ជាតិ
មនុស្ស​ម្នាក់​ស្លាប់ អគារ និង​ផ្ទះ​ពលរដ្ឋ​សរុប​ជាង​៥០០​ខ្នង​ខូចខាត​ដោយសារ​គ្រោះធម្មជាតិ
24, Mar 2019 , 6:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
​ភ្នំពេញ​៖ ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ មាន​មនុស្ស​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត​របួស​ដោយសា​រ​រន្ទះបាញ់​។  ចំណែកឯ​ខ្យល់​កន្ត្រាក់ ក៏បាន​ធ្វើ​ឲ្យ​អគារ និង​ផ្ទះ​ជាង​៥០០​ខ្នង​ខូចខាត​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​នេះ​។ លោក​បញ្ជាក់ទៀតថា តាំងតែ​ពី​ដើមឆ្នាំ មកដល់​បច្ចុប្បន្ន គ្រោះមហន្តរាយធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​បានកើត​ឡើង​ចំនួន ២៩​លើក​ក្នុង​ខេត្ត​ចំនួន ១៣​។​

 
​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​ក្នុង​ត្រីមាស​ទី​១​នេះ គ្រោះមហន្តរាយ​បានកើត​ឡើង​ចំនួន ២៩​លើក ដែល​បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៩៥​ខ្នង​ខូចខាត​ធ្ងន់ធ្ងរ​, ផ្ទះ​ចំនួន ៤៤០​ខ្នង​របើក​ដំបូលផ្ទះ​និង​ខូចខាត​មធ្យម​, របើក​ដំបូល​សាលា​ចំនួន ៩​អាគារ​, បាក់​ខ្លោងទ្វារ​សាលា​ចំនួន ១, ខូចខាត​តូប​មាត់​ឆ្នេរ​ចំនួន ៩៥​តូប និង​រន្ទះបាញ់​ស្លាប់ ១​នាក់ រងរបួស​២​នាក់​»​។  
 
​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​នេះ បាន​កើតឡើង​ក្នុង​ខេត្ត​ចំនួន ១៣ រួមមាន​៖ ខេត្តពោធិ៍សាត់​, បាត់ដំបង​, ប៉ៃលិន​, បន្ទាយមានជ័យ​, ឧ​ត្ត​រ​មានជ័យ​, ព្រះវិហារ​, រតនគិរី​, កែប​, ព្រះសីហនុ​, កោះកុង​, ព្រៃវែង​, ស្វាយរៀង និង​ខេត្តកំពង់ស្ពឺ​។ បើតាម​លោក កែវ វី គ្រោះធម្មជាតិ​នៅក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​ច្រើនជាង​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​២០១៨​។ 
 
​សូមបញ្ជាក់ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ជាពិសេស​ខ្យល់​កន្ត្រាក់ ដែល​កើតមាន​ក្នុង​ភ្លៀង​កក់ខែ​ផងដែរ​៕ 
 

Tag:
 អាកាសធាតុ​
  ខ្យល់​កន្ត្រាក់​
  រន្ទះបាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com