ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ ករណី​បាញ់សម្លាប់​នៅខេត្តព្រៃវែង ស្មើនឹង​ការបំបាត់​ភស្តុតាង​
25, Mar 2019 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពី​ពិធី​ចែក​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​២៥ មីនា សម្ដេច​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន ជនល្មើស​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​បុរស​ម្នាក់នៅខេត្តព្រៃវែង ដែល​ត្រូវគេ​ចោទថា ជា​ចោទ​លួច​ឡាន ។​

 
​ករណី​បាញ់សម្លាប់​នេះ នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ម្នាក់ ក៏មាន​មន្ត្រីនគរបាល​ម្នាក់ ត្រូវបាន​ចាប់ខ្លួន និង​ម្នាក់ទៀត​កំពុង​រត់គេច ។ សមត្ថកិច្ច​ដែល​ត្រូវបាន​ចាប់ខ្លួន ដោយសារ​ការបាញ់សម្លាប់​បុរស​ម្នាក់​នោះ គឺជា​កូន​មេ​នគរបាល​ខេត្តព្រៃវែង​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី​។​
 
​ចំពោះ​ការបាញ់សម្លាប់​នេះ សម្ដេច ហ៊ុន សែន ចាត់ទុកជា​ទង្វើ​ខុសច្បាប់ ដែលជា​សកម្ម​ភាពមិន​គួរ​គប្បី​ឡើយ​។ សម្រាប់​សម្ដេច ហ៊ុន សែន ករណី​បាញ់សម្លាប់​គេ ស្មើនឹង​ការបំបាត់​ភស្តុតាង​។​
​កាលពី​ថ្ងៃទី​២៣ ខែមីនា មាន​កម្លាំង​នគរបាល និង​អាវុធហត្ថ​ជាច្រើន​នាក់ បាន​ដេញតាម​រថយន្ត​មួយ គ្រឿង នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដោយ​សមត្ថកិច្ច​អះអាងថា ជា​ជនសង្ស័យ​ក្នុង​អំពើ​លួច​រថយន្ត​ចេញពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្តព្រៃវែង ហើយ​ត្រូវបាន​ម្ចាស់​រថយន្ត​ប្តឹង​មក​សមត្ថកិច្ច ។ ភ្លាមៗ​នោះ​សមត្ថកិច្ច ក៏បាន​សម្លាប់​បុរស​អ្នកបើកបរ​នោះ​តែម្ដង​។

ក្រៅពី​ករណី​បាញ់សម្លាប់ ក៏មាន​ករណី​កូនប្រុស​របស់​មេបញ្ជាកា​រ​អាវុធហត្ថ​ខេត្តក្រចេះ​ ដែលបានវាយ និង​ភ្ជង់​កាំភ្លើង​លើ​បុរសម្នាក់ផងដែរ។ ករណីនេះ កើតឡើង​នៅ​ថ្ងៃទី​១៩ ខែមីនា  នៅ​ទីតាំង​ហ្គេម​អន​ឡាញ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។ ចំពោះករណីទាំងនេះ ប្រមុខរដ្ឋាភិបាល បានព្រមានចាត់វិធានការលើអ្នកប្រព្រឹត្តខុសទាំងនោះ ហើយបើឪពុកដែលមានបុណ្យសក្តិធំនោះ ហ៊ានលូកដៃមានការអន្តរាគមន៍នោះ សម្ដេច ដកតំណែងពួកគេចេញភ្លាម៕

Tag:
 ហ៊ុន សែន​
  សម្លាប់​
© រក្សាសិទ្ធិដោយ thmeythmey.com