ភ្នំពេញ៖ ក្រោយកិច្ចប្រជុំបញ្ចប់ទៅ ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅតែបន្តឆ្លើយឆ្លងសម្ដីគ្នា ដែលហាក់ដូចជាបង្ហាញពីភាពមិនចុះសម្រុង នៅក្នុងជំនួបពិភាក្សា កាលពីថ្ងៃទី២២ មីនា កន្លងមក។ សម្រង់ខ្លឹមសាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចោទថា ក្រសួងយុត្តិធម៌តែងតែបកស្រាយការពារស្ថាប័នតុលាការ ផ្ទុយពីភារកិច្ចខ្លួន។ តែក្រសួងយុត្តិធម៌ ច្រានចោលការចោទប្រកាន់នេះ។
ដើមចមដែលនាំឲ្យក្រសួងយុត្តិធម៌ ចេញសម្តីតបតនេះ គឺដោយសារតែក្រុមប្រឹក្សាពិគ្រោះយោបល់ បានលើកឡើងថា រាល់សំនួររបស់ខ្លួន ដែលពាក់ព័ន្ធរឿងតុលាការនោះ ក្រសួងយុត្តិធម៌មិនបានបកស្រាយឲ្យចំនោះទេ ដោយក្រសួងគ្រាន់តែនិយាយពីទ្រឹស្តីច្បាប់ និងគោលការណ៍បែងចែកអំណាច និងឯករាជ្យរបស់តុលាការប៉ុណ្ណោះ។ ប៉ុន្តែរាល់ការបកស្រាយចុះឡើងរបស់ក្រសួងយុត្តិធម៌ បែរជាការពារតុលាការទៅវិញ ដោយខកខានលើកឡើងពីភារកិច្ចរបស់ក្រសួង ដែលជាសេនាធិការរដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តច្បាប់។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏រៀបរាប់ពីសំនួរមួយចំនួន ដែលបានសួរទៅក្រសួងយុត្តិធម៌ ឲ្យបកស្រាយដែរ ដោយក្នុងនោះរួមមាន បញ្ហាពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃជម្លោះដីធ្លីនៅតំបន់ពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់តុលាការ។ បញ្ហាខ្វះជំនឿទុកចិត្តរបស់ពលរដ្ឋលើប្រព័ន្ធយុត្តិធម៌, ការពន្លឿនការអនុវត្តន៍នីតិវិធីជំនុំជម្រះ, បរិបទក្នុងពន្ធនាគារ, រឿងមិនប្រក្រតីក្នុងការកាត់សេចក្តីនៅតុលាការ និងបញ្ហាគ្រឿងញៀនជាដើម។
ដោយសារតែចំណុចខាងលើនេះហើយ ទើបក្រសួងយុត្តិធម៌ ដែលមិនពេញចិត្តចំពោះការលើកឡើងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងយោបល់ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានចាត់ទុកសម្តីរបស់អង្គភាពមួយនេះជា ការនិយាយមិនពិត ហើយបន្តុះបង្អាក់មកលើស្ថាប័នខ្លួន។ ក្នុងន័យនេះក្រសួងយុត្តធម៌ នៅតែរក្សាជំហរពន្យល់ថា សំនួរដែលទាក់ទងនឹងករណីសំណុំរឿងនៅស្ថាប័នតុលាការមួយចំនួននោះ ខាងក្រសួងបានត្រឹមបកស្រាយជាទិដ្ឋភាពរួមនៃច្បាប់តែប៉ុណ្ណោះ។ ត្រង់ចំណុចនេះ ក្រសួងយុត្តិធម៌ បានលើកហេតុផលដូច្នេះថា៖«ទី១ ស្ថាប័នតុលាការជាស្ថាប័នឯករាជ្យ។ ទី២ ក្រសួងត្រូវការពេលវេលាក្នុងការសិក្សាស្រាវជ្រាវ ដើម្បីឲ្យបានដឹងអំពីព័ត៌មានទាក់ទងនឹងសំណុំរឿងជាក់លាក់ដែលបានលើកឡើង។ ក្នុងន័យនេះក្រសួងយុត្តិធម៌រីករាយ និងស្វាគមន៍ដើម្បីទទួលយកនូវឯកសារពាក់ព័ន្ធ នឹងសំនួរទាក់ទងនឹងរឿងជាក់លាក់ ដើម្បីធ្វើការស្រាវជ្រាវ និងឆ្លើយតបទៅតាមពេលវេលាសមស្របណាមួយ»។
ងាកមកបញ្ហាសំនួរវិញ ក្រសួងយុត្តិធម៌ អះអាងថា សំនួរលក្ខណៈទូទៅមួយចំនួន ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ស្ថាប័នផ្សេង ដែលមិនមែនជាភារកិច្ចរបស់ក្រសួងឡើយ ដូចជាបញ្ហាពុករលួយជាដើម។ ចំណែកសំនួរខ្លះទៀត គឺមានភាពមិនច្បាស់លាស់ ហើយពាក់ព័ន្ធដល់កិច្ចដំណើរការនីតិវិធីរបស់តុលាការ ឬសាកសួរទៅលើសាលដីការបស់តុលាការតែម្ដង ទើបក្រសួងពុំមានមូលដ្ឋានដឹងច្បាស់ពីសំណុំរឿងទាំងនោះ ដែលត្រូវទាមទារឲ្យមានការស្រាវជ្រាវសិន ទើបអាចឆ្លើយបាន។
«ក្រសួងយុត្តិធម៌មានការសោកស្ដាយចំពោះសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែងទាំងស្រុងនៃទិដ្ឋភាពកិច្ចប្រជុំ។ នៅមុនកិច្ចប្រជុំនេះ ក្រសួងយុត្តិធម៌ក៏បានឃើញអំពីភាពធ្វេសប្រហែសមិនយកចិត្តទុកដាក់របស់លេខាធិការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលបានសរសេររបៀបវារៈនៃកិច្ចប្រជុំ និងបានផ្សព្វផ្សាយលើទំព័តហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែមីនា កន្លងមក ដោយបានកំណត់ឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បកស្រាយអំពីដែនសមត្ថកិច្ចក្រសួងបរិស្ថានទៅវិញ។ ក្រសួងយុត្តិធម៌ជឿជាក់ថា លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងយកចិត្តទុកដាក់ពង្រឹងការងាររបស់ខ្លួនឡើងវិញ…»។ នេះជាការលើកឡើងរបស់ក្រសួងយុត្តិធម៌។
តែយ៉ាងណាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអះអាងឆ្លើយតបវិញថា អ្វីដែលខ្លួនបានលើកឡើង សុទ្ធតែជាការពិត មិនដូចអ្វីដែលក្រសួងយុត្តិធម៌បដិសេធនោះទេ។ តាមរយៈហ្វេសប៊ុករបស់លេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានសរសេរបកស្រាយតបសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌យ៉ាងដូច្នេះថា៖«លេខាធិការដ្ឋាននៅតែរក្សាជំហររបស់ខ្លួនដដែល ចំពោះភាពពិតប្រាកដនៃសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដោយឈរលើកំណត់ត្រាពីសំណាក់មន្ត្រី១៥នាក់ ហើយបានផ្ទៀងផ្ទាត់ជាមួយឃ្លីបសំឡេង(កិច្ចប្រជុំ)»៕