ONE Championship
កីឡាជាតិ
ជាតិ
កីឡាការិនី​គុន​ចម្រុះ​ឆ្នើម​កម្ពុជា​៣​រូប​បង្ហាញ​អារម្មណ៍​មិនអាច​បំភ្លេចបាន​នៅ One Championship
25, Mar 2019 , 11:39 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ) សំ ថារ័ត្ន, នៅ ស្រីពៅ និង វី ស្រីខួច
(ពីឆ្វេងទៅស្តាំ) សំ ថារ័ត្ន, នៅ ស្រីពៅ និង វី ស្រីខួច
ដោយ៖ ស៊ី​ធី  

​នៅ​កម្ពុជា នារី​ហាត់​ក្បាច់គុន​មិនសូវ​សម្បូរ​ដូច​បុរស​នោះទេ​។ ប៉ុន្តែ​កីឡាការិនី​ហាត់​ក្បាច់គុន ៣ រូប​ដូចជា សំ ថា​រ័ត្ន  នៅ ស្រី​ពៅ និង វី ស្រី​ខួច សុទ្ធតែ​បង្ហាញ​ពី​មោទកភាព​ផ្ទាល់ខ្លួន​ក្រោយ​បាន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ ជាមួយគ្នា​នោះ ពួកគេ​ទាំង​៣​បានបង្ហាញ​ចំណាប់អារម្មណ៍​ប្លែកៗ ដែល​មិនអាច​បំភ្លេចបាន​នៅ​សង្វៀន One Championship នាពេល​កន្លងមក​។



​កីឡាការិនី សំ ថា​រ័ត្ន ដែល​ហាត់​ក្បាច់គុន​គ្រឹះ​ល្បុក្កតោ​នោះបាន​បង្ហើប​ថា​៖« រឿង​ចម្លែក​ក្នុង​ចិត្ត​របស់ខ្ញុំ​...​ខ្ញុំ​នឹកស្មាន​មិន​ដល់​ថា​អាច​ឈានទៅរក​ការ​វ៉ៃ​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះឡើយ​ពីមុន​នៅ One Championship ដែល​រៀបចំ​នៅ​ស្រុក​ខ្មែរ​នា​ឆ្នាំ ២០១៤​។ ក្នុងនោះ​ខ្ញុំ​ក៏​រន្ធត់ និង តក់ស្លុត​ខ្លួនឯង​ខ្លាំង​ដែរ ពេល​គាប វី ស្រី​ឆាយ ឲ្យ​ធ្លាក់​ស្មា ព្រោះ​ខ្លាច​គេ​បាត់បង់​អាជីព និង មាន​វិប្បដិសារី​។​»  លើសពីនេះទៅទៀត កីឡាការិនី​គុន​ល្បុក្កតោ មិនអាច​បំភ្លេចបាន​មួយទៀត​ពេល​ប្រកួត​គុន​ចម្រុះ​ជាមួយ​កីឡាករ​ការិនី​ឥណ្ឌា Jeet Tosihi កាល​ឆ្នាំ ២០១៥ ដែល​ពេលនោះ គេ​ដកដង្ហើម​សឹង​មិន​ដល់​គ្នា ប៉ុន្តែ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ស្រែក​ឲ្យ​រូបគេ «​ស៊ូៗ​,..​ថា​រ័ត្ន​ប្រឹង​ឡើង​»​។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ ថា​រ័ត្ន អាច​តស៊ូ​រហូតដល់​ប​ញ្ច​ប់​ទឹក​ទោះ​មានការ​វ៉ៃ​សន្ធាប់​ពី​សំណាក់ Tosihi ក៏ដោយ​។ ទាំងនេះ​សុទ្ធតែជា​រឿង​ដែល កីឡាការិនី​គុន​ល្បុក្កតោ​រូបនេះ ចងចាំ​មិនអាច​ភ្លេច​ឡើយ​។ 
 
​បើ​ឯកមក​កីឡាការិនី វី ស្រី​ខួច ដែលមាន​អាយុ ២៥ ឆ្នាំ​ឯណោះ​វិញ មានរឿង​រ៉ាវ​គួរ​ឲ្យ​ចងចាំ​ថា One Championship ជា​ព្រឹត្តិការណ៍​ធំ​អស្ចារ្យ​ណាស់ ហើយ មាន​មោទនភាព​សម្រាប់​ខ្លួនឯង​ដោយបាន​ឈាន​ជើង​ចូលរួម​លើក​ឆាក​អន្តរជាតិ​បែបនេះ​។ ទន្ទឹមគ្នា​នោះ វី ស្រី​ខួច ថា​មិនអាច​ភ្លេច​ងាយៗ​ទេ​ចំពោះ​បរាជ័យ​ទល់នឹង កីឡាការិនី​ម្ចាស់ផ្ទះ សិង្ហ​បុរី May Ooi កាល​ឆ្នាំ ២០១៧​។ ស្រី​ខួច សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ ៖«​ខ្ញុំ​ចាញ់ May Ooi ដោយសារ​ភ្លេចខ្លួន​មួយ​ភ្លែត​ឲ្យ​ចូល​ក្បាច់​ក្លេរ របស់គេ​ត្រឹម​ទឹក​ទី​១​។ ក្បាច់​ក្លេរ​ជា​បញ្ហា​ធំ​របស់ខ្ញុំ​ព្រោះ​យើង​មិនទាន់​សុំា​ខ្លាំង​ដោយ​កន្លងមក ខ្ញុំ​ហ្វឹកហាត់​តែ​ប្រដាល់​ប៉ុណ្ណោះ​។ នេះ​ជាការ​ចងចាំ​រឿង​ជូរចត់​ក្នុងការ​ប្រកួត​នេះ​។​»
 
​បើ​និយាយ​អំពី កីឡាការិនី នៅ ស្រី​ពៅ ដែលមាន​វ័យ ២៤ ឆ្នាំ​កំពុង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ប្រដាល់​នៅ​កម្ពុជា​ជក់​ភ្នែក​ក្នុងការ​តាមដាន​ជាពិសេស​ការ​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​តំណាង​ឲ្យ​កម្ពុជា​។ កំណត់ត្រា​ក្នុង​ជីវិត​គួរ​ឲ្យ​ចងចាំ​បំផុត​ថ្មីៗ​នេះ គឺ​ពេល​ឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ថៃ Rika Ishige កាល​ខែ​មុន​នៅ​សង្វៀន One Championship ដែលជា​រឿង​លើសពី​ការ​ស្មាន​ទុក​។ កីឡាការិនី​រហស្សនាម "TinyDoll” មានបទពិសោធន៍​លើស​ង្វៀន​នេះ​រហូតដល់ ៨ ដង ខណៈដែល ស្រី​ពៅ ទើប​ឡើង​វ៉ៃ​លើកដំបូង​។ ស្រី​ពៅ សង្កត់ធ្ងន់​បែបនេះ​៖ «​ខ្ញុំ​រំភើប​ខ្លាំង​មែនទែន វ៉ៃ​ក្នុង​ដី​គេ ហើយ​អាច​ឈ្នះ​ក្នុងការ​ប្រកួត​ទី​១ របស់ខ្ញុំ​នៅ​ថៃ​។ នេះ​ជា​សកម្មភាព​អស្ចារ្យ​របស់ខ្ញុំ បំភ្លេច​មិនបាន​។​»
 
​គួររំលឹកថា សំ ថា​រ័ត្ន ធ្លាប់​វ៉ៃ​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ​ចំនួន ៦ លើក​ដែល​ក្នុងនោះ ឈ្នះ ៤ លើក និង ចាញ់ ចំនួន ២ លើក​។ រីឯ វី ស្រី​ខួច វិញ វ៉ៃ​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ​បាន​ចំនួន ៤ ដងដោយ​ឈ្នះ ២​ដង និង ចាញ់ ២ ដង​។ ហើយ នៅ ស្រី​ពៅ ចេញទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផ្លូវការ​ចំនួន ៣ ដងដោយ​ឈ្នះ​ទាំងបី​ដង​ពោល ឈ្នះ​នៅ មី​យ៉ាន់​ម៉ា ២ ដង និង ឈ្នះ​នៅ​ប្រទេស​ថៃ​ចំនួន ១ ដង​៕ 

Tag:
 One Championship
  សំ ថា​រ័ត្ន
  នៅ ស្រី​ពៅ​
  វី ស្រី​ខួច
© រក្សាសិទ្ធិដោយ thmeythmey.com