ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ខា​ណា​តាក សុំ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​សមិទ្ធផល​ពី​គម្រោង​ជប៉ុន ដោយ​ក្ដី​ស្រលាញ់
25, Mar 2019 , 4:06 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) នឹង​រៀបចំ​កម្មវិធី​ទស្សនកិច្ច​អ្នកសារព័ត៌មាន​ស្ដីពី​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ​ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨​ខែមីនា​។ ក្រុម​អ្នកសារព័ត៌មាន នឹងត្រូវ​នាំទៅ​កាន់​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប ព្រះសីហនុ និង​ខេត្តកំពត ដើម្បី​ទស្សនា​គម្រោង​ពាក់ព័ន្ធ​នឹង​ទឹកស្អាត សុខាភិបាល ផ្លូវថ្នល់ ស្ពាន និង​កំពង់ផែ​ជាដើម​។ តាមរយៈ​កម្មវិធី​នេះ ជប៉ុន​ចង់​ឲ្យ​អ្នកសារព័ត៌មាន ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ បាន​ស្គា​ល់ពី​គម្រោង​នានា​ដែល​ជប៉ុន​កំពុង​អនុវត្ត​នៅ​កម្ពុជា ក្រោម​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ODA ។


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង លោក ញ៉ុ​ង ហេង នៃ​សា​ព័ត៌មាន​ថ្មីៗ និង​លោក តូ​ម៉ូ​ហ៊ី​រ៉ុ ខា​ណា​តាក លេខា​ទី​១​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន ដែលមាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ ដូចតទៅ​នេះ​៖




 
​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ (ODA) របស់​រដ្ឋាភិបាល​ជប៉ុន​ត្រូវ​បែង​ចែកជា​៣​ប្រភេទ គឺ​កម្ចីសម្បទាន ជំនួយឥតសំណង និង​ហិរញ្ញប្បទាន​កិច្ចសហការ​បច្ចេកទេស​។ គិតពី​ឆ្នាំ​១៩៩១ ដល់​ប​ច្ច​ប្បន្ន ជប៉ុន​បាន​បញ្ចេញ​កម្ចីសម្បទាន​ចំនួន ១២៧៥​លាន​ដុល្លារ ជំនួយឥតសំណង ១៨៣៦​លាន​ដុល្លារ និង​ហិរញ្ញប្បទាន​កិច្ចសហការ​បច្ចេកទេស​មាន​ចំនួន ៧៨៤​លាន​ដុល្លារ​ដល់​កម្ពុជា​។ ហិរញ្ញប្បទាន​ទាំងនេះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​សំខាន់ៗ​ដូចជា ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ស្ពាន ផ្នែក​សុខាភិបាល អប់រំ និង​ទឹកស្អាត​ជាដើម​។​
 
​លោក ខា​ណា​តាក លើកឡើងថា គម្រោង​ទាំងនោះ​ពិតជា​ផ្ដល់​ប្រយោជន៍​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​សេដ្ឋកិច្ចជាតិ​។ ជាមួយគ្នានេះ លោក​បានស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា និង​ប្រើប្រាស់​សមិទ្ធផល​កើតចេញពី​គម្រោង​ទាំងនោះ​មិន​ថា​ផ្លូវថ្នល់ សាលារៀន ឬ​មន្ទីរពេទ្យ ប្រកបដោយ​ក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​ស្ថិតនៅ​យូរអង្វែង​៕
 

Tag:
 ODA
  តូ​ម៉ូ​ហ៊ី​រ៉ុ ខា​ណា​តាក​
© រក្សាសិទ្ធិដោយ thmeythmey.com