អន្តរជាតិ
ស្រីលង្កា បើកការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេងនៅក្បែរកំពង់ផែគ្រប់គ្រងដោយចិន កំពុងផែយុទ្ធសាស្ត្រ Hambantota (រូបភាព៖ AFP)
× ស្រីលង្កា បានបើកការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេងតម្លៃ ៣,៨៥ពាន់លានដុល្លារ កាលពីថ្ងៃអាទិត្យទី ២៤ ខែមីនា នៅក្បែរកំពង់ផែយុទ្ធសាស្ត្រ Hambantota ដែលត្រូវផ្តល់សិទ្ធិឲ្យចិនក្តោបក្តាប់កាលពីឆ្នាំ២០១៧កន្លងទៅ។ ពាក់ព័ន្ធនឹងរឿងនេះ នាយករដ្ឋមន្ត្រីស្រីលង្កា និយាយថា ក្រោយរោងចក្រនេះបញ្ចប់ការសាងសង់រួចរាល់ ក្រុង Hambantota ដែលជាផ្លូវទឹកដ៏សំខាន់មួយក្នុងពិភពលោក នឹងក្លាយជាមជ្ឈមណ្ឌលវិនិយោគសកល។
គម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងជិត៤ពាន់លានដុល្លារនេះ គឺជាការវិនិយោគបរទេសដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ស្រីលង្កា។ គម្រោងនេះ ត្រូវផ្តល់ប្រាក់វិនិយោគរួមគ្នារវាងរដ្ឋាភិបាលអូម៉ង់ និងក្រុមហ៊ុន Silver Park International ដែលមានមូលដ្ឋាននៅសិង្ហបុរី។ ក្រុមហ៊ុននេះ ជាកម្មសិទ្ធិរបស់គ្រួសារអ្នកជំនួញជនជាតិឥណ្ឌា។
រោងចក្រចម្រាញ់ប្រេង ដែលទើបតែចាប់ផ្តើមការសាងសង់នេះ មានទីតាំងនៅក្បែរកំពង់ផែទឹកជ្រៅ Hambantota ដែលត្រូវបានជួលឲ្យក្រុមហ៊ុនរដ្ឋចិនកាលពីឆ្នាំ២០១៧ សម្រាប់រយៈពេលចំនួន៩៩ឆ្នាំ។ ការសម្រេចផ្តល់សិទ្ធិក្តោបក្តាប់នេះ បានធ្វើឡើងក្រោយរដ្ឋាភិបាលស្រីលង្កាពុំមានលទ្ធភាពសងប្រាក់បំណុលទៅឲ្យក្រុងប៉េកាំងវិញ។
ស្ថានការណ៍ជុំវិញរឿងចូលក្តោបក្តាប់កំពង់ផែស្រីលង្កាពីសំណាក់ក្រុមហ៊ុនចិននេះ បង្កជាកង្វល់ដល់រដ្ឋាភិបាលឥណ្ឌា និងប្រទេសផ្សេងៗទៀតក្នុងតំបន់ ទាក់ទិននឹងការពង្រីកឥទ្ធិពលរបស់ក្រុងប៉េកាំងក្នុងមហាសមុទ្រឥណ្ឌា។ យ៉ាងណាមិញ សម្រាប់លុយវិនិយោគខ្ទង់ពាន់លានដុល្លារថ្មីនេះ រដ្ឋាភិបាលស្រីលង្កា អះអាងថា អ្នកវិនិយោគបរទេសពុំភ័យព្រួយចំពោះបទពិសោធខ្លួនជាមួយក្រុមហ៊ុនចិនឡើយ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងពិធីបើកការដ្ឋានសំណង់កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe គូសបញ្ជាក់ថា ការចាប់អារម្មណ៍វិនិយោគក្នុងប្រទេសស្រីលង្កា ពីសំណាក់រដ្ឋាភិបាលអូម៉ង់ និងបណ្តាអ្នកវិនិយោគិនបរទេសផ្សេងទៀត បង្ហាញថា ក្រុង Hambantota នឹងក្លាយតំបន់វិនិយោគអន្តរជាតិមួយយ៉ាងពិតប្រាកដ។
ម្យ៉ាងវិញទៀត មេដឹកនាំរូបនេះ និយាយថា លោកសង្ឃឹមនឹងអាចបង្កើតកិច្ចព្រមព្រៀងថ្មីមួយជាមួយអាជ្ញាធរទទួលបន្ទុកអាកាសយានដ្ឋានឥណ្ឌា ដើម្បីជួយសង្គ្រោះអាកាសយានដ្ឋានតម្លៃ២១០លានដុល្លារក្នុងក្រុង Hambantota ដែលពុំសូវមានសកម្មភាពហោះហើរ។
សូមបញ្ជាក់ថា អាងផ្ទុកប្រេង រំពឹងនឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល២ឆ្នាំ ខណៈរោងចក្រចម្រាញ់ប្រេង អាចបើកប្រតិបត្តិការបាននាឆ្នាំ២០២៣។ រោងចក្រតម្លៃជិត៤ពាន់លានដុល្លារនេះ នឹងមានសមត្ថភាពផលិតប្រេង ២០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ហើយភាគច្រើនគឺសម្រាប់ការនាំចេញ។ ម្យ៉ាងទៀត ក្រុមហ៊ុនស្រីលង្កាក៏អាចបញ្ជាទិញប្រេង និងលក់ទៅកាន់អ្នកប្រើប្រាស់ក្នុងស្រុកផងដែរ៕
Tag:
ស្រីលង្កា
ចិន
រោងចក្រចម្រាញ់ប្រេង
កំពង់ផែយុទ្ធសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com