សង្គមអន្តរជាតិ​
អន្តរជាតិ
ខាង​ស្រី​យល់ព្រម​រៀបការ​ក្រោយ​មើលចិត្ត​គ្នា​អស់​រយៈពេល​៤២​ឆ្នាំ​
25, Mar 2019 , 8:29 am        
រូបភាព
ដោយ: ធីតា
​ការតស៊ូ​ព្យាយាម​គង់​បានសម្រេច​។ អស់​រយៈពេល​៤​ទសវត្សរ៍​ទៅហើយ ពោលគឺ​ក្នុង​១​ឆ្នាំ​ម្តង លោក Colin Jones បាន​សុំ​មិត្តស្រី​ខ្លួន រៀប​អាពាហ៍ពិពាហ៍ ប៉ុន្តែ​កញ្ញា Pauline Young តែងតែ​បដិសេធ​។ ទីបំផុត ចម្លើយ​យល់ព្រម​បាន​ចេញពី​មាត់​ខាង​ស្រី ខណៈដែល​ពួកគាត់​មាន​វ័យ​ជាង​៧០​ឆ្នាំ​រៀងខ្លួន​ទៅហើយ​។​

 
​ក្នុង​វ័យ​៧៤​ឆ្នាំ លោក Colin អះអាងថា គាត់​ត្រេកអរ​សឹងតែ​ធ្លាក់​ពីលើ​គ្រែ នៅពេលដែល​សង្សា​វ័យ​៧២​ឆ្នាំ​របស់គាត់​ប្រាប់ថា យល់ព្រម​រៀបការ​ជាមួយ​ខ្លួន​។ ពួកគាត់​បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​ទិវា​នៃ​ក្តី​ស្រឡាញ់​កន្លងមក​នៅ​វិហារ Saint-Georges ក្រុង Telford ប្រទេស​អង់គ្លេស​។​
 
​ក្រោយ​រៀបការ​រួច លោក Colin បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​បទ​សម្ភាស​មួយ​ថា​៖ «​ខ្ញុំ​មិន​នឹកស្មាន​ដល់​សោះ​ថា យើង​មាន​ថ្ងៃនេះ​»​។ លោក​បាន​បញ្ជាក់ថា ពួក​បា​គាត់​ជួបគ្នា​លើកដំបូង​នៅ​ឆ្នាំ​១៩៧៦​។​


 
​តាមពិតទៅ ពួកគាត់​ធ្លាប់មាន​ប្រវត្តិ​រៀបការ និង​មានកូន​រៀងៗ​ខ្លួន (​សរុប​ទាំងសងខាង​៥​នាក់​)​។ ពួកគាត់​បាន​ជួបគ្នា នៅពេលដែល​យក​កូន​ទៅលេង​កន្លែង​ក្មេង​លេង (Playground) មួយ​នៅ​ក្រុង South East​។​
 
​ក្រោយ​មានចិត្ត​ស្រឡាញ់គ្នា​ទៅវិញ ទៅមក ពួកគាត់​បាន​ផ្លាស់​ទៅ​រស់នៅ​ក្រុង Newtown ខេត្ត Powys ប្រទេស​វេ​លស៍ និង​បើក​អាជីវកម្ម​រួមគ្នា​មួយ ដោយ​ដាក់ឈ្មោះថា «Young Jones»​។ ១៤​ឆ្នាំ​ចុង​ក្រោយនេះ ពួកគេ​បាន​ទៅ​រស់នៅ​ក្រុង Gozo ប្រទេស​ម៉ា​លត៍ ដោយ​បើក​អាជីវកម្ម​ផ្នែក​ភោជនីយដ្ឋាន និង​ស្នាក់នៅ B & B​។​


 
​ទោះបី​រស់នៅ​រួមគ្នា និង​ធ្វើការ​ជាមួយគ្នា​រាល់ថ្ងៃ​ក៏ដោយ លោក Jones តែងតែ​រង់ចាំ​ចម្លើយ «OK» ជានិច្ច​ពី​លោកយាយ Pauline ពោលគឺ​រង់ចាំ​រហូតដល់​ទៅ​៤២​ឆ្នាំ​។ ទីបំផុត​លោកយាយ Pauline បាន​យល់ព្រម​ពាក់ចិញ្ចៀន​អាពាហ៍ពិពាហ៍ ខណៈដែល​ស្ថានភាព​ជំងឺ​របស់​លោកយាយ​កាន់តែ​ដុនដាប​។ 
 
​អាពាហ៍ពិពាហ៍​គូស្នេហ៍​វ័យ​ចំណាស់​មិនមាន​ការទទួល​តាមផ្លូវ​ច្បាប់​ជា​ផ្លូវការ​នោះឡើយ ប៉ុន្តែ​ខាង​ព្រះវិហារ បានរៀបចំ​ពិធី​ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​យ៉ាង​ត្រឹមត្រូវ​។​


 
​បច្ចុប្បន្ន លោកយាយ Pauline ស្ថិតនៅក្រោម​ការព្យាបាល​នៅ​មណ្ឌល​ថែរក្សា​អ្នកជំងឺ​មួយកន្លែង​នៅ​ក្រុង Telford ដោយសារតែ​គាត់​មាន​ជំងឺ​សរសៃ​ដើរ​យឺត និង​ញ័រ​ដៃជើង​។ លោកតា Colin ដែល​ត្រូវ​មើល​អាជីវកម្ម​របស់ខ្លួន​នៅ Gozo បានរៀបចំ​កាលវិភាគ​ដ៏​ច្បាស់លាស់ ដោយ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​ភរិយា ស្ទើរ​រៀងរាល់​សប្តាហ៍​។​
 
​តាម​ការផ្សាយ​របស់ Daily Mail លោកតា Colin បាន​បញ្ជាក់ថា​៖ «​ពួកយើង​ស្រឡាញ់​ការងារ​មុខ​ជំនួញ​ខ្លាំងណាស់ ប៉ុន្តែ​សុខភាព​របស់ Pauline មិនសូវ​អំណោយផល​នោះឡើយ​»​។ គេ​មិនដឹង​ស្ថានភាព​ជំងឺ​លោកយាយ Pauline នឹងមាន​ការប្រែប្រួល​បែបណា​នោះឡើយ ប៉ុន្តែ​គូស្នេហ៍​ចំណាស់​ទាំងពីរ​រំពឹងថា នឹងមាន​ឱកាស​រស់នៅ​ដោយ​រីករាយ​ជាមួយគ្នា​នៅ​ក្រុង Gozo ជាមួយ​អាជីវកម្ម​ដែល​ពួកគាត់​បើក​រួមគ្នា​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​៕
 

Tag:
 អាពាហ៍ពិពាហ៍​
© រក្សាសិទ្ធិដោយ thmeythmey.com