ្ញុំ​សរសើរ​គាត់​មែនទែន​»​។​

៣-  នាង​ចូលចិត្ត​ច្រៀង​
 
​ក្រៅពី​ស្ដាប់​ចម្រៀង ស្រី​ខួច ក៏​ចូលចិត្ត​ច្រៀង​ដែរ ដូច នៅ ស្រី​ពៅ ដែរ​។​
 
​ស្រី​ខួច ទម្លាយ​ថា​៖ «​ក្រៅពី​វ៉ៃ ខ្ញុំ​ចូលចិត្ត​ច្រៀង​បទ​ចម្រៀង​ពី​ដើមៗ​។ ស្រី​ពៅ និង​ខ្ញុំ គឺ​ដូចគ្នា​។ ពួកយើង​ចូលចិត្ត​ច្រៀង​។ នៅពេល​ច្រៀង ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ធូរ​អារម្មណ៍​។ តែ​ខាង​ធ្វើ​ម្ហូប​វិញ ចប់​ហើយ​ខ្ញុំ​។ ខ្ញុំ​មិនចេះ​ធ្វើ​ម្ហូប​ទេ​»៕
 

Tag:
 ONE Championship
  វី ស្រី​ខួច
© រក្សាសិទ្ធិដោយ thmeythmey.com