ជាតិ
គជប ជ្រើសរើស​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩ ជាង ៣​ពាន់​នាក់
24, Mar 2019 , 2:29 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រកាស​ជ្រើសរើស​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ១,៦៤៦ ក្រុម ស្មើនឹង ៣,២៩២​នាក់ ជាម​ន្ត្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី ដើម្បី​បម្រើ​ការងារ​នៅតាម​ឃុំ​សង្កាត់​ចំណុច​រាជធានី​-​ខេត្ត​។ ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ជាង ៣​ពាន់​នាក់​នេះ នឹងត្រូវ​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩​។


 
​បើតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បេក្ខជន​ទាំង ៣,២៩២​នាក់ នឹងត្រូវ​ជ្រើសរើស​លើ​មុខតំណែង​ចំនួន​២ គឺ ប្រធាន​ក្រុម​ចុះឈ្មោះ​បោះឆ្នោត និង​សមាជិក​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​។ បេក្ខជន​ដែល​បានជ្រើសរើស​ទាំងអស់ នឹង​ក្លាយជា​មន្ត្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី ដើម្បី​បម្រើ​ការងារ​នៅតាម​ឃុំ​សង្កាត់​ចំណុច​រាជធានី​-​ខេត្ត សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩​។​
 
​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​បម្រើ​ការងារ​តាម​មុខតំណែង​ខាងលើ អាច​ស្វែងរក​សេចក្ដីជូនដំណឹង ពី​ការប្រឡង​ជ្រើសរើស​, លក្ខខណ្ឌ​ជ្រើសរើស និង​ការដាក់​ពាក្យ ដែល​បិទ​ផ្សាយ​ចាប់ពី​ថ្ងៃទី ២៨ មីនា នៅតាម​សាលាឃុំ​-​សង្កាត់ និង​ទីកន្លែង​សាធារណៈ​ក្នុង​ឃុំ​-​សង្កាត់​។​
 
​សម្រាប់​ពាក្យសុំ​ប្រឡង​ចូល​បម្រើ​ការងារ នឹង​ចែកជូន​ឥតគិតថ្លៃ នៅតាម​សាលាឃុំ​-​សង្កាត់​នានា​។ គជប នឹង​ចាប់ផ្ដើម​ចែក​ពាក្យ និង​ទទួល​ពាក្យសុំ​ប្រឡង​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ៧​ព្រឹក​។ ដោយឡែក​ពាក្យសុំ​ប្រឡង នឹង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី ៤ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥៖៣០​នាទី​ល្ងាច​។ នេះ​បើតាម​សច​ក្ដី​ជូនដំណឹង​ដដែល​៕
 

Tag:
 គជប​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com