អន្តរជាតិ
ក្រុម​សង្កេតការណ៍​៖ ករណី​ទិញ​សន្លឹកឆ្នោត និងភាព​មិន​ប្រក្រតី​ច្រើន​កើតឡើង​ក្នុងការ​បោះឆ្នោត​ថៃ​
25, Mar 2019 , 11:03 am        
រូបភាព
មន្ត្រីបោះឆ្នោតបង្ហាញធុងឆ្នោតមុនការបោះឆ្នោតចាប់ផ្តើម (AFP)
មន្ត្រីបោះឆ្នោតបង្ហាញធុងឆ្នោតមុនការបោះឆ្នោតចាប់ផ្តើម (AFP)
ដោយ: ថ្មីៗ
 ស្ថាប័ន​សង្កេតការណ៍​បោះឆ្នោត​ថៃ​បាន​អះអាងថា  ករណី​ទិញ​សន្លឹកឆ្នោត​នៅ​ថៃ​កើតឡើង​ដោយ​ចំហ​ពាសវាល​ពាសកាល ហើយ​ករណី​មិន​ប្រក្រតី​កើតឡើង​ច្រើន​ទូទាំងប្រទេស​ដែរ​។  ការចោទប្រកាន់​ពី​ការទិញ​សន្លឹកឆ្នោត​នេះ​ត្រូវបាន​ធ្វើឡើង ស្រប​ពេលដែល​លទ្ធផល​មិន​ផ្លូវការ​នៃ​ការបោះឆ្នោត​សាកល​បង្ហាញថា គណបក្ស​គាំទ្រ​ក្រុម​យោធា កម្លាំង​ប្រជារាស្ត្រ ទទួលបាន​សំឡេង​ច្រើន​នាំមុខគេ​ថែមទៀត​។


 
​វេទិកា​បើកចំហ​សម្រាប់​ការកសាង​ប្រជាធិបតេយ្យ (P-Net) ដែលជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​របស់​ថៃ​បាន​ចេញមុខ​អះអាងថា ខ្លួន​នៅ​ស្ទាក់​ស្ទើរនឹង​ទទួលស្គាល់ថា ការបោះឆ្នោត​ថ្ងៃ ២៤ ខែមីនា វា​សេរី​និង​យុត្តិធម៌​។ តំណាង​ស្ថាប័ន​នេះ​ចោទប្រកាន់​ជា​ចំហ​ថា ការទិញ​សន្លឹកឆ្នោត​បានកើត​ឡើង​ពាសវាល​ពាសកាល​ដោយ​គ្មាន​ការទប់ស្កាត់​ ឬ​បង្ក្រាប​ឡើយ​នៅ​ថ្ងៃ​បោះឆ្នោត​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Bangkok Post អនុប្រធាន​ស្ថាប័ន​ដែល​លើកស្ទួយ​ប្រជាធិបតេយ្ យ​តាមរយៈ​ការពង្រឹង​ដំណើរការ​បោះឆ្នោត​ខាងលើ ​លោកស្រី Ladawan Tantiwitthaypitak បាន​អះអាងថា គណបក្សនយោបាយ​ច្រើនណាស់​ ដែល​ប្រើប្រាស់​មធ្យោបាយ​មិន​ស្មោះត្រង់​ ដែល​ប្រើ​លុយ​សូកប៉ាន់​អ្នកបោះឆ្នោត​។ 
 
​លោកស្រី​បន្ថែមថា ការ​សូកប៉ាន់​នេះ​មិនត្រូវ​បានធ្វើ​ឡើងជា​ចំហ​ទេ ប៉ុន្តែ​វា​ក៏​កើតឡើង​នៅ​ថ្ងៃ​ឃោសនា​ចុងក្រោយ​ដែរ​។ លោកស្រី​បន្តថា មនុស្ស​ជាច្រើន​ត្រូវបាន​គេ​ពង្រាយ​ទៅ​កន្លែង​ជួបជុំ​ឃោសនា ហើយ​ក្នុង​ម្នាក់ៗ​ទទួលបាន​លុយ ២០០​បាត ខណៈដែល​អ្នក​ដឹកជញ្ជូន​ពួកគេ​មកជួបជុំ​បាន ៥០០​បាត​។ លុយ​ទាំងនោះ​ ត្រូវបាន​គេ​ដាក់​នៅជាប់​ជាមួយ​បាយ​ ដែល​ចែក​ឲ្យ​អ្នកចូលរួម​ទាំងអស់​។​
 
​ប៉ុន្តែ​សំណុំ​រឿងនេះ​ត្រូវបាន​ស្ថា​ប័​នេះ​ រាយការណ៍​ទៅកាន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ ដើម្បី​ឲ្យ​មានការ​ចាត់វិធានការ​ដែរ​។ ក្រៅពី​ករណី​ទិញ​សន្លឹកឆ្នោត កាសែត​ថៃ Khaosod English បាន​ស្រង់​សម្តី​លោកស្រី​ថា អ្នកស្ម័គ្រចិត្ត​ខ្លះ​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​សរុប ៦០០​នាក់​របស់​ស្ថាប័ន​លោកស្រី ដែល​បាន​ឃ្លាំមើល​ការបោះឆ្នោត​ទូទាំងប្រទេស​នោះ​រាយការណ៍​ថា ករណី​មិន​ប្រក្រតី​ជាច្រើន ​បាន​កើតឡើង​ក្នុង​ថ្ងៃ​បោះឆ្នោត​។​
 
​បើតាម​ការបកស្រាយរ​បស់​លោកស្រី Ladawan ករណី​មិន​ប្រក្រតី​ភាគច្រើន​នោះ​ ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ នៅតាម​បណ្តា​ការិយាល័យ​នីមួយៗ​ ដែល​មិន​ស្របតាម​បទបញ្ញត្តិ​ស្តីពី​ការរៀបចំ​ការបោះឆ្នោត​។ ក្នុងនោះ​មានដូចជា មន្ត្រីប៉ូលិស​ជួយ​នាំ​អ្នកបោះឆ្នោត​ដាក់​សន្លឹកឆ្នោត​ក្នុង​ហិប​, ការបើក​ការិយាល័យ​បោះឆ្នោត​មុន​កំណត់ ដោយសារ​មាន​បញ្ហា​ម៉ោង និង​ករណី​បាត់​ព័ត៌មាន​របស់​បេក្ខជន​តំណាងរាស្ត្រ​ជាដើម​។  យ៉ាងណាមិញ លោកស្រី Ladawan ជឿថា បញ្ហា​នេះ​អាច​បណ្តាលមកពី​ការភាន់ច្រឡំ និង​ខ្វះ​បទពិសោធន៍​ក្នុងការ​រៀបចំ​។ ប៉ុន្តែ​ករណី​ខ្វះចន្លោះ​នេះ​ អាច​បង្កើតជា​បញ្ហា​ធំ​ដែរ​។ 
 
​លោកស្រី​អះអាង​បែបនេះ​៖«​ក្តីបារម្ភ​របស់​យើង​គឺថា ពួកគេ​មិនមាន​អ្នកឃ្លាំមើល និង​សង្កេតការណ៍​នៅ​គ្រប់​ការិយាល័យ​។ វា​អាចមាន​ចំណុច​ចន្លោះប្រហោង​ សម្រាប់​ការបង្កើត​កំហុសឆ្គង និង​ការបន្លំ​សន្លឹកឆ្នោត​»​។  
 
​ទាក់ទិន​នឹង​ករណី​មិន​ប្រក្រតី ស្ថាប័ន​ប៉ូលិស​ថៃ​បាន​បញ្ជាក់ថា ខ្លួន​កំពុង​បន្ត​ស៊ើបអង្កេត​ករណី​មិ​ប្រក្រតី​ ដែល​បានកើត​ឡើងជា​ពិសេស​កា​រទិញ​សន្លឹកឆ្នោត​ នៅតាម​ខេត្ត​ជាច្រើន​ទូទាំងប្រទេស​។ បើតាម​គណៈកម្មការ​បោះ​ឆ្នោត​ថៃ អូស្ត្រាលី កាណាដា អាមេរិក និង​ប្រទេស​អាស៊ាន​ទាំង​ដប់ ​បាន​បញ្ជូន​អ្នកសង្កេតការណ៍​របស់​ខ្លួន​មក​ឃ្លាំមើល​ការបោះឆ្នោត​ដែរ ប៉ុន្តែ​សហភាព​អឺរ៉ុប​មិន​ទទួលបាន​ការអញ្ជើញ​ឡើយ​។​
 
​សូមបញ្ជាក់ថា ប្រជាជន​ថៃ​ជាង ៦០​ភាគរយ នៃ​អ្នកមាន​សិទ្ធិ​បោះឆ្នោត ៥១​លាន​នាក់​ បាន​ចូលរួម​បោះឆ្នោត​ថ្ងៃ ២៤ ខែមីនា ដែលជា​ការបោះឆ្នោត​ប្រជាធិបតេយ្យ​ដំបូង​បំផុត ​ចាប់ពី​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​។ តាមរយៈ​លទ្ធផល​មិន​ផ្លូវការ គណបក្ស​ដែល​គាំទ្រ​ក្រុម​យោធា​កម្លាំង​ប្រជារាស្ត្រ​ បានទទួល​សំឡេងគាំទ្រ​ច្រើន ហើយ​គណបក្ស​ភឿ​ថៃ បានទទួល​សំឡេង​ច្រើន​បន្ទាប់​៕ 
 

Tag:
 ការបោះឆ្នោត​ថៃ​
  P-Net
  Ladawan Tantiwitthaypitak
© រក្សាសិទ្ធិដោយ thmeythmey.com