ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី តប​សម្តេច ហ៊ុន សែន ថា​លោក កឹម សុខា ពុំ​ហាម​អ្នកណា​មិន​ឲ្យ​សុំ​សិទ្ធិ​នយោបាយ​ទេ​
25, Mar 2019 , 6:35 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោកមេធាវី ផាន់ ច័ន្ទសាក់, អ្នកស្រីមេធាវី ម៉េង សុភារី, អ្នកស្រី តែ ច័ន្ទមនោ (ភរិយាលោក កឹម សុខា), លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ, លោកមេធាវី ផែង ហេង, និង លោកមេធាវី ចាន់ ចេង ជួបគ្នាកាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩។ រូបពីគណនីហ្វេសប៊ុក Chantha Muth
ពីឆ្វេងទៅស្តាំ៖ លោកមេធាវី ផាន់ ច័ន្ទសាក់, អ្នកស្រីមេធាវី ម៉េង សុភារី, អ្នកស្រី តែ ច័ន្ទមនោ (ភរិយាលោក កឹម សុខា), លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ, លោកមេធាវី ផែង ហេង, និង លោកមេធាវី ចាន់ ចេង ជួបគ្នាកាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩។ រូបពីគណនីហ្វេសប៊ុក Chantha Muth
ដោយ: ថ្មីៗ
​លោក ផែង ហេង និង​លោក ចាន់ ចេ​ន មេធាវី​របស់លោក កឹម សុខា បាន​ចេញមក​ការពារ​លោក កឹម សុខា ដែល​រង​ការចោទប្រកាន់​ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ព្យាយាម​រារាំង​អតីត​ថ្នាក់​ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​សុំ​សិទ្ធិ​នយោបាយ​។

 
​តាមរយៈ​ការ​សា​រលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក​មេធាវី ផែង ហេង បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​សូម​អធ្យាស្រ័យ ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ខ្លី​ថា លោក កឹម សុខា មិនបាន​ហាមឃាត់​ឬ​ព្រមាន​អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ហើយក៏​មិនបាន​ជំរុញ​ឲ្យ​ទៅសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ដែរ​»​។ ចំណែក​សា​របស់លោក​មេធាវី ចាន់ ចេ​ន ដែល​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក ក៏​មានន័យ​ដូចគ្នានេះដែរ​។​
 



 
  
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និ​ស្សិន​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នា​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​សម្តែង​ការមិនពេញចិត្ត​នឹង​លោក កឹម សុខា ដោយ​ដឹងថា​លោក មិន​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ​។ ប្រធាន​គណបក្សកាន់អំណាច​រូបនេះ បាន​និយាយ​សំដៅទៅ​លោក កឹម សុខា យ៉ាង​ដូច្នេះ​ថា​៖«​មាន​អ្នកខ្លះ ជាប់ឃុំ​ក្នុងផ្ទះ​នៅឡើយ​ទេ តែ​ព្រមាន​គេ មិន​ឲ្យ​សុំ​សិទ្ធិ​នយោបាយ​។ ចាំតែ​រួចខ្លួន​តើ ខ្ញុំ​មិន​ឲ្យ​រួចខ្លួន​ទេ​។ ឲ្យ​តែ​តុលាការ​កាត់ទោស​រួចហើយ អត់​មានរ​ញេ​រ​ញៃ​ទេ​»​។​
 
​ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អតីត​ថ្នាក់​ដឹកនាំគណបក្សប្រឆាំង ដែល​មិនទាន់​ទទួល​បានសិទ្ធិ​នយោបាយ តែ​បន្តធ្វើ​សកម្មភាព​នយោបាយ​និង​ជួបជុំ​អ្នក​គាំទ្រ។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាល បាន​ប្រាប់​អាជ្ញាធរ​ឲ្យ​ជួយ​សម្រួល​ដល់​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដែល​ទទួលបាន​សិទ្ធិ​នយោបាយ ក្នុង​ការធ្វើសកម្មភាព​នយោបាយ​ឬ​ចុះ​ជួប​អ្នកគាំទ្រ​។ 
 
​ក្នុងចំណោម​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំង​១១៨​នាក់ (​ស្លាប់​ម្នាក់​) ដែល​ត្រូវបាន​តុលាការ​កំពូល​ដកសិទ្ធិ​នយោបាយ មាន​៩​នាក់​ហើយ ដែល​ទទួលបាន​សិទ្ធិ​នយោបាយ​វិញ ក្រោយ​ពួកគេ ធ្វើសំណើ​។ អ្នក​ទាំងនោះ គឺ លោក គង់ គាំ លោក គង់ បូរ៉ា លោក រៀល ខេ​ម​រិ​ន្ទ្រ លោក ស៊ឹម សុវណ្ណនី លោក អ៊ូ ច័ន្ទ​រ័ត្ន លោក កង គឹម​ហាក់ លោក ជីវ កក្តា លោក ច័ន្ទ សិលា និង​អ្នកស្រី ទេព សុ​ទ្ធី​។ 
 
​លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ទុក​រឿង​សុំ​សិទ្ធិ​នយោបាយ​មួយ​ឡែក​សិន​។ មេដឹកនាំ​ក្រុមប្រឆាំង​ដែល​កំពុង​និរទេស​រូបនេះ ប្រកាសថា ការទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ទើប​ជា​រឿង​សំខាន់​និង​ចាំបាច់​៕   

Tag:
 មេធាវី​
  កឹម សុខា​
  ហ៊ុន សែន​
  សិទ្ធិ​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com