លោក ថោង ខុន​៖ អង្គរ​សង្ក្រាន្ត​រយៈពេល​៣​ថ្ងៃ​ទាក់ទាញ​ទេសចរ​ប្រមាណ​១,៦​លាន​នាក់​
16, Apr 2017 , 8:44 pm         11004
រូបភាព
​សៀមរាប​៖ ថ្លែង​ក្នុង​ពិធី​ប្រគំ​តន្ត្រី​បិទ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​យប់​ថ្ងៃទី​១៦ មេសា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​ថ្លែងថា តាម​ការប៉ាន់ស្មាន​ជាប​ឋ​ម ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត សរុប​ទាំងអស់​មាន​ប្រមាណ​ពី​១,៦​លាន​នាក់ ទៅ​១,៧​លាន​នាក់ ចំនួន​នេះ​គឺ​កើនឡើង​ចំនួន ២៥%​។​

​លោក ថោង ខុន បាន​កោតសរសើរ​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលមាន​លោក ហ៊ុន ម៉ា​នី ជា​ប្រធាន ដែល​បានធ្វើ​ឲ្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្លាយជា​ព្រឹត្តិការណ៍​ធំ ក្នុងចំណោម​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​តំបន់​អាស៊ាន​។ លោក​បន្ថែមថា អង្គរ​សង្ក្រាន្ត​ ជា​ព្រឹត្តិការណ៍​វប្បធម៌​អ​រូបី ដែល​រៀបចំ​ធ្វើ​នៅក្នុង​តំបន់​រូបី​។​

​លោក​រដ្ឋមន្ត្រី​បន្ថែមទៀតថា អង្គរ​សង្ក្រាន្ត​បានផ្តល់​ភាពសប្បាយ​រីករាយ ការជួប​ជុំគ្នា តាមរយៈ​ការបង្ហាញ​ល្បែង​ប្រជាប្រិយ របាំ ទំនៀមទម្លាប់​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ ទស្សនីយភាព​សិល្បៈ​ផ្សេងៗ​។​

​លោក ថោង ខុន បានបង្ហាញ​ទិន្នន័យ​ទេសចរ​សាកលលោក ដោយយោង​លើ​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ យ៉ាង​ដូច្នេះ​ថា​៖« ...​ប្រមាណ​៤០ភាគរយនៃ​ទេសចរ​សរុប​សកលលោក ចូលចិត្ត​ទស្សនា​គោលដៅ​ទេសចរណ៍វប្បធម៌ ប្រមាណ​២០ភាគរយ ​ចូលចិត្ត​ទស្សនា​តំបន់​សមុទ្រ និង​ក្រៅពីនេះ ​ចូលចិត្ត​ទស្សនា​តំបន់​ទេសចរណ៍ធម្មជាតិ និង​តំបន់​ទេសចរណ៍​ផ្សេងទៀត​»​។

តួយ៉ាង​នៅ​កម្ពុជា លោក ថោង ខុន បាន​រម្លឹកថា កាលពី​ឆ្នាំ​២០១៦​កន្លងទៅ ទេសចរ​អន្តរជាតិ​៥០ភាគរយ ​នៃ​ទេសចរ​សរុប គឺ​ចូលចិត្ត​ទស្សនា​ទេសចរណ៍​បេតិកភណ្ឌ ពិសេស​ប្រាសាទអង្គរវត្ត និង​ចូលចិត្ត​ស្វែងយល់ និង​ផ្លាស់ប្តូរ​បទពិសោធន៍ ​អំពី​សកម្មភាព​វប្បធម៌​អ​រូបី​របស់​កម្ពុជា​។​

​គួររម្លឹកថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន ​ពីមួយ​ឆ្នាំ ទៅ​មួយឆ្នាំ​។ កាលពី​លើកទីមួយ​ឆ្នាំ​២០១៣ ព្រឹត្តិការណ៍​នេះ​ ទាក់ទាញ​ភ្ញៀវទេសចរ ១៧​ម៉ឺន​នាក់ លើក​ទី​ពីរ ឆ្នាំ​២០១៤ ចំនួន ៣៨​ម៉ឺន​នាក់ លើក​ទី​បី ឆ្នាំ​២០១៥ មាន​ចំនួន ៩៧​ម៉ឺន​នាក់ និង​លើក​ទី​បួន ឆ្នាំ​២០១៦ គឺ​កើន​ឡើងដល់​ទៅ ១,៣​លាន​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង