កីឡាជាតិ
ជាតិ
ជួយស្វាយរៀងឈ្នះពាន២ Marcus Haber ក្លាយជាម្ចាស់ស្បែកជើងមាស​ CPL
13, May 2024 , 2:09 pm        
រូបភាព
Marcus Haber ស៊ុតគ្រាប់ទី៣០ ក្នុងជំនួបចុងក្រោយរវាងស្វាយរៀង និងភ្នំពេញក្រោន។ រូបភាព៖ ព្រះខ័នរាជស្វាយរៀង
Marcus Haber ស៊ុតគ្រាប់ទី៣០ ក្នុងជំនួបចុងក្រោយរវាងស្វាយរៀង និងភ្នំពេញក្រោន។ រូបភាព៖ ព្រះខ័នរាជស្វាយរៀង
Marcus Haber បាន​ក្លាយជា​ម្ចាស់​ស្បែកជើង​មាស នៃពានរង្វាន់កីឡាបាល់ទាត់កំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ (CPL) រដូវកាល ២០២៣-២៤ ក្រោយស៊ុតបញ្ចូលទីឱ្យក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ចំនួន៣០គ្រាប់។ Shintaro Shimizu ខ្សែប្រយុទ្ធឆ្នើមភ្នំពេញក្រោនស្ថិតនៅចំណាត់ថ្នាក់ទី២ រកបាន២១គ្រាប់។ អ្នកបញ្ជូនបាល់ឱ្យដៃគូសម្រេចទី (assists) ច្រើនជាងគេ បានទៅខ្សែបម្រើបឹងកេត Ryohei Yoshihama ចំនួន១៤លើក។



យុទ្ធនាការការប្រកួតលីគកីឡាបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៣-២៤ បានបញ្ចប់ជាស្ថាពរហើយ នៅល្ងាចថ្ងៃទី១២ ខែឧសភា ដោយក្រុមជើងឯកព្រះខ័នរាជស្វាយរៀង សម្រេចបាន៧៦ពិន្ទុ ក្រុមរងជើងឯកភ្នំពេញក្រោន ៦៨ពិន្ទុ វិសាខា ៤៨ពិន្ទុ និងបឹងកេត ៤២ពិន្ទុ។ ជំនួបចុងