ជាតិ
ដើមឆ្នាំ​២០១៩ រដ្ឋាភិបាល​ចំណាយ​ជិត​១០០​លាន​ដុល្លារ សម្រាប់​ផ្ដល់​សំណង​លើ​ផលប៉ះពាល់​នៃ​គម្រោង​សាងសង​
24, Mar 2019 , 6:39 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​៣​ខែ នៅ​ដើមឆ្នាំ​២០១៩​នេះ រដ្ឋាភិបាល បាន​ចំណាយ​ថវិកា​ជិត​១០០​លាន​ដុល្លារ​ហើយ សម្រាប់​ផ្តល់​សំណង​លើ​ផលប៉ះពាល់ នៃ​គម្រោង​សាងសង់​នានា នៅក្នុង​ប្រទេស​កម្ពុជា​។​

 
​ថ្លែង​ក្នង​ពិធីបើកការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ កាលពី​ថ្ងៃទី​២២ មីនា សម្ដេច ហ៊ុន សែន បាន​និយាយថា ថវិកា​ទាំងនោះ គឺ​យកទៅ​ផ្តល់​សំណង​ថ្លៃ​អភិវឌ្ឍ ដែល​ប៉ះចំ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ នៅតាម​គម្រោង​ទាំងនោះ​។ ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន បាន​ពន្យល់ថា បើ​គម្រោង​មួយ អភិវឌ្ឍ​អស់​១០០​លាន​ដុល្លារ​នោះ ដូច្នេះ​រាជរដ្ឋាភិបាល​ត្រូវ​ចេញ​ថវិកា ចំនួន​៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​បដិភាគ​ជាមួយ​ក្រុមហ៊ុន ក្នុងការ​ចេញថ្លៃ​សំណង​ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ 



 
« គ្រាន់​ដើមឆ្នាំ​នេះ មិនទាន់​គ្រប់​បី​ខែ​ផង ខ្ញុំ​ហត្ថលេខា​ចេញ​ថវិកា​ប្រមាណ​ជិត ១០០​លាន​ដុល្លារ​អាមេរិក យកទៅ​ធ្វើ​ថវិកាបដិភាគ​ផ្លូវ​មួយ​ខ្សែ​។ កន្លែង​ខ្លះ​៣​លាន កន្លែង​ខ្លះ​៥​លាន កន្លែង​ខ្លះ​៦​លាន ជីក​ប្រឡាយទឹក​ឱ្យ​គាត់​ហើយ​ត្រូវ​ទិញ​ដី​គាត់​ថែមទៀត ត្រូវ​ចេញ​លុយ​ជិត​១០០​លាន​ដុល្លារ អ៊ីចឹង​បានជា​ខ្ញុំ​និយាយថា ដើម្បី​អភិវឌ្ឍ​គម្រោង​មួយ​បាន​ចាំបាច់​ត្រូវតែមាន​ទុន​ក្នុង​ដៃ​ធ្វើ​ថវិកាបដិភាគ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​និយាយ​បែបនេះហើយ ប្រមុខ​រដ្ឋាភិបាល​រូបនេះ មិន​ភ្លេច​លើក​ពី​គុណសម្បត្តិ​ខ្លួន ក្នុងការ​ដឹកនាំ​ប្រទេស​ឡើយ​។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ការអភិវឌ្ឍ​ប្រទេស​បច្ចុប្បន្ននេះ បានមក​ដោយសារ​ការ​ខិតខំ​របស់​រដ្ឋាភិបាល ក្នុងការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​គិតគូ​ពី​ប្រយោជន៍​ជាតិ​៕

Tag:
 ហ៊ុន សែន​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com