ខេត្តកំពង់ចាម ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងស្ថាប័នមួយចំនួនទៀត បានដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែង ស្ថិតនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែន ព្រៃទទឹង នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សកម្មភាពនេះ គឺដើម្បីឆ្លើយតបនឹងការប្រែប្រួលនៃអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាចូលរួមប្រារព្ធទិវាទឹកស្អាតពិភពលោក។ ប៉មចម្រោះទឹកស្អាតថ្មីនេះ អាចផ្តល់ទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង ១៥០០នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។
នៅក្នុងពិធីសម្ពោធ ប៉មចម្រោះទឹកស្អាតនេះ មានការចូលរួមពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Michael Newbill ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Mark Steele នាយកប្រតិបត្តិនៃអង្គការ Planet Water និង លោកអ៊ូត ចាន់ឌី នាយកផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។
លោក អ៊ូត ចាន់ឌី នាយកផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានមានប្រសាសន៍ក្នុងពិធីសម្ពោធ ប៉មចម្រោះទឹកស្អាតនេះថា ការប្តេជ្ញាចិត្តរបស់ កូកា កូឡា មិនបញ្ឈប់នៅត្រឹមតែការដំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងពេលនេះទេ ក្រុមហ៊ុនននឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹង ជាមួយអង្គការ Planet Water ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍ អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការថែទាំរយៈពេល ៥ឆ្នាំថែមទៀត។ លោក អ៊ូត ចាន់ឌី បន្ថែមថា អង្គការ Planet Water នឹងត្រួតពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅតាមកាលវិភាគកំណត់។ លោក អ៊ូត ចាន់ឌី បានបន្តទៀតថា៖ «ក្រុមហ៊ុន កូកា-កូឡា មានមោទនភាពដែលបានចូលរួមចំណែក ក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាត មកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក»។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វត្តមានរបស់ប៉មចម្រោះទឹកស្អាតនេះពិតជាមានសារៈសំខាន់ និងផ្តល់នូវគុណប្រយោជន៍ សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃឈរទាំងមូល។ ជាពិសេសនៅក្នុងរដូវក្តៅឆ្នាំនេះ ដែលសីតុណ្ហភាពក្តៅខ្លាំង ហើយមានតម្រូវការប្រើប្រាស់ទឹកស្អាតច្រើន។ លោក ប៉ាន សូរស័ក្តិ បានមានប្រសាន៍បន្តថា៖«ការវិនិយោគរបស់ក្រុមហ៊ុន Coca-Cola កំពុងទទួលបានជោគជ័យគួរជាទីមោទន ដែលមិនត្រឹមនាំមកវិបុលភាពសម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែកប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងសកម្មភាពមនុស្សធម៌នានា។ តួយ៉ាងដូចជា ការគាំទ្រមូលនិធិទឹក “Water Planet Foundation” ក្នុងការអនុវត្តកម្មវិធី អប់រំសុខភាព និងអនាម័យទឹកស្អាតជាដើម ហើយពិសេសជាងនេះទៀត ការរីកចម្រើនរបស់ក្រុមហ៊ុន បានជួយបង្កើតការងារក្នុងស្រុក ប្រមាណជាង ៩០០កន្លែង ផងដែរ»។
សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី១ ដែលបានដំឡើងដោយក្រុមហ៊ុន កូកា-កូឡា នៅក្នុងឆ្នាំ២០១៩នេះ បន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន ១៥ផ្សេងទៀត ដែលក្រុមហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water។ ប៉មចម្រោះទឹកស្អាតនេះ ក៏ជាផ្នែកមួយនៃគម្រោង “Project 24” របស់មូលនិធិ Planet Water ដែលមានការដំឡើងប៉មចម្រោះទឹកស្អាតចំនួន ២៤កន្លែង ក្នុងរយៈពេល ២៤ម៉ោង នៅតាមបណ្ដាសហគមន៍នានា ជុំវិញពិភពលោក ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ទទួលទាន។ ក្រៅពីប្រទេសកម្ពុជា ក៏មានប្រទេសមួយចំនួនទៀត នឹងទទួលបានប៉មចម្រោះទឹកស្អាត ពីគម្រោង “Project 24” នៅក្នុងឆ្នាំនេះដែរ រួមមាន ឥណ្ឌូនេស៊ី ឥណ្ឌា និងហ្វីលីពីន។
ក្រុមហ៊ុនកូកា-កូឡា បានឱ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន ៦ទៀត នឹងត្រូវដំឡើងនៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្ទាប់ៗទៀត។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានឱ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន ១៥ ដែលក្រុមហ៊ុនបានដំឡើងនៅកម្ពុជា តាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាតចំនួន ៤៤,៩៩០,២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង ៤០,០០០នាក់។ តួលេខនេះ ត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងក្នុងឆ្នាំនេះ តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតចំនួន ៧បន្ថែមទៀតក្នុងឆ្នាំ ២០១៩នេះ៕
(អត្ថបទពាណិជ្ជកម្ម)