អន្តរជាតិ
ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី ក្តៅស្លឹកត្រចៀក ដោយសារ​សហភាព​អឺរ៉ុប ដាក់​រនាំង​ពាណិជ្ជកម្ម​លើ​ផលិតផល​ដូងប្រេង​
26, Mar 2019 , 8:39 am        
រូបភាព
រូបភាព៖ Malay Mail
រូបភាព៖ Malay Mail
ដោយ:
​ផែនការ​នៃ​ការ​រឹតត្បិត និង​ដាក់​លក្ខខណ្ឌ​លើ​ការ​នាំចូល​ផលិតផល​ដូងប្រេង​ពី​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​របស់​សហភាព​អឺរ៉ុប ទំនងជា​មិនមាន​ការដើរថយក្រោយ​វិញ​ឡើយ ដែល​ទំនោរ​នេះ កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នាំចេញ​ដូងប្រេង​ធំ​បំផុត​របស់​ពិភពលោក​ទាំងពីរ​នេះ​កើត​ទុក​មិន​សុខ​ឡើយ​។ នៅ​មិន​សុខ​នោះ​ក៏​ព្រោះតែ ផលិតផល​នេះ​នឹងត្រូវ​ស្ទះ ខណៈ​អ្នក​ដាំដូង​ប្រេង​ត្រូវ​ខាតបង់ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផងដែរ​។​


 
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា និង​រដ្ឋាភិបាល​ក្រុង​កូ​ឡា​ឡាំ​ពួរ ថ្មីៗ​នេះ បាន​ព្រមាន​ជា​បន្តបន្ទាប់​លើ​ផែនការ​រឹតត្បិត​លើ​ការ​នាំចូល​ផលិតផល​ដូងប្រេង​ដែល​ដាក់​ដោយ​សហភាព​អឺរ៉ុប​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។ រដ្ឋាភិបាល​ទាំងពីរ ក៏បាន​ត្រៀម​ភស្តុតាង​ដើម្បី​បង្ហាញ​ពី​ការ​ស្តង់ដារ និង​អាជ្ញា​បណ្ណ​អន្តរជាតិ នៃ​ការដាំដុះ និង​ផលិត​ផលិតផល​នេះ ដែល​សហភាព​អឺរ៉ុប​ចោទថា​បាន​បំផ្លាញ​បរិស្ថាន​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Jakarta Post នៅ​ថ្ងៃ​២៣ មីនា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បន្ត​រិះគន់​ខ្លាំង​ទៅលើ​សហភាព​អឺរ៉ុប បន្ទាប់ពី ក្រុង​ហ្សា​ការ​តា បានដឹង​បន្ថែមថា ផែនការ​រឹតត្បិត​របស់​សហភាព​អឺរ៉ុប​ផ្អែកលើ​ទិន្ន័យ​ដែលជា​ការស្រាវជ្រាវ​ចន្លោះ​ឆ្នាំ​២០០៨-២០១៥ ដែល​ពេលនោះ ស្ថានភាព​នៃ​ការកាប់​ព្រៃឈើ​ដើម្បី​ដាំដូង​ប្រេង​មាន​កម្រិត​ខ្ពស់​មែន ក៏ប៉ុន្តែ​មិន​ឆ្លុះបញ្ចាំង​ស្ថានភាព​បច្ចុប្បន្ន​ឡើយ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន និង​ជលផល​ឥណ្ឌូណេស៊ី Ruandha Agung Sugardiman បាន​ហៅ​ផែនការ​របស់​សហភាព​អឺរ៉ុប​គឺជា​ចំណាត់ការ​ដ៏​ប្រថុយប្រថាន​បំផុត ដោយ​មន្ត្រីជាន់ខ្ពស់​រូប​នេះ លើក​ជា​សំណួរ​ខ្លី​មួយ «​តើ​សហភាព​អឺរ៉ុប​អាច​ប្រើប្រាស់​របាយការណ៍​នោះ​ដោយ​របៀប​ណា បើ​ស្ថានភាព​បរិស្ថាន​របស់​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ចាប់ផ្តើម​ល្អប្រសើរ​វិញ​តាំងពី​ឆ្នាំ​២០១៦-២០១៨​វិញ​ហើយ​នោះ​?»
 
​ជុំវិញ​បញ្ហា​ដដែល​នោះ ម៉ាឡេស៊ី ដែលជា​ប្រទេស​នាំចេញ​ផលិតផល​ដូងប្រេង​លំដាប់​ទី​ពីរ​របស់​ពិភពលោក​បន្ទាប់ពី​ឥណ្ឌូណេស៊ី​នោះ ក៏​បានចេញ​ថ្លែងការណ៍​ប្រតិកម្ម​ខ្លាំង​ដូចគ្នា ដោយ​ម៉ាឡេស៊ី គំរាម​លើកយក​បញ្ហា​នេះ​ដើម្បី​តទល់​ជាមួយនឹង​សហភាព​អឺរ៉ុប តាមរយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ សម្រាប់​រដ្ឋាភិបាល​ម៉ាឡេស៊ី ផែនការ​របស់​សហភាព​អឺរ៉ុប មាន​លាយ​លំ​ជាមួយនឹង​នយោបាយ និង​ជារ​នាំ​ពាណិជ្ជកម្ម​ដ៏​ឃោរឃៅ​មួយ​ទៅលើ​ម៉ាឡេស៊ី​។​
 
​ហេតុអ្វី​សហភាព​អឺរ៉ុប ដាក់​រនាំង ឬ​ចង់​បិទ​នាំចូល​ផលិតផល​ដូងប្រេង​?
 
​សហភាព​អឺរ៉ុប នៅ​ឆ្នាំមុន​បាន​ពិនិត្យឡើងវិញ និង​បាន​ឯកភាពគ្នា​ក្នុងការ​អនុម័ត​លើ​បទបញ្ជា​ថ្មី​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ថាមពល​កើតឡើង​វិញ និង​ថាមពល​ស្អាតស្អំ ពោលគឺ​ថាមពល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។ តាមរយៈ​បទបញ្ជា​ថ្មី​នេះ រដ្ឋ​សហភាព​អឺរ៉ុប តម្រូវ​ឲ្យ​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​ដែល​កើតចេញពី​ការបំផ្លាញ​បរិស្ថាន ជាពិសេស​នោះ​ការកាប់បំផ្លាញ​ព្រៃឈើ​តែម្តង​។​
 
​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ការ​បទបញ្ជា​ថ្មី​នេះ សហភាព​អឺរ៉ុប បានសម្រេច​ចាប់ផ្តើម​រឹតត្បិត​លើ​មុខទំនិញ​ពាក់ព័ន្ធ​ទាំងនេះ​ចាប់ពី​ឆ្នាំ ២០១៩​នេះ​តទៅ និង​កាត់បន្ថយ​បរិមាណ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០២៣ និង​ឈានទៅដល់​ការបិទ​ការនាំ​ចូល​តែម្តង​នៅក្នុង​ឆ្នាំ​២០៣០​។ ផលិតផល​ដូងប្រេង ដែល​កន្លងមក​ត្រូវបាន​អឺរ៉ុប​នាំចូល និង​ប្រើប្រាស់​ជា​ប្រេងឥន្ធនៈ គឺជា​គោលដៅ​ចម្បង​មួយ​ដែល​ត្រូវ​ហាមឃាត់​។ 
 
​សម្រាប់​សហភាព​អឺរ៉ុប ដែលជា​បណ្តុំ​ប្រទេស​ជឿនលឿន​របស់​ពិភពលោក ចំណាត់ការ​នេះ ក៏​ជា​ជំហាន​នាំ​មួយ​គេ​មួយ​ក្នុង​បណ្តា​តំបន់​របស់​ពិភពលោក​ពាក់ព័ន្ធ​វិធានការ​កាត់បន្ថយ​ការឡើង​កំដៅ​ពិភពលោក ដោយសារតែ​ការបំផ្លាញ​បរិស្ថាន និង​ការកាប់បំផ្លាញ​ព្រៃឈើ​។ ក៏ប៉ុន្តែ​ចំណាត់ការ​នេះ  ស្រប​ជាមួយគ្នា ក៏បាន​សម្លាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​អាស្រ័យ​លើ​ផលិតផល​ដូងប្រេង​។ 
 
​ហេតុអ្វី​បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ប្រតិកម្ម​ខ្លាំង​?

​វិធានការ​របស់​សហ​ភាព​អឺរ៉ុប ពិតប្រាកដ​ណាស់​ថា កំពុងតែ​សម្លាប់​ដល់​ប្រទេស​ដែល​នាំចេញ​ផលិតផល​ដូងប្រេង​របស់​ពិ​ភ​លោក​ដែលមាន​ទាំង​នៅក្នុង​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិ​ព​ភ​លោក​អាហ្វ្រិក​ផង​។ ប៉ុន្តែ​អ្នក​រង​ផលប៉ះពាល់​បំផុត​នោះ​គឺ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ដែលជា​នាំចេញ​ធំ​បំ​ផុ​នៃ​ផលិត​នេះ ដែល​ស្មើនឹង​៨៥​ភាគរយ នៃ​ផលិត​សរុប​របស់​ពិភពលោក​។ 
 
​ទាំង​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ធ្លាប់បាន​អះអាងថា​រួចមកហើយ​ថា វិធានការ​នេះ នឹង​សម្លាប់​ដល់​ប្រជាជន​របស់​ប្រទេស​ទាំងពីរ ដ្បិត​៤០​ភាគរយ​នៃ​អ្នក​នាំ​ដូងប្រេង ឬ​ទទួលផល​ពី​ដូងប្រេង គឺជា​ប្រជាជន​ធម្មតា ហើយ​អត្រា​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពួកគេ ក៏​ជា​ចំណែក​មួយ​ពី​ចំណូល​នៃ​ផលិតផល​នេះ​ផងដែរ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com