ជាតិ
អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ​៖ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នឹង​អាច​ដោះស្រាយ​បញ្ហា​ទឹកស្អុយ នៅ​ខែ​ក្រោយនេះ​
25, Mar 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​៤ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកស្អុយ​នៅក្នុង​ខេត្ត​ព្រះសីហនុ នឹង​អាច​ដំណើរការបាន នៅ​ខែ​ក្រោយនេះ​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

 
​លោក ឃាង ភារ​ម្យ បាន​និយាយថា ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នេះ បានរៀបចំ​ស្ទើ​តែ​១០០​ភាគរយ​ហើយ ពោលគឺ​នៅតែ​រៀបចំ​ការរត់​ទុយោ​ទឹក និង​ធ្វើតេស្ត​សាកល្បង​ម៉ាស៊ីន​ប៉ុណ្ណោះ​។ បើតាម​អ្នកនាំពាក្យ​រូបនេះ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នឹង​អាច​ដំណើរការ​ដោះស្រាយ​បញ្ហា​ទឹកស្អុយ​នេះ នៅមុន​ឬ​ក្រោយ​ពិធី​ចូលឆ្នាំ​ខ្មែរ ដោយ​អាស្រ័យ​លើ​អាកាសធាតុ​អំណោយផល ឬ​មិន​អំណោយផល ដល់​សកម្មភាព​ការងារ​រៀបចំ​នេះ​។​
 
​ស្ថានីយ៍​បូម​ទាំង​៤​នេះ រួមមាន​ទី​១ នៅក្បែរ​អគារ​សណ្ឋាគារ​អេ​ម៉ា​រី​យ៉ូ ស្ថិតក្នុង​សង្កាត់​លេខ​៣ ។ ទី​២ ស្ថិត​នៅជាប់​បរិវេណ​ស​ណ្ឋា​គារ​សុខា​។ ទី​៣ ស្ថិតនៅ​ក្បែរ​អូរ នៃ​អគា ឌី ស៊ី​ហ៊ូ និង​ទី​៤ ស្ថិតនៅ​ម្តុំ​ទីតាំង​ផ្លូ​ចុះទៅ​ផែ​អូប័រ​ទៅ​កោះរ៉ុង ដើម​ឆ្នេរ​អូរ​ឈើទាល ។​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​អាជ្ញាធរខេត្ត​ព្រះសីហនុ រៀបចំ​ស្ថានីយ​បូម​បង្វែ​ទឹក​កខ្វក់​នេះ កុំឱ្យ​ហូរ​ចូលក្នុង​សមុទ្រ​ចំនួន ៤​ទីតាំង គឺ​នៅ​ឆ្នេរ​ឯករាជ្យ អូរ​សំអាត ឆ្នេរ​សុខា និង​ឆ្នេរ​អូរ​ឈើទាល ។ ចំពោះ​ការរៀបចំ​កែលម្អ និង​ពង្រីក​បន្ថែម​សមត្ថភាព​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ទីលាន​ស​ម្ងួ​ត​ភក់​ក្រុងព្រះសីហនុ នៅលើ​ផ្ទៃដី​ទំហំ ១៦​ហិកតា ដើម្បី​បង្កើន​សមត្ថភាព​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ពី ៥៧០០ ម៉ែត្រគូប ឱ្យ​កើន​ដល់ ២៥០០០ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ដោយ​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​មេកានិច​ស្វ័យប្រវត្តិ​បន្ថែម​។​
 
​ស្ថានីយ៍​ទាំងនេះ​កើតឡើង​ក្រោយពី​មានការ​យកចិត្តទុកដាក់​រៀបចំ​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ,​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ,​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រោយពី​មានការ​ចេញ​បញ្ជា​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅក្នុង​តំបន់​ទេសចរណ៍​មួយ​នេះ​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ទាំង​៤​ក៏បាន​ចុះ​ពិនិត្យ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ តម្លើង​ស្ថានីយ​បូមទឹក​កខ្វក់ ដោះស្រាយ​សំរាម​តាម​ឆ្នេរ និង​តាម​ការដ្ឋាន​សំណង់ កែលម្អ​ប្រព័ន្ធ​លូ បណ្ដាញ​ផ្លូវ និង​គ្រប់គ្រង​សំណង់ ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៥ មីនា​ផងដែរ​។ នេះ​បើតាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕
 

Tag:
 ឃាង ភារ​ម្យ​
 ​ទឹកស្អុយ​
 ​ខេត្ត​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com