ជាតិ
គ្រាប់បែកទម្លាក់ពីយន្តហោះជាង៥០ឆ្នាំ នៅកំពង់ចាម ត្រូវបានដោះចេញ ![](https://image.thmeythmey.com/pictures/2024/05/01/b-_1_.jpg)
×![]()
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានដោះគ្រាប់បែកមួយ ទម្ងន់ប្រមាណ ២៣០គីឡូក្រាម នៅខេត្តកំពង់ចាមបានជោគជ័យ។ គ្រាប់បែកនេះ ត្រូវបានទម្លាក់ពីយន្តហោះប្រភេទMK82 ជាង៥០ឆ្នាំមកហើយ។ នេះបើតាមហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានលើកឡើងថា គ្រាប់បែកនេះ ត្រូវបានប្រទះឃើញក្រោមដីជម្រៅជាង៤ម៉ែត្រ នៅកន្លែងជីកប្រពន្ធ័ធារាសាស្ត្រទឹកមួយ នៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
![](https://image.thmeythmey.com/pictures/2024/05/01/1520241614b__2_.jpg)
បើតាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា គ្រាប់បែកនេះ ត្រូវបានដោះបានជោគជ័យហើយ។ លោក ហេង រតនា អះអាងដូច្នេះ៖ «[ស៊ីម៉ាក់] បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ដោយបានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាព» ។
គួរជម្រាបថា ក្នុងរយៈពេលជាង ៣០ ឆ្នាំមក ចាប់ពីឆ្នាំ១៩៩២ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរុករកឃើញនិងបំផ្លាញចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣ លានគ្រាប់លើផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង១ ៧៣៥ គីឡូម៉ែត្រក្រឡា។ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន ៥៨៩ ៩៦២ គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ១១ ៤៣០ គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២ ៤៤០ ២៩៧ គ្រាប់ គ្រាប់បែកទម្លាក់ពីយន្តហោះរួមនិងគ្រាប់បែកចង្កោមចំនួន ១២៦ ០៩១គ្រាប់៕
Tag:
CMAC
កំពង់ចាម
គ្រាប់បែក
© រក្សាសិទ្ធិដោយ thmeythmey.com