កីឡាជាតិ
ជាតិ
កម្ពុជា នឹង​សង់​ភូមិ​កីឡា ដើម្បី​ទទួល​ប្រតិភូ​កីឡា​មកពី​តំបន់​អាស៊ាន នៅ​ឆ្នាំ​២០២៣
24, Mar 2019 , 9:59 pm        
រូបភាព
ប្លង់គំរូពហុកីឡដ្ឋានជាតិមរតកតេជោ
ប្លង់គំរូពហុកីឡដ្ឋានជាតិមរតកតេជោ
ដោយ:
​រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័ត​ឲ្យ​ថ្នាក់ដឹកនាំ​កីឡា​សាងសង់​ភូមិ​កីឡា  នៅក្នុង​បរិវេណ     ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ត្រៀម​ទទួល​ប្រតិភូ​កីឡា​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់ ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ គម្រោង​នេះ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​រាជរដ្ឋាភិបាល​មិនទាន់​បង្ហាញ​ខ្ទង់ចំណាយ​នៅឡើយ​។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បញ្ជាក់ថា ភូមិ​កីឡា នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​កម្ពុជា ទាំង​បញ្ហា​សន្តិសុខ និង​ការចំណាយ​ជាដើម​។

 
​កម្ពុជា នឹងមាន​ភូមិ​កីឡា​មួយ នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។  
 
​តាម​លោក វ៉ា​ត់ ចំរើន គម្រោង​សង់​ភូមិ​កីឡា​នេះ ត្រូវបាន​រាជ​រដ្ឋា​បាល​កម្ពុជា​អនុម័ត​រួចហើយ ដោយ​ការសាងសង់​ត្រូវ​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៩​នេះ​។ តែ​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល មិនទាន់​បញ្ជាក់​ពី​ទំហំ​ផ្ទៃដី​សម្រាប់​សង់ និង​ខ្ទង់ចំណាយ​នៅឡើយ​។​
 
​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បន្ថែមថា ការសាងសង់​ភូមិ​កីឡា គឺ​ដើម្បី​ជួយ​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រតិភូ​កីឡា ក៏ដូចជា​កីឡាករ​កីឡាការិនី ពិសេស​បង្ក​ភាពងាយស្រួល​ដល់​ម្ចាស់ផ្ទះ ក្នុងការ​គ្រប់គ្រង​កីឡាករ និង​កាត់បន្ថយ​ការចំណាយ​ជាដើម​។ លោក វ៉ាត ចំរើន បញ្ជាក់​ដូច្នេះ​៖«​នៅក្នុង​គោលការណ៍​របស់​អូឡាំពិក​អន្តរជាតិ ក៏ដូចជា​ចលនា​អូឡាំពិក​អន្តរជាតិ បានដាក់​គោលដៅ​ឲ្យ​ប្រទេស​ជា​ម្ចាស់ផ្ទះ ត្រូវតែមាន​ភូមិ​កីឡា គឺ​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេស​សុវត្ថិភាព​។ ព្រោះ​វា​មាន​ប្រវត្តិ​មួយ ពេល​ប្រកួត​កីឡា​អូឡាំពិក​នៅ​អាល្លឺម៉ង់ ក្រោយ​សង្គ្រាមលោកលើកទី​២ គឺមាន​ការ​ឈ្លោះ និង​បាញ់​គ្នា រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល ដោយពេល​នោះ​ពួក​ប៉ា​ឡេ​ស្ទី​ន បាន​បាញ់សម្លាប់​កីឡាករ​អ៊ីស្រាអែល​ទាំងអស់ តែម្តង​នៅ​សណ្ឋាគារ​»​។ 
 
​លោក វ៉ា​ត់ ចំរើន បន្តទៀតថា ភូមិ​កីឡា​គ្រប់គ្រង​ដោយ​សន្តិសុខ ដែល​ចេញចូល​ត្រូវមាន​កាត ងាយ​គ្រប់គ្រង ចូលរួម​ប្រកួត​ទាន់ពេលវេលា និង​អាច​ត្រួតពិនិត្យ​កាល់​ឡូរី​អាហារ​ហូបចុក​របស់​កីឡាករ​ទៀតផង​។​
 
​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានដាក់​គោលដៅ​ឈរ​លេខ​រៀង​ទី​៥ ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣ ដោយ​ត្រូវ​ឈរលើ​ហ្វីលីពីន សិង្ហ​បុរី ព្រុយ​ណេ ឡាវ និង​ទី​ម័​រ​ខាងកើត​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ បាន​បន្ថែមថា ដើម្បី​សម្រេច​គោលដៅ​នេះ លុះត្រា​កម្ពុជា អាច​ដណ្តើមបាន​មេដាយមាស​លើសពី​៥០​។ 
 
​មុន​ធ្វើ​ម្ចាស់ផ្ទះ​កម្ពុជា ត្រូវ​ឆ្លង​ការប្រកួត​ធំៗ​ចំនួន​៣ គឺ​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ឆ្នាំ​២០១៩, ស៊ី​ហ្គេម​នៅ​វៀតណាម ឆ្នាំ​២០២១ និង Asia Games នៅ​ចិន ឆ្នាំ​២០២២​។ លោក វ៉ា​ត់ ចំរើន បញ្ជាក់ថា ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ទាំងបី​នេះ គឺជា​ការវាយតម្លៃ​ចុងក្រោយ​ពី​បច្ចេកទេស និង​សមត្ថភាព​របស់​កីឡាករ កីឡាការិនី​កម្ពុជា​។ ក្រោយ Asian Games នៅ​ចិន​ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​វាយតម្លៃ​ពី​ចំនួន​មេដាយ និង​ចំណាយ​ថ្នាក់​នៅ​ឆ្នាំ​២០២៣៕  

Tag:
 SEA Games 2023
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com