ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អភិបាលក្រុងសៀមរាបថ្មី សន្យារៀបចំការប្រមូលសំរាមឱ្យមានរបៀបឡើងវិញ
× សៀមរាប៖ ជារឿយៗ គេតែងឮពីការរអ៊ូរទាំរបស់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ចំពោះភាពយឺតយ៉ាវក្នុងការប្រមូលសំរាម ដែលបង្កឱ្យមានក្លិនស្អុយអសោចិ៍ ជះក្លិនមិនល្អដល់បរិស្ថានជុំវិញ។ យ៉ាងណាក៏ដោយ អាជ្ញាធរពន្យល់ថា ភាពយឺតយ៉ាវនេះ ដោយសារកម្លាំងរបស់ក្រុមហ៊ុនប្រមូលសំរាមនៅមានកម្រិត ដោយនៅបន្តអនុវត្តន៍តាមកិច្ចសន្យាចាស់។ ថ្មីៗនេះអភិបាលក្រុងសៀមរាបថ្មី បានឱ្យដឹងថា រដ្ឋបាលលោកទើបនឹងអនុវត្តន៍គោលការណ៍ និងកិច្ចសន្យាថ្មី ជាមួយក្រុមហ៊ុនប្រមូលសំរាម ក្នុងនោះក៏មានការបង្កើនក្រុមហ៊ុនផងដែរ ដោយលោកជឿជាក់ថា ផែនការថ្មីនេះ នឹងអាចកែលម្អការប្រមូលសំរាម ក្នុងក្រុងទេសចរណ៍មួយនេះ ឱ្យមានប្រសិទ្ធភាពល្អឡើងវិញ។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ដោយសារកំណើនភ្ញៀវទេសចរ អាហារដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារជាដើម បានធ្វើឱ្យក្រុងសៀមរាបមានសំរាមច្រើន រីឯការប្រមូលហាក់មិនទាន់ឆ្លើយតបនៅឡើយ។ បញ្ហានេះបានកើតឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បង្កើតជាការមិនពេញចិត្តពីប្រជាពលរដ្ឋ ហើយក៏បង្កើតជារូបភាពមិនល្អក្នុងក្រសែភ្នែកភ្ញៀវទេសចរផងដែរ។ ដើម្បីកែលម្អបញ្ហារសើបនេះ រដ្ឋបាលក្រុងសៀមរាប កំពុងរៀបចំផែនការគ្រប់គ្រងសំរាមជាថ្មី ក្នុងនោះបានបន្ថែមក្រុមហ៊ុនប្រមូលសំរាមមួយបន្ថែមទៀត ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាពល្អ។
អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា បានឱ្យដឹងថា បញ្ហាបរិស្ថានគឺជាអ្វីដែលរដ្ឋបាលរបស់លោកកំពុងយកចិត្តទុកដាក់ខ្ពស់ និងកំពុងរៀបចំផែនការថ្មីសម្រាប់កែលម្អផងដែរ ក្នុងនោះបានជ្រើសរើសក្រុមហ៊ុនប្រមូលសំរាម២ ដោយមួយប្រមូលនៅខាងកើតស្ទឹង និងមួយទៀតនៅខាងលិចស្ទឹង។ បើតាមការពន្យល់របស់លោកអភិបាលក្រុង ហេតុផលកន្លងមកព្រោះថា មានក្រុមហ៊ុនតែមួយ និងអនុវត្តន៍តាមកិច្ចសន្យាចាស់ កាលពីក្រុងសៀមរាបនៅមិនទាន់រីកចម្រើន។ បច្ចុប្បន្ន ក្រុងសៀមរាបមានការអភិវឌ្ឍ ពិសេសគឺកំណើនទេសចរ ផ្ទះសំណាក់ អាហារដ្ឋាន និងសណ្ឋាគារ ដែលចង់មិនចង់វាបានបង្កើនសំរាមទ្វេដង។
ផែនការថ្មីគ្រប់គ្រងការប្រមូលសំរាមនេះដែរ បានរៀបចំកិច្ចសន្យាថ្មី មានទាំងការបង្កើនរថយន្ត ក៏ដូចជាពង្រីកផ្លូវសម្រាប់ប្រមូលផងដែរ។ សាលាក្រុងសៀមរាប បានធ្វើកិច្ចសន្យាសាកល្បងចំពោះក្រុមហ៊ុនទាំង២ ក្នុងការប្រមូលសំរាម ប្រសិនណាការប្រមូលបានល្អប្រសើរ នោះសាលាក្រុងនឹងបន្តកិច្ចសន្យាដល់ក្រុមហ៊ុនទាំងនោះ។
ក្រៅពីបង្កើនក្រុមហ៊ុនប្រមូលសំរាមថ្មីហើយនោះ ក្នុងនោះដែររដ្ឋបាលក្រុងសៀមរាប ក៏មានបំណងឱ្យសង្កាត់នីមួយៗរបស់ខ្លួន ម្ចាស់ការគ្រប់គ្រងកាកសំណល់ទាំងនោះផងដែរ។ ការជាការសាកល្បងនៅឆ្នាំនេះ ក្រុងបានធ្វើប្រតិភូកម្មថវិកាដល់សង្កាត់សាលាកំរើក ដើម្បីឱ្យមានសមត្ថភាពក្នុងការរៀបចំបរិស្ថានដោយខ្លួនឯង ហើយទៅអនាគតប្រសិនណាគម្រោងនេះជោគជ័យ ក្រុងនឹងដាក់សំណើរអនុវត្តន៍គម្រោងនេះតែម្ដង។ នេះជាការលើកឡើងរបស់លោក នួន ពុទ្ធារ៉ា។
ក្រោយពីបានរៀបចំការកែលម្អបរិស្ថាន និងផែនការប្រមូលសំរាមរួចមក លោកអភិបាលក្រុងសៀមរាបមានសុទិដ្ឋិនិយមថា បរិស្ថានក្នុងក្រុងសៀមរាបនឹងល្អប្រសើរ ស័ក្ដិសមជាក្រុងទេសចរណ៍របស់កម្ពុជា។ លោក នួន ពុទ្ធារ៉ា ក៏សុំឱ្យប្រជាពលរដ្ឋមានការចូលរួមក្នុងការងារនេះដែរ។ ទាក់ទងនឹងបញ្ហាសំរាមនេះ ខេត្តសៀមរាប ក៏កំពុងពិចារណាអភិវឌ្ឍន៍ទីលានចាក់សំរាមបច្ចុប្បន្ន ដែលស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដើម្បីឱ្យក្រុមហ៊ុនបរទេសវិនិយោគ ទៅជាថាមពលអគ្គិសនី និងជីជាដើម។ ក្រៅពីនេះ រដ្ឋបាលក្រុងក៏កំពុងពិចារណា ដើម្បីឱ្យមានចុះអប់រំពលរដ្ឋ ចេះទុកដាក់ និងញែកសំរាម ឱ្យបានត្រឹមត្រូវផងដែរ ហើយអ្នកដែលធ្វើបាន នឹងទទួលបានការលើកទឹកចិត្តដូចជាការបញ្ចុះតម្លៃ ឬមិនបង់ថ្លៃសំរាមក្នុងរយៈពេលមួយផងដែរ៕
Tag:
សំរាម
សៀមរាប
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com