ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ហង់ ពៅ ប្រាប់​ពី​បច្ចេកទេស​ដែល​លោក​ធ្វើឱ្យ​ប្រព័ន្ធ​ទឹក​បុរាណ​ដែល​ស្លាប់​ជាង​៥០០​ឆ្នាំមាន​ជីវិត​ឡើងវិញ
17, Apr 2022 , 1:59 pm        
រូបភាព
​សៀមរាប​៖ ក្រៅពី​កិច្ចការ​អភិរក្ស សមិទ្ធផល​មួយទៀត​ដែល​លេចធ្លោ​សម្រាប់​អាជ្ញាធរ​អប្សរា​ក្នុង​កិច្ចការ​គ្រប់គ្រង​រមណី​យ​ដ្ឋា​ន​អង្គរ នោះ​គឺ​ការគ្រប់គ្រង​ទឹក​។ គេ​ដឹងថា អ្នកជំនាញ​បាន​រកឃើញ​និង​ស្ថា​រ​ប្រព័ន្ធធារាសាស្ដ្រ​សម័យបុរាណ ដែល​បាត់បង់​ឬ​ស្លាប់​ជាង​៥០០​ឆ្នាំ​ឱ្យ​រស់​ឡើងវិញ បម្រើ​ប្រយោជន៍​ទាំង​កិច្ចការ​អភិរក្ស​ប្រាសាទ និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។ ចាប់តាំងពី​សមិទ្ធផល​នេះ​កើតឡើង ក្នុង​តំបន់​អង្គរ​មិនដែល​មាន​បញ្ហា​ខ្វះ​ទឹក​ទេ ហើយ​ថែមទាំង​បញ្ជៀ​ស​ជំនន់​ទឹកភ្លៀង​មិនឱ្យ​ជន់​លិច​ប្រាសាទ​ផង​។ អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ហង់ ពៅ ដែល​ដឹកនាំ​ដោយផ្ទាល់​លើ​កិច្ចការ​នេះ​ប្រាប់ថា លោក​គ្រាន់តែ​ធ្វើឱ្យ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ ឱ្យ​រស់​វិញ​តែប៉ុណ្ណោះ ហើយ​នេះ​ជា​អ្វីដែល​អន្ដរជាតិ​ឱ្យ​តម្លៃ​ដល់​បេតិកភណ្ឌ​ខ្មែរ​។​

 
​សូម​ស្ដាប់​ប្រសាសន៍​របស់លោក ហង់ ពៅ ដែល​ឆ្លើយតប​ទៅនឹង​សំណួរ​អ្នកសារព័ត៌មាន​ក្នុងឱកាស​បើក​ពិព័រណ៍​សមិទ្ធផល​ការងារ​២៥​ឆ្នាំ នៅ​ថ្ងៃទី​១៥ កុម្ភៈ នៅមុខ​ប្រាសាទ​អង្គរ ដូចតទៅ​




 
​នៅ​ឆ្នាំ​២០០៤ ស្រះស្រង់ និង​ក​សិន្ធុ​អង្គរវត្ត គោក​រីង​ទឹក ហើយ​ស្របពេលនោះ​លោក ហង់ ពៅ ទើប​ចូលធ្វើការ​នៅ​អាជ្ញាធរ​អប្សរា​។ មាន​សំណួរ​២​ដែល​ចោទ​លើ​អ្នកជំនាញ​ទឹក​រូបនេះ ទី​១ បើសិន​បុព្វបុរស​ខ្មែរ​បង្កើត​ក​សិន្ធុ បារាយណ៍​ធំៗ ប្រសិនបើ​អត់​មាន​ប្រព័ន្ធ​បញ្ចូល​ទឹក តើ​បង្កើត​យ៉ាងដូចម្ដេច​? ទី​២ ចុះ​ហេតុអ្វី​បុព្វបុរស​ខ្មែរ​ត្រូវការ​ទឹក​ច្រើន​ម្លេះ​? ក្រោយពេល​រកឃើញ​ចម្លើយ​ទាំងនេះ​រួចហើយ សំណួរ​ដ៏​ធំ​មួយទៀត ថា​តើ​ត្រូវ​ដោះស្រាយ​បែបណា​? ក្រោយ​សិក្សា​ស៊ីជម្រៅ​រួចមក អគ្គនាយក​អាជ្ញាធរ​អប្សរា​រកឃើញថា បុព្វបុរស​ខ្មែរ​ពឹង​លើ​ស្រទាប់​ខ្សាច់​ធ្វើជា​គ្រឹះ ដើម្បី​ទ្រ​ប្រាសាទ​ដែលមាន​ទម្ងន់​មហាសាល​។ ស្រទាប់​ដីខ្សាច់ ត្រូវការ​ទឹក​ក្រោម​ដី​ជា​ចាំបាច់ ដើម្បី​បង្ហាប់ ធ្វើឱ្យ​គ្រឹះ​ប្រាសាទ​មាន​ភាពរឹងមាំ​។​
 
