ការទន្ទឹងរង់ចាំ និងភាពរំភើបរីករាយរបស់សិស្សានុសិស្ស បុគ្គលិកការងារ មាតាបិតារបស់សិស្ស និងសាធារណជន ក្នុងការប្រារព្ធកម្មវិធីសប្បុរសធម៌ ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែររបស់ សាលា ACE កាន់តែខិតជិតមកដល់ហើយ។ សាលាACE នឹងរៀបចំកម្មវិធីសប្បុរសធម៌លើកទី៥ ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ នៅថ្ងៃទី៧ ខែមេសាខាងមុខនេះ ចាប់ពីម៉ោង ៨:៣០ព្រឹក ដល់ ៥:០០ ល្ងាច) នៅសាលា ACE ទីតាំងទួលទំពូង។ កម្មវិធីនេះ ជាគំនិតផ្តួចផ្តើម និងរៀបចំដោយគណៈកម្មការសង្គម របស់ IDP និងACE និងការចូលរួម ដឹកនាំដោយអគ្គរាជទូតសុឆន្ទៈសិស្ស និងបុគ្គលិកទាំងអស់ របស់សាលា ACE។
ការដើរបង្ហាញម៉ូតរបស់អគ្គរាជទូតសុឆន្ទៈសិស្សសាលា ACE ក្នុងកម្មវិធីសប្បុរសធម៌ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ ២០១៧
កម្មវិធីសប្បុរសធម៌នេះ មិនត្រឹមតែមានគោលបំណងរកមូលនិធិជួយ សង់បង្គន់អនាម័យ និងអណ្ដូងទឹក ដល់សាលារៀនតាមជនបទប៉ុណ្ណោះទេ តែក៏ជួយផ្សព្វផ្សាយវប្បធម៌ប្រពៃណី និងវប្បធម៌ចែករំលែក ទៅដល់ប្រជាពលរដ្ឋទូទៅផងដែរ។
ការសម្ដែងរបស់សិស្សានុសិស្សកម្មវិធីសម្រាប់កុមារ សាលាACE ក្នុងកម្មវិធីសប្បុរសធម៌ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ ២០១៨
នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានលក្ខណៈប្លែកជាងបណ្ដាឆ្នាំមុនៗបន្តិច ដោយសិស្សានុសិស្ស និងអាណាព្យាបាល ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីសូត្រមន្ដ និងរាប់បាត្រនៅពេលព្រឹក ចាប់ពីម៉ោង ៨ កន្លះព្រឹក ដល់ម៉ោង ១០ និង២០នាទី។ នៅពេលព្រឹកនេះដែរ នឹងមានការទេសនាផ្ដល់ឱវាទដោយ ព្រះភិក្ខុ សត្យមុនីបុត្តោ ជា សុមាលា (ព្រះអគ្គនាយកវិទ្យុមាលា) និងពិធីប្រគេនទេយ្យទាន និងរាប់បាត្រព្រះសង្ឃចំនួន ៧០អង្គផងដែរ។
ដោយទ្បែកសម្រាប់កម្មវិធីនៅពេលរសៀល (តម្រូវឲ្យមានសំបុត្រចូលរួម) អ្នកចូលរួមទាំងអស់ អាចទទួលទានអាហារថ្ងៃត្រង់ និងភ្លក់រសជាតិម្ហូបអាហារបែបខ្មែរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជុំគ្នា។ អ្វីដែលកាន់តែពិសេស អ្នកចូលរួមនឹងមានបានទស្សនាម៉ូតសំលៀកបំពាក់របស់ខ្មែរ តាមសម័យកាលនីមួយៗ រាប់ចាប់ពីសម័យមុនអង្គរ រហូតដល់សម័យឧដ្តុង្គ និងអាចស្លៀកសំលៀកបំពាក់តាមសម័យកាលនីមួយៗបានផងដែរ។ លើសពីនេះទៀត ពួកគេ ក៏អាចស្វែងយល់បន្ថែមពីឧបករណ៍តន្ដ្រីបុរាណខ្មែរ រាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយជាច្រើនទៀត។
ការលេងល្បែងប្រជាប្រិយ របស់អ្នកចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ ២០១៨
ម្យ៉ាងទៀតសម្រាប់អ្នកចូលរួមដែលចូលចិត្ត ឬចង់ហាត់ Yoga ក៏អាចអញ្ជើញចូលរួមបានដោយនៅក្នុងកម្មវិធីនេះ ក៏មានរៀបចំបន្ទប់សម្រាប់ហាត់ Yoga ដែលបង្រៀនដោយគ្រូ ជំនាញផងដែរ។ បន្ថែមពីនេះ ក៏នឹងមានការតាំងពិព័រណ៍ស្ដង់ជាច្រើន រួមមានស្តង់មកពីស្ថាប័ន ដែលបានឧបត្ថម្ភកម្មវិធីស្តង់លក់ម្ហូបអាហារបែបខ្មែរ ភេសជ្ជៈ និងវត្ថុអនុស្សារីយ៍ ដើម្បីជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌នេះផងដែរ។
សំបុត្រចូលរួមកម្មវិធីមានលក់នៅគ្រប់ទីតាំងសាលា ACE ទាំងអស់នៅភ្នំពេញ (ទីតាំងសម្ដេចប៉ាន ទីតាំងសន្ធរម៉ុក ទីតាំងទួលទំពូង និងទីតាំងទួលគោក) ឬទំនាក់ទំនងតាមរយៈ ០២៣ ២២២ ៣២៥ / ០៩៦ ៧៣០០ ៩២១ ឬ Facebook page:
ACE Charity។
សំបុត្រចូលរួមមួយតម្លៃតែ ២០,០០០រៀល ប៉ុណ្ណោះ (មានអាហារថ្ងៃត្រង់ជូន)។
ថវិកាដែលទទួលបានពីកម្មវិធីនឹងយកជួយសាងសង់បង្គន់អនាម័យ និងអណ្ដូងទឹកដល់សាលារៀនតាមជនបទ។
នៅចាំអីទៀត កុំភ្លេចចូលរួមទាំងអស់គ្នាណា!
(អត្ថបទពាណិជ្ជកម្ម)