អន្តរជាតិ
ឥណ្ឌូណេស៊ី​ចាប់ខ្លួន អ្នកដំណើរ​ក្លែងបន្លំ​ជា​អ្នកបើក​យន្តហោះ​អាកាសចរណ៍ Garuda
24, Mar 2019 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ប៉ូលិស​ឥណ្ឌូណេស៊ី បាន​ចាប់ខ្លួន  អ្នកបើក​យន្តហោះ​ក្លែងក្លាយ​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Garuda នៅ អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ Soekarno-Hatta ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Jakarta Post​។ 

 
​អ្នកបើកបរ​ក្លែងក្លាយ​រូបនេះ​ឈ្មោះ Alvin Adithya Darmawan ។ រូបគេ​បាន​ពាក់​សម្លៀកបំពាក់ ក្រុមហ៊ុន អាកាសចរណ៍ Garuda នៅពេលដែល​ខ្លួន​បាន​ចូល​កន្លែង​ត្រួតពិនិត្យ​អ្នកដំណើរ (Check In) នៅ​ម៉ោង ១១:៤០ នាទី កាលពី​ថ្ងៃទី​២២ ខែមីនា​។ លោក Victor Togi Tambunan ស្នងការ​ប៉ូលីស​ប្រចាំ​ព្រលាន Soekarno-Hatta បាន​ប្រាប់​ឲ្យ​ដឹងថា ក្រៅពី​ស្លៀក​សម្លៀកបំពាក់ ក្រុមហ៊ុន Garuda គេ​ក៏មាន​កាត​នាវិក​យន្តហោះ Garuda ផងដែរ​។ 
 
​លោក Victor បាន​បន្ថែមទៀតថា ពេល​អ្នកបើក​យន្តហោះ Garuda បាន​និយាយ ជាមួយ បុរស ក្លែងក្លាយ រូបនេះ គេ​បាន​ឆ្លើយ​ទាំង​ចម្លើយ​មិន​ច្បាស់លាស់​។ អ្នកបើក​យន្តហោះ Garuda ក៏បាន​សង្ស័យ​រួច បាន​ជូនដំណឹង​ទៅ​សន្តិសុខ​ហោះហើរ​នៅ​ជិត​កន្លែង​ត្រួតពិនិត្យ​អ្នកដំណើរ​។ 
 
​ប្រធាន​អង្គភាព​ស៊ើបអង្កេត​ព្រហ្មទណ្ឌ លោក James Hasudungan Hutajulu បាន​និយាយថា បុរស​ក្លែងក្លាយ​ឈ្មោះ Alvin គឺជា​អ្នកដំណើរ​ជើងហោះហើរ Garuda ទៅកាន់​ទីក្រុង Semarang ខេត្ត Central Java​។ 
 
​អ្នកបើក​យន្តហោះ ក្លែងក្លាយ​រូបនេះ បាន​សារភាពថា គេ​មានបំណង​ក្លាយជា​អ្នកបើក​យន្តហោះ ហើយ​រូបគេ បានបញ្ចប់​ថ្នាក់​វិទ្យាល័យ និង​បាន​ប្រឡង​ចូល​មហាវិទ្យាល័យ​អាកាសចរណ៍ តែ​ធ្លាក់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com