​នៅ​ចុងឆ្នាំ​២០០៧ ប្រព័ន្ធធារាសាស្ដ្រ​នៅ​បារាយណ៍​ខាងជើង ឬ​បារាយណ៍​នាគព័ន្ធ សរុប​ប្រមាណ​៥២​គីឡូម៉ែត្រ ត្រូវបាន​ស្ដារឡើងវិញ​។ ការស្ដារ​ឡើងវិញ​នេះ គឺជា​ការធ្វើឱ្យ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​ដែល​ស្លាប់​ជាង​៥០០​ឆ្នាំ ឱ្យមាន​ជីវិត​ឡើងវិញ​។ ជា​បន្តបន្ទាប់ នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ដែល​ពេលនោះ​គ្រប់គ្រង​ដោយ​លោក ហង់ ពៅ ផ្ទាល់ បានរៀបចំ​ស្ដារ​ប្រព័ន្ធ​ប្រឡាយ ក​សិន្ធុ និង​សាងសង់​ទ្វារ​ទឹក​ខ្វាត់ខ្វែង ធ្វើឱ្យ​តា​មក​សិន្ធុ និង​បារាយណ៍​ធំៗ​មានទឹក​ប្រើប្រាស់​ឡើងវិញ និង​អាច​បញ្ជៀ​ស​ទឹក​ក្នុង​រដូវភ្លៀង​។​
 
​សម្រាប់​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា នេះ​ជា​មោទកភាព​មួយ​របស់​អាជ្ញាធរ​អប្សរា ក្នុង​គោល​គំនិត​មិនត្រូវ​ការប្រើ​អ្វីដែល​ថ្មី គឺ​គ្រាន់តែ​ជួសជុល​អ្វី​ដែលមាន​ពី​បុរាណ​ឱ្យ​ដើរ​ឡើងវិញ​តែប៉ុណ្ណោះ​។ ចំណុច​នេះហើយ ដែល​អង្គការ​យូណេស្កូ និង​ស្ថាប័ន​អន្ដរជាតិ​ជាច្រើន​ទៀត​កោតសរសើរ គេ​ចង់ដឹង និង​សុំឱ្យ​ចែករំលែក​បទពិសោធន៍​ក្នុងការ​រៀបចំ ដ្បិតថា​វា​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។ 
 
​ទាក់ទង​នឹង​ទឹក​នេះដែរ តាម​ការបញ្ជាក់​ពី​លោក ហង់ ពៅ អាជ្ញាធរ​អប្សរា​ក៏​កំពុង​សហការ​ជាមួយ​ប្រទេស​បារាំង ក្នុង​បំណង​ភ្ជាប់​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​ជាមួយ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឆ្លើយតប​ភ្លាមៗ​ពេល​មានការ​តម្រូវការ និង​បញ្ហា​ផ្សេងៗ​។ «​ថ្ងៃ​អនាគត យើង​ចង់ឱ្យ​ប្រព័ន្ធធារាសាស្ដ្រ​វា​មាន​លក្ខណៈ​ទំនើប តែ​ដើរ​នៅក្នុងនាម​បុរាណ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង់ ពៅ​៕
 

Tag:
 ទឹក​
  អប្សរា​
  ហង់ ពៅ​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com