កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Spurs រំភើបឡើងស្រក់ទឹកភ្នែក ពេលឃើញកីឡដ្ឋានថ្មីតម្លៃជាង១ពាន់លានដុល្លារ
× លោក Mauricio Pochettino បានបង្ហាញអារម្មណ៍រំភើបឡើងស្រក់ទឹកភ្នែកទៅហើយនៅពេលឃើញកីឡដ្ឋានថ្មីដ៏ស្រស់ស្អាតរបស់ Tottenham Hotspur ដែលទើបសាងសង់រួច។
កីឡដ្ឋានថ្មីរបស់ Spurs ដែលបានសាងសង់លើទីតាំងចាស់ White Hart Lane កាលពីខែសីហា ឆ្នាំ២០១៧ ត្រូវបានប្តូរឈ្មោះទៅជាកីឡដ្ឋាន Tottenham Hotspur វិញ ដោយបន្ថែមកន្លែងអង្គុយទស្សនាលើសមុនចំនួន ២៥០០០កៅអីទៀត។
កីឡដ្ឋាន Tottenham Hotspur ដែលមានកៅអីសរុប ៦២០០០កន្លែងនេះបានចំណាយទឹកប្រាក់សាងសង់សរុបប្រមាណ១ពាន់លានផោន (១,៣២ពាន់លានដុល្លារអាមេរិក) ឯណោះ។
អ្នកចាត់ការទូទៅ Spurs លោក Pochettino បានទៅចូលរួមទស្សនាការប្រកួតរវាងក្រុមអាយុក្រោម១៨ឆ្នាំ Spurs ទល់នឹង Southampton សម្រាប់ការប្រកួតសាកល្បងនៅកីឡដ្ឋានថ្មី Tottenham Hotspur នេះផងដែរ នៅថ្ងៃទី២៤ ខែមីនា។
លោក Pochettino បានសម្តែក្តីរំភើបនៅពេលឃើញទីលានថ្មីដ៏ស្រស់ស្អាតនេះ ហើយព្រមទាំងពោលថាលោក Daniel Levy ប្រធានក្លិបរហស្សនាមមាន់ខ្នាយមាសសមនឹងទទួលបានកិត្តិយសសម្រាប់គម្រោងសាងសង់កីឡដ្ឋានដ៏ធំមួយនេះ។
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន វ័យ៤៧ឆ្នាំរូបនេះ បានប្រាប់ទូរទស្សន៍ Spurs TV នៅក្នុងទីលាននោះថា៖«វាជារឿងមិនគួរឲ្យជឿ វាពិបាកនឹងរៀបរាប់ណាស់ព្រោះយើងមានអារម្មណ៍រំភើបដូចគ្នា។ អារម្មណ៍ពេលនេះគឺដូចគ្នានៅថ្ងៃចុងក្រោយដែលយើងចាកចេញពី White Hart Lane ទាំងស្រក់ទឹកភ្នែក រហូតពេលនេះជាថ្ងៃដំបូងនៅកីឡដ្ឋានថ្មីហើយខ្ញុំក៏បានយំដូចមុនទៀត»។
ក្នុងអំឡុងសាងសង់ទីលានថ្មី Spurs បានជួលកីឡដ្ឋាន Wembley សម្រាប់ការប្រកួតក្នុងដីរហូតមក។ Spurs នឹងបើកកីឡដ្ឋាននេះសម្រាប់ការប្រកួតដំបូងរបស់ខ្លួនក្នុងក្របខណ្ឌ Premier League ដោយទទួលស្វាគមន៍ Crystal Palace នៅថ្ងៃទី ៣ ខែមេសាឆ្នាំ២០១៩៕
Tag:
បាល់ទាត់
Tottenham Hotspur
Mauricio Pochettino
© រក្សាសិទ្ធិដោយ thmeythmey.com