អន្តរជាតិ
លោក ត្រាំ មិនបានពាក់ព័ន្ធក្នុងសំណុំរឿងរុស្ស៊ីជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ២០១៦ ឡើយ
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរួចផុតភ័យពីសំណុំរឿងដ៏ធំមួយដែលលងបន្លាចលោកតាំងពីការបោះឆ្នោតឆ្នាំ២០១៦ ។ នៅថ្ងៃទី២៤ ខែមីនា រដ្ឋមន្ត្រីយុត្តិធម៌ William Barr បានប្រាប់សភាអាមេរិកថា យុទ្ធនាការរបស់លោក ត្រាំ មិនបានចូលដៃចូលជើងជាមួយរុស្ស៊ីឡើយ។ ប៉ុន្តែក្រុមស៊ើបអង្កេតដឹកនាំដោយរដ្ឋអាជ្ញាពិសេសលោក Robert Mueller រកឃើញភស្តុតាងដែលបង្ហាញពីការលូកដៃរបស់លោក ត្រាំ ក្នុងដំណើរការយុត្តិធម៌។
រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក William Barr បានសរសេររបាយការណ៍មួយទៅកាន់សភាអាមេរិក ដែលបានសង្ខេបពីលទ្ធផលស៊ើបអង្កេតរបស់លោក Robert Mueller រយៈពេលជាងបីឆ្នាំមកនេះ។ របាយការណ៍ចុងក្រោយដែលគេរង់ចាំជាយូរមកហើយនោះ បង្ហាញថា មិនមានសមាជិកណាម្នាក់នៃក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ជាប់ពាក់ព័ន្ធ ឬធ្វើការជាមួយរុស្ស៊ីដែលធ្វើ្វឲ្យលោកឈ្នះឆ្នោតនោះឡើយ។
បើតាមរបាយការណ៍សង្ខេបដែលយោងតាមលទ្ធផលស៊ើបអង្កេតចុងក្រោយ លោក Barr អះអាងថា ក្រុមយុទ្ធនាការរបស់លោក ត្រាំ មិនបានសហការជាមួយរុស្ស៊ីដើម្បីលួចចូលកុំព្យូទ័ររបស់បក្សប្រជាធិបតេយ្យ និងចែករំលែកព័ត៌មានក្លែងបន្លំដើម្បីធ្វើឲ្យប៉ះពាល់ដល់លោកស្រី ហ៊ីឡារី គ្លីនតុន ដែលជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ។ លើសពីនោះ ក្រុមស៊ើបអង្កេតពិសេសក៏មិនបានស្នើឲ្យមានការចោទប្រកាន់អ្វីទៀតដែរ។
យ៉ាងណាមិញ ទោះជាទទួលស្គាល់ថា គ្មានការលូកលាន់របស់រុស្ស៊ីក្នុងការបោះឆ្នោតឆ្នាំ២០១៦ ក្ដី រដ្ឋមន្ត្រីយុត្តិធម៌អាមេរិកប្រកាសថា លោក Mueller មានភស្តុតាងជាក់លាក់ដែលលោក ត្រាំ បានបង្អាក់ដំណើរការយុត្តិធម៌ ប៉ុន្តែមិនច្បាស់ថា វាគ្រប់គ្រាន់ដើម្បីឈានទៅដល់ការស៊ើបអង្កេតករណីឧក្រិដ្ឋឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លិខិតលោក Barr បញ្ជាក់ថា របាយការណ៍ស៊ើបអង្កេតមិនសន្និដ្ឋានថា លោក ត្រាំ មានកំហុសឡើយ តែក៏មិនបានមានន័យថា លោកអត់ទោសដែរ។
ឆ្លើយតបនឹងរបាយការណ៍ស៊ើបអង្កេត លោក ត្រាំ ដែលអះអាងមិនដាច់ពីមាត់ពីភាពត្រឹមត្រូវរបស់ខ្លួនរហូតមកនោះ លើកឡើងតាម Twitter នៅថ្ងៃទី២៤ ខែមីនា ថា លោកមិនបានបង្អាក់ដំណើរការយុត្តិធម៌អ្វីទេ ហើយលោកក៏មិនមានទោសពៃរ៍អ្វីដែរ។ លោកបន្តថា វាជារឿងគួរឲ្យអៀនខ្មាស់ដែលអាមេរិកត្រូវហែលឆ្លងបែបនេះ ហើយចាត់ទុកជាការប៉ុនប៉ងផ្ដួលរំលំដែលបរាជ័យ។
លទ្ធផលស៊ើបអង្កេតនេះ ប្រៀបដូចជាការលើកអម្រែកចេញពីស្មារបស់លោក ត្រាំ ដើម្បីត្រៀមប្រជែងការពារតំណែងប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២០ ខាងមុខ។ នៅពេលនេះ នៅខាងបក្សប្រជាធិបតេយ្យឯណោះ សមាជិកបក្សនេះកាន់តែច្រើនប្រកាសចូលរួមដំណើរការជ្រើសរើសបេក្ខភាពប្រធានាធិបតីតំណាបក្ស ខណៈខាងសាធារណរដ្ឋវិញ នៅមិនទាន់មានការរំជើបរំជួលខ្លាំងឡើយ។
អ្វីគួរឲ្យគួរកត់សម្គាល់នោះ ស្របពេលការស៊ើបអង្កេតរបស់លោក Mueller ត្រូវចប់ ក៏សេតវិមានអាចធានាសុវត្ថិភាពបានដែរ។ បច្ចុប្បន្ន ក្រុមប្រជាធិបតេយ្យដែលកាន់រដ្ឋសភា កំពុងស៊ើបអង្កេតរដ្ឋបាលលោក ត្រាំ លើសំណុំរឿងដូចគ្នា ហើយមានបំណងពង្រីកវិសាលភាពធំជាងយុត្តាធិការរបស់រដ្ឋអាជ្ញាពិសេសទៅទៀត។ លើសពីនោះ ក្រុមប្រជាធិបតេយ្យក៏ចង់បានរបាយការណ៍ពេញលេញជាជាងអានត្រឹមរបាយការណ៍សង្ខេបរបស់លោក Barr ៕
Tag:
អាមេរិក
រុស្ស៊ី
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com