កីឡាអន្តរជាតិ
អន្តរជាតិ
ទីបំផុត Mbappe និង PSG ត្រូវចែកផ្លូវគ្នា ក្រោយបញ្ចប់រដូវកាលនេះ
11, May 2024 , 9:59 pm        
រូបភាព
Kylian Mbappe ប្រកាសថាខ្លួន នឹងចាកចេញពី Paris St-Germain នៅចុងបញ្ចប់រដូវកាល ២០២៣-២៤ នេះ។ Real Madrid ជាក្លិបនាំមុខគេ ក្នុងការទទួលបានខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងនេះ។



ខ្សែប្រយុទ្ធបារាំង វ័យ២៥ឆ្នាំ បានបង្ហាញពីការសម្រេចចិត្តចាកចេញពីក្រុមយក្សបារាំង នៅក្នុងវីដេអូដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន នៅថ្ងៃទី១១ ខែឧសភា។
 
នៅក្នុងឃ្លីបវីដេអូដែលមានរយៈជិត៤នាទីនោះ Mbappe បាននិយាយថា៖»ខ្ញុំបាននិយាយហើយថា ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅពេលដែលពេលវេលាមកដល់។ នេះជារដូវកាលចុងក្រោយរបស់ខ្ញុំនៅ Paris St-Germain។ ខ្ញុំនឹងមិនបន្តកិច្ចសន្យាទៀតឡើយ យើងមានពេលជាមួយគ្នាតែពីរបីសប្តាហ៍ទៀតប៉ុណ្ណោះ»។
 
ស្របពេលកិច្ចសន្យារបស់ Mbappe ជាមួយ PSG នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៤ កាសែត BBC ធ្លាប់បានចេញផ្សាយកាលពីខែកុម្ភៈថារូបគេបានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួនទៅចូលរួមជាមួយ Real Madrid នៅរដូវក្រោយ ដោយគ្មានតម្លៃផ្ទេរ។
 
Mbappe ដែលជួយបារាំងឈ្នះជើងឯក FIFA World Cup ឆ្នាំ២០១៨ និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកំណត់ត្រារបស់ PSG ចំនួន ២២៥គ្រាប់ នឹងបង្ហាញខ្លួនក្នុងដី Parc des Princes ចុងក្រោយទល់នឹង Toulouse ក្នុងជំនួប Ligue 1 យប់ថ្ងៃទី១២ ខែឧសភា។
 
បន្ទាប់ពីនោះ PSG មានការប្រកួតក្រៅដីទល់ Nice ទី១៥ ខែឧសភា និងជួប Metz នៅ៤ថ្ងៃបន្ទាប់ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ French Cup ជាមួយ Lyon នៅកីឡដ្ឋាន Stade Pierre-Mauroy ក្នុងទីក្រុង Lille នៅថ្ងៃទី២៥ ខែឧសភា។
 
Mbappe ដែលបានផ្លាស់ពី Monaco ទៅចូលរួមជាមួយក្លិបអ្នកមានបារាំង PSG ក្នុងតម្លៃជិត ២០០លាដុល្លារ ការពីខែសីហា ឆ្នាំ២០១៧ រៀបរាប់ថាខ្លួន ទទួលបានបទពិសោធន៍ និងសម្ពាធខ្លាំងពីក្លិប ទើអាចរីកចម្រើនដូចសព្វថ្ងៃ។ ក្នុងរយៈពេល៧ឆ្នាំ Mbappe ជួយ PSG ឈ្នះជើងឯកលីគកំពូលបារាំង ចំនួន៦លើក ពោលគឺខកខានតែ១រដូវកាលប៉ុណ្ណោះ ក្រៅពីនោះមាន French Cup ៤លើក និងពានផ្សេងៗទៀត៕

Tag:
 Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com