អន្តរជាតិ
វៀតណាម ខឹងសម្បារ​ចិន និង​តៃវ៉ាន់​ជុំវិញ​ការបំពាន​ដែនសមុទ្រ​ចិន​ខាងត្បូង​
25, Mar 2019 , 11:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​រដ្ឋាភិបាល​ក្រុង​តៃប៉ិ ដែល​បានធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ដែល​ស្ថិត​ក្បែរ​តំបន់​ក្រុង​ហាណូយ​គ្រប់គ្រង​។ ជាមួយគ្នា​នោះ ក្រុង​ហាណូយ ឆ្លៀតឱកាស​ទាមទារ​ឲ្យ​ក្រុង​ប៉េកាំង​ផ្តល់​សំណង​ចំពោះ​ការបំផ្លាញ​ទូក​នេសាទ​របស់​វៀតណាម ដែល​បង្កដោយ​ក្រុម​ល្បាត​របស់​ចិន​ផងដែរ​។


 
​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃ​២១ មីនា អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី  Lê Thị Thu Hằng បានប្រកាស​ជំទាស់​ដាច់ខាត​ចំពោះ​សកម្មភាព​របស់​តៃវ៉ាន់ ដែល​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅ​ជុំ​កោះ​អ៊ី​ទូ​អា​ប៉ា (Itu Aba) ដែល​ស្ថិតនៅក្នុង​ប្រជុំ​កោះ​ស្ព្រា​ត​លី នៃ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​វៀតណាម អះអាងថា​ខ្លួន​មាន​អធិបតេយ្យ​គ្រប់គ្រង​។ 
 
​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam News លោកស្រី​អ្នកនាំពាក្យ ក៏បាន​ទាមទារ​ឲ្យ​ឲ្យ​តៃវ៉ាន់ ចៀសវាង​ការប្រព្រឹត្ត​សកម្មភាព​បែបនេះ​ជាថ្មីទៀត ដ្បិត​សកម្មភាព​នេះ វៀតណាម ចាត់ទុកថា​ជាការ​បំពាន​បូរណភាព​ទឹកដី​របស់​វៀតណាម​យ៉ាង​ធ្ងន់ធ្ងរ ហើយ​វា ក៏​បង្កើតជា​ការគំរាមកំហែង​សន្តិភាព ស្ថិរភាព និង​សន្តិសុខ ក៏ដូចជា​បង្កើត​ឲ្យ​មាន​ភាព​តានតឹង និង​ស្មុគស្មាញ​ដល់​តំបន់​។​
 
​ក្នុង​វេទិកា​តែមួយ​នោះ អ្នកនាំពាក្យ ក៏បាន​ឆ្លៀតឱកាស​ក្រើនរម្លឹក​ចិន ដែល​តែងតែ​អះអាងថា​ជា​រដ្ឋាភិបាល​តែមួយគត់​របស់​តៃវ៉ាន់​ផង​នោះ ពាក់ព័ន្ធ​ឧប្បទ្ទវហេតុ នៅ​ដើម​ខែមីនា​កន្លងទៅ ដែល​បង្កឡើង​ដោយ​ក្រុម​នាវា​ល្បាត​ចិន​ដែល​បាន​បាញ់​ទឹក​ទៅលើ​ទូក​នេសាទ​ពលរដ្ឋ​វៀតណាម​ដោយ​ធ្វើ​ឲ្យ​ទូ​នោះ​លិច​តែម្តង ។ តាម​អ្នកនាំពាក្យ ឧប្បទ្ទវហេតុ​នោះ ក៏បាន​កើតឡើង​នៅ​តំបន់​នៃ​ប្រជុំ​កោះ​ស្ព្រា​ត់​លី​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដូចគ្នា​ផងដែរ​។​
 
​ខណៈ​អះអាង​ពី​ការធ្វើ​កំណត់ហេតុ​ការទូត​បណ្តឹង​ប្រឆាំង​សកម្មភាព​របស់​ចិន រដ្ឋាភិបាល​វៀតណាម តាមរយៈ​អ្នកនាំពាក្យ​ដដែល​នោះ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ចិន​ផ្តល់​សំណង​ឲ្យ​បាន​សមស្រប​ទៅលើ​ជនរងគ្រោះ និង​ការបំផ្លាញ​ដោយ​ក្រុម​ល្បាត​ខ្លួន​ចំពោះ​ហេតុការណ៍​នេះ​។​
 
​សូម​ជម្រាប​ផងដែរ​ថា បើ​និយាយ​ក្នុង​ក្របខណ្ឌ​ទូលាយ សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែន​អធិបតេយ្យ​មាន​វិវាទ​មួយ ដែលមាន​ភាគី​ពាក់ព័ន្ធ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម តៃវ៉ាន់ និង​ចិន​។ ភាគី​ទាំងនេះ សុទ្ធសឹងតែ​បាន​គ្រប់គ្រង​លើ​ផ្នែក​មួយចំនួន​នៃ​ប្រជុំ​កោះ​ស្ព្រា​ត់​លី និង​ប៉ា​រ៉ា​សែ​ល ដែលជា​ប្រជុំ​កោះ​ដ៏​ធំ​របស់​សមុទ្រ​ចិន​ខាងត្បូង  ខណៈ​ផ្នែក​ខ្លះទៀត​នៃ​សមុទ្រ​នេះ ភាគី​ពាក់ព័ន្ធ​ទាំងនេះ បានទាមទារ​សិទ្ធិ​គ្រប់គ្រង​ត្រួតស៊ីគ្នា​។ ហេតុនេះហើយ ធ្វើ​ឲ្យ​សមុទ្រ​នេះ ក្លាយជា​ដែន​អធិបតេយ្យ​ជម្លោះ​៕ 
 

Tag:
 វៀតណាម​
  ចិន​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com