អន្តរជាតិ
បក្ស​សេដ្ឋី​វ័យក្មេង​ថៃ ដាក់​លក្ខខណ្ឌ​បី​ធំៗ មុន​ចាប់ដៃ​បង្កើត​សម្ព័ន្ធភាព​នយោបាយ​
26, Mar 2019 , 11:15 am        
រូបភាព
ប្រធានគណបក្សអនាគតឈានមុខ លោក Thanathorn Juangroongruangkit (រូបថត៖ The Nation ថៃ)
ប្រធានគណបក្សអនាគតឈានមុខ លោក Thanathorn Juangroongruangkit (រូបថត៖ The Nation ថៃ)
ដោយ:
​គណបក្ស​អនាគត​ឈានមុខ (Future Forward) របស់​អ្នកនយោបាយ​ជំនាន់​ក្រោយ​ថៃ លោក Thanathorn Juangroongruangkit  បានដាក់​លក្ខខណ្ឌ​ចំនួន​បី​ធំៗ មុន​រួម​ដៃ​ជាមួយ​បក្ស​ផ្សេងទៀត ដើម្បី​បង្កើត​សម្ព័ន្ធភាព​នយោបាយ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្នុងចំណោម​លក្ខខណ្ឌ​ទាំងបី​គ្មាន​ការស្នើសុំ​ឲ្យ​មេដឹកនាំ​ខ្លួន​ធ្វើជា​នាយករដ្ឋមន្ត្រី ឬ​ចរចា​សុំ​កៅអី​រដ្ឋមន្ត្រី​ណាមួយ​នោះឡើយ​។​

 
​គណបក្ស​អនាគត​ឈានមុខ ដែល​ទទួល​កៅអី​យ៉ាងហោចណាស់​៨០ ពី​សំឡេងឆ្នោត​ប្រមាណ ៥,៨​លាន​សន្លឹក​នោះ ឈរ​ជាប​ក្សធំ​បំផុត​លំដាប់​ទី​បី បន្ទាប់ពី​បក្ស​ភឿ​ថៃ និង​បក្ស​កម្លាំង​ប្រជារាស្ត្រ​គាំទ្រ​របប​យោធា​។ នេះ​បើតាម​លទ្ធផល​បោះឆ្នោត​ប​ឋ​ម ដែល​ចុះផ្សាយ​នា​ថ្ងៃ​ចន្ទ​ទី​២៥ ខែមីនា​។ 
 
​ប្រធាន​គណបក្ស​អនាគត​ឈានមុខ លោក Thanathorn បាន​សារភាពថា បក្ស​ភឿ​ថៃ​ដែល​ស្និទ្ធ​នឹង​ត្រកូល​ស៊ីណា​វ៉ា​ត់ បាន​ចូលមក​ចរចា​ជាមួយ​បក្ស​លោក ដើម្បី​រួមគ្នា​បង្កើត​សម្ព័ន្ធភាព​នយោបាយ​។ យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bangkok Post លក្ខខណ្ឌ​ទាំងបី​របស់​បក្ស​នេះ គឺ​ផ្អែកលើ​សន្យា​ដែល​លើកឡើង​អំឡុងពេល​ឃោសនា​រក​សំឡេងឆ្នោត​។ 
 
​ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃ​ចន្ទ អគ្គលេខាធិការ​បក្ស​អនាគត​ឈានមុខ លោក Piyabutr Saengkanokkul គូសបញ្ជាក់ថា លក្ខខណ្ឌ​ទីមួយ​របស់​បក្ស​លោក​សម្រាប់​ចូលរួម​សម្ព័ន្ធភាព​នោះ គឺ​ចង់​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ​ឆ្នាំ​២០១៧ ដែល​បង្កើតឡើង​ដោយ​របប​យោធា និង​ដាក់​បន្ថែម​កថាខណ្ឌ​ថ្មី​មួយ ដែល​បើកទ្វារ​សម្រាប់​ប​ង្កើ​ត​ឡើង​នូវ ក្រុមប្រឹក្សា​មួយ​ដែល​ប្រសូត្រ​ឡើង​ដោយ​ការបោះឆ្នោត និង​មាន​តួនាទី​បង្កើត​សេចក្តីព្រាង​រដ្ឋធម្មនុញ​។ ដូចគ្នា​នឹង​រដ្ឋធម្មនុញ​ឆ្នាំ​១៩៩៧ មុននឹង​សេចក្តីព្រាង​រដ្ឋធម្មនុញ​ថ្មី អាច​ចូល​ជាធរ​មានបាន​នោះ គេ​ត្រូវធ្វើ​ប្រជាមតិ​ជាមុនសិន​។ 
 
​បើតាម​លោក Piyabutr ដដែល សម្រាប់​លក្ខខណ្ឌ​ទី​ពីរ​វិញ  គណបក្ស​លោក ចង់​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​លើ​វាក្យខណ្ឌ ២៧៩ នៃ​រដ្ឋធម្មនុញ​ឆ្នាំ​២០១៧ ដែល​ផ្តល់​សិទ្ធិ​ស្របច្បាប់​ដល់​រាល់​បទបញ្ជា​និង​សេចក្តីប្រកាស​របស់​ប្រធាន និង​បណ្តា​មន្ត្រី​របស់​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង សណ្តាប់ធ្នាប់ (NCPO) ព្រមទាំង​ផ្តល់​អភ័យឯកសិទ្ធិ​សម្រាប់​ពួកគេ​ផងដែរ​។ សម្រាប់​លក្ខខណ្ឌ​ចុងក្រោយ បក្ស​អនាគត​ឈានមុខ ចង់​ជំរុញ​ធ្វើកំណែទម្រង់​ប្រព័ន្ធ​ដឹកនាំ​យោធា ឲ្យ​ស្រប​ជាមួយ​លទ្ធិប្រជាធិបតេយ្យ ក្នុង​គោលដៅ​ទប់ស្កាត់​រដ្ឋប្រហារ​នៅពេល​ខាងមុខ​។​
 
​ដោយឡែក ប្រធាន​បក្ស​អនាគត​ឈានមុខ Thanathorn អះអាងថា គណបក្ស​ដែល​ឈ្នះ​កៅអី​ច្រើន​បំផុត ត្រូវតែ​អនុញ្ញាត​ឲ្យ​បង្កើត​រដ្ឋាភិបាលចម្រុះ​មុន ដោយ​ផ្អែកលើ​ប្រពៃណី​នយោបាយ ដែល​ថៃ​អនុវត្ត​ជា​យូរ​មកហើយ​នោះ​។ ម្យ៉ាងវិញទៀត អ្នកនយោបាយ​វ័យក្មេង​រូបនេះ ក៏​ប្រកាស​ទៀតថា បក្ស​លោក​នឹងមិន​ស្នើ​ដាក់​បេក្ខភាព​នាយករដ្ឋមន្ត្រី (​ខ្លួន​លោក​ផ្ទាល់​) ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​សម្ព័ន្ធភាព​នោះឡើយ ដោយសារតែ​បក្ស​លោក​មិនមែនជា​បក្ស​ដែល​ទទួល​កៅអី​ច្រើនជាងគេ​៕
 

Tag:
 Thanathorn Juangroongruangkit
  នយោបាយ​ថៃ​
  បោះឆ្នោត​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com