អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេបក្ស «​អនាគត​ឆ្ពោះទៅមុខ​» ប្រកាស​មិន​ចាប់ដៃ​បក្ស​គាំទ្រ​យោធា និង រីករាយ​នឹងធ្វើ​បក្សប្រឆាំង​
25, Mar 2019 , 11:58 am        
រូបភាព
ប្រធានបក្សអនាគតឆ្ពោះទៅមុខនិយាយទៅកាន់អ្នកកាសែតថ្ងៃអាទិត្យក្រោយបោះឆ្នោតរួចរាល់ (AFP)
ប្រធានបក្សអនាគតឆ្ពោះទៅមុខនិយាយទៅកាន់អ្នកកាសែតថ្ងៃអាទិត្យក្រោយបោះឆ្នោតរួចរាល់ (AFP)
​ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (Future Forward) បាន​ថ្លែងថា ប្រជាជន​ថៃ​កាន់តែច្រើន​ចោទសួរ​ពី​ភាពត្រឹមត្រូវ និង​យុត្តិធម៌​នៃ​ការបោះឆ្នោត​សាកល​លើកដំបូង​រាប់​ចាប់ពី​ក្រុម​យោធា​ដណ្តើម​អំណាច​ឆ្នាំ ២០១៤ ដែល​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​ទី ២៤ ខែមីនា​។ លោក​ព្យាករណ៍​ថា​មាន​ភាគរយ​ច្រើន​ដែល​មេដឹកនាំ​យោធា​នឹង​អាច​រក្សា​អំណាច ប៉ុន្តែ​បក្ស​លោក​ត្រៀមខ្លួន​ធ្វើជា​បក្សប្រឆាំង​។​


 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Bloomberg លោក Thanathorn Juangroongruangkit មេបក្ស​អនាគត​ឆ្ពោះទៅមុខ​ដែល​បាន​អាសនៈ​មិនតិចជាង ៥០ (​តាម​លទ្ធផល​មិន​ផ្លូវការ​) បាន​និយាយថា លោក​រីករាយ​ខ្លាំង​ដែល​បានទទួល​គាំទ្រ​ច្រើន​ក្នុងការ​បោះឆ្នោត​។ លោក ជឿជាក់ថា ការទទួលបាន​សំឡេងគាំទ្រ​នេះ ដោយសារ​ប្រជាជន​ភាគច្រើន​ចង់ឃើញ​ការផ្លាស់ប្តូរ​។  
 
​ប៉ុន្តែ មេដឹកនាំ​នៃ​បក្ស​ដែល​គេ​ចាត់ទុកជា​ឈាម​នយោបាយ​ថ្មី​នេះ​បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ការបោះឆ្នោត​ជាពិសេស​ភាពមិនប្រក្រតី​ដែល​បាន​កើតឡើង​ក្នុង​ថ្ងៃ​បោះឆ្នោត​ផ្ទាល់ រួម​ជាមួយនឹង​ការពន្យារពេល​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​របស់​គណៈកម្មកា​របោះ​ឆ្នោត​យប់​ថ្ងៃអាទិត្យ​ផង​។​
 
​លោក Thanathorn បាន​និយាយ​ដូច្នេះ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Bloomberg៖«​វា​មិនមែនជា​ការបោះឆ្នោត​ដែល​សេរី​និង​យុត្តិធម៌​ឡើយ​។ មាន​ករណី​មិន​ប្រក្រតី​ច្រើន​ខ្លាំងណាស់​ដែល​កើតឡើង​ក្នុងការ​បោះឆ្នោត​ពេលនេះ បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​មុនៗ​។ ប្រជាជន​កាន់តែច្រើន​នាំគ្នា​ចោទសួរ​ពី​សុក្រឹតភាព​នៃ​ការបោះឆ្នោត ក៏ដូចជា​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ផងដែរ​»​។  
 
​ថ្ងៃអាទិត្យ​ប្រហែល​ពីរ​ម៉ោង​មុន​ការបិទ​ការិយាល័យ​បោះឆ្នោត វេទិកា​បើកចំហរ​សម្រាប់​ការកសាង​ប្រជាធិបតេយ្យ (P-Net) ដែលជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​របស់​ថៃ​បានបញ្ជាក់​ប្រាប់​កាសែត​ថា ខ្លួន​នៅ​ស្ទាក់ស្ទើរ​ក្នុងការ​ទទួលស្គាល់ថា ការបោះឆ្នោត​ថ្ងៃ ២៤ ខែមីនា នេះ​សេរី និង​យុត្តិធម៌​។ តំណាង​ស្ថាប័ន​នេះ​ចោទប្រកាន់​ជា​ចំហ​ថា ការទិញ​សន្លឹកឆ្នោត​បានកើត​ឡើង​ពាសវាល​ពាសកាល​ដោយ​គ្មាន​ការទប់ស្កាត់​ឬ​បង្ក្រាប​ឡើយ​នៅ​ថ្ងៃ​បោះឆ្នោត​។ 
 
អត្ថបទទាក់ទង
 
 
​ក្រៅពី​ផ្តោត​សុក្រឹតភាព​នៃ​ការបោះឆ្នោត ពេល​សាកសួរ​ពី​ការធ្លាក់ចុះ​នៃ​ប្រជាប្រិយភាព​របស់​គណបក្ស​ធំៗ​ដែល​ធ្លាប់​កាន់កាប់​នយោបាយ​ថៃ​កន្លងមក​ដូចជា​ភឿ​ថៃ និង​បក្ស​ប្រជាធិបតេយ្យ លោក លោក Thanathorn បាន​ឆ្លើយថា វា​ទាក់ទិន​នឹង​រដ្ឋ​ធម្ម​នុ​ញ្ញា​ដែល​បង្កើតឡើង​ដោយ​ក្រុម​យោធា​ក្នុង​ឆ្នាំ ២០១៧​។ 
 
​តាមពិតទៅ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ផ្តល់​អំណាច​ឲ្យ​សមាជិក​ព្រឹទ្ធសភា ២៥០ នាក់​ដែល​ត្រូវ​តែងតាំង​ដោយ​ក្រុម​យោធា ជាពិសេស​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា​ផ្ទាល់ ចូលរួម​ជាមួយ​សមាជិក​រដ្ឋសភា ៥០០​នាក់​ផ្សេងទៀត​ដែល​ត្រូវបាន​ជ្រើសរើស​តាម​ការបោះឆ្នោត​ផ្ទាល់​នោះ ក្នុងការ​ជ្រើសតាំង​នាយករដ្ឋមន្ត្រី។​
 
​ដូច្នេះ គណបក្ស​នោះ​ត្រូវមាន​សំឡេង​គាំ ៣៧៦ ក្នុងចំណោម​សំឡេង ៧៥០ ដើម្បីមានសិទ្ធិតែងតាំងនាយករដ្ឋមន្ត្រី​។ ដោយមាន​សំឡេង ២៥០ ក្នុង​ដៃ គណបក្ស​កម្លាំង​ប្រជារាស្ត្រ របស់លោក ប្រា​យុទ្ធ ត្រូវការ​តែ​សំឡេង ១២៦ ទៀត​ប៉ុណ្ណោះ​។ 
 
-​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​ត្រៀម​ធ្វើ​បក្សប្រឆាំង និង មិន​ចូល​ដៃ​ជាមួយ​បក្ស​គាំទ្រ​ក្រុម​យោធា​

​ជុំវិញ​ការផ្សាយ​លទ្ធផល​បណ្តោះអាសន្ន លោក Thanathorn បាន​បញ្ជាក់ថា វា​នៅ​ស្រពេចស្រពិល​នៅឡើយ​ថា តើ​បក្ស​ណា​ទទួលបាន​សំឡេង​ភាគច្រើន​។ ប៉ុន្តែ​លោក​ហាក់ដូចជា​គិតទុក​មុន​ហើយ​ថា មេដឹកនាំ​យោធា​ប្រហែលជា​នឹង​អាច​ក្តោប​ក្តាប់​អំណាច​បាន​ដដែល​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ម្តង​។​
 
«​លទ្ធផល​បច្ចុប្បន្ន​មិន​ច្បាស់លាស់ ហើយ​វា​ជា​រឿង​ពិបាក​ទស្សន៍ទាយ​ណាស់​ថា អ្នកណា​អាច​ដណ្តើមបាន​សំឡេង​ភាគច្រើន​ដើម្បី​បង្កើត​រដ្ឋាភិបាល​។ ប៉ុន្តែ​លទ្ធភាព​ដែល​របប​យោធា​បន្ត​ដឹកនាំ​នោះ​ហាក់បីដូចជា​ខ្ពស់​។ ប៉ុន្តែ​យើង​រង់​ចាំមើល​លទ្ធផល​ចុងក្រោយ​នៃ​ការបោះឆ្នោត​សិន​»​។​
 
​យ៉ាងណាក៏ដោយ មេបក្ស​វ័យក្មេង​រូបនេះ​ប្រកាសថា លោក​មិន​គាំទ្រ ឬ​ចូលរួម​ជាមួយ​បក្ស​ដែល​គាំទ្រ​ក្រុម​យោធា​ឡើយ ក្នុងករណី​ដែល​បក្ស​នោះ​អាចបង្កើត​រដ្ឋាភិបាល​មែន​។ អ្វីដែល​លោក​គិតទុក​មុន​នោះ​គឺ ការត្រៀមខ្លួន​ជា​បក្សប្រឆាំង​នៅពេល​ខាងមុខ​។​
 
​ក្រៅពី​គណបក្ស អនាគត​ឆ្ពោះទៅមុខ នៅ​យប់​ថ្ងៃអាទិត្យ​ទី ២៤ មីនា បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ភឿ​ថៃ លោកស្រី Sudarat Keyuraphan បានប្រកាសថា គណបក្ស​លោកស្រី​គាំទ្រ​ការបង្កើត​រដ្ឋាភិបាលចម្រុះ​ដែរ​។  ប៉ុន្តែ​លោកស្រី​បញ្ជាក់​ច្បាស់​ថា គ្មាន​ឡើយ​ការចូល​រួមជាមួយ​សម្ព័ន្ធ​នយោបាយ​ណាមួយ​ដែល​គាំទ្រ លោក ប្រា​យុទ្ធ ជា​នាយករដ្ឋមន្ត្រី​៕
 

Tag:
 បោះឆ្នោត​ថៃ​
  Thanathorn Juangroongruangkit
© រក្សាសិទ្ធិដោយ thmeythmey.com