ជាតិ
រដ្ឋាភិបាល ចំណាយ​ថវិកា​១៥​លាន​ដុល្លារ ទិញ​រថពាសដែក​បញ្ជូន​ទៅ​ម៉ាលី ជំនួស​UN ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​
25, Mar 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បាន​ចំណាយ​ថវិកា​អស់​១៥​លាន​ដុល្លារ ដើម្បី​ទិញ​រថពាសដែក​សម្រាប់​យក​ទៅប្រើ​ប្រាស់​ក្នុង​យុទ្ធនាការ​នានា នៅ​ប្រទេស​ម៉ាលី ជំនួស​អង្គការសហប្រជាជាតិ ដែល​កំពុង​ខ្វះខាត​ថវិកា​ជំនួយ​សប្បុរសធម៌​។​

 
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា កម្ពុជា​ចំណាយ​ថវិកា​ទាំងនេះ គឺ​ចង់បង្ហាញ​ពី​តួនាទី​យ៉ាងសំខាន់​មួយ ក្នុងនាម​ជា​អ្នកចូលរួម​ថែរក្សា​ការពារ​សន្តិសុខ​ពិភពលោក ជាមួយ​អង្គការសហប្រជាជាតិ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​។ 
 
​សូម​ស្ដាប់​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល​៖




 
«​បញ្ហា​នេះ ខ្ញុំ​ក៏​ចង់​បញ្ជាក់​ដែរ​។ ឯកឧត្តម ប៉ុល សារឿន ប្រហែលជា​បានដឹង​ហើយ ។ អាទិត្យ​មុននេះ (​រដ្ឋាភិបាល​) បាន​បញ្ចេញ​ប្រាក់​១៥​លាន​ដុល្លារ​អាមេរិក ព្រោះ​អង្គការសហប្រជាជាតិ តម្រូវ​ឲ្យ​បំពាក់​មធ្យោបាយ​ដូចជា​រថពាសដែក​ទៅ​ប្រទេស​ម៉ាលី ។ ពីមុន​កម្ពុជា​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​ជា​អ្នកដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ឥឡូវ​អង្គការសហប្រជាជាតិ​កំពុង​ជួប​វិបត្តិ​ថវិកា អ៊ីចឹង​បន្ទុក​នេះ យើង​មិន​ដក​កងទ័ព​ចេញ​ដោយ​ខ្វះ​ការទទួលខុសត្រូវ​ទេ ហើយ​យើង​ក៏​មិន​ទុក​ឲ្យ​កងទ័ព​យើង​ដៃទទេ​រដែរ គឺ​ត្រូវមាន​រថពាសដែក​ការពារ​ខ្លួន​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​ក្រៅពី​តួនាទី​ជា​អ្នកប្រតិបត្តិ​ការការពា​រ​សន្តិភាព​របស់​អង្គការសហប្រជាជាតិ រដ្ឋាភិបាល​ក៏​កំពុង​បញ្ជ្រាប​មន្ត្រី​យោធា​កម្ពុជា​ចូលទៅក្នុង​ក្របខណ្ឌ​ធំៗ​នៅក្នុង​ស្ថាប័ន​អន្តរជាតិ​ផងដែរ​។ បើតាម​សម្ដេច ហ៊ុន សែន រដ្ឋាភិបាល​កំពុង​ជំរុញ​យោធា​ឲ្យ​ចូលទៅក្នុង​ក្របខណ្ឌ​ថ្នាក់ដឹកនាំ ឬ​សេនាធិការ​របស់​អង្គការសហប្រជាជាតិ​ជាដើម​។ 
 
​រយៈពេល​១៣​ឆ្នាំ​មក កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ក្រៅប្រទេស ដើម្បី​ចូលរួម​កិច្ចសហប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ មាន​ចំនួន ៥,៧៨៣ នាក់​ហើយ ។​កងកម្លាំង​ទាំង ៥៧៨៣ នាក់​(​ស្ត្រី​ចំនួន ២៧៧ នាក់​) ដែល​ទៅ​បំពេញការងារ​នៅក្នុង​ប្រទេស​ចំនួន ៨ រួមមាន ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្តាល លី​បង់ ស៊ី​ប ស៊ី​រី និង​ម៉ាលី​។ ហើយ​បច្ចុប្បន្ន​កងកម្លាំង​កម្ពុ​ជា កំពុង​បំពេញបេសកកម្ម​មាន​ចំនួន ៧៩៩ នាក់ (​ស្ត្រី​ចំនួន​៦២ នាក់​) នៅ​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។   នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ប្រចាំឆ្នាំ​២០១៨​។​
 
​នៅក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅក្រៅ​ប្រទេស​នេះ កងទ័ព​មួក​ខៀវ​កម្ពុជា ក៏​ធ្លាប់​ជួបប្រទះ​បញ្ហា​វាយប្រហារ​ពី​ក្រុម​ពួក​ឧទ្ទាម​នៅក្នុង​តំបន់​នៃ​ប្រទេស​នីមួយៗ​ដែរ​។ កាលពី​ខែឧសភា ឆ្នាំ​២០១៧​កន្លងមក កងទ័ព​មួក​ខៀវ​កម្ពុជា ចំនួន​៤​នាក់​បាន​ស្លាប់ ដោយសារ​ត្រូវ​ក្រុម​ពួក​ឧទ្ទាម Anti-Balaka បាន​ពួនស្ទាក់​វាយប្រហារ​ទៅលើ​ក្បួន​កងកម្លាំង​រក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល​។​
 
​ដ្បិត​ធ្លាប់មាន​សោកនាដកម្ម មកលើ​កងទ័ព​កម្ពុជា​បែបនេះ​ក្តី ប៉ុន្តែ​វា​មិនបាន​ធ្វើ​ឲ្យ​កម្ពុជា​ចុះ​ញ៉ម​នឹង​បញ្ហា​នេះ​ទេ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅតែ​ប្រកាស​ជំហរ​បញ្ជូន​កង​ទ័​ចូលរួម​ប្រយុទ្ធប្រឆាំង​បញ្ហា​ប្រឈម​នានា​ក្នុង​ពិភពលោក ក្រោម​កិច្ចសហប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដែល​កម្ពុជា​បានចាប់ផ្ដើម​អនុវត្ត​តាំងពី​ឆ្នាំ ២០០៦​មកនេះ​៕ 

Tag:
 ហ៊ុន សែន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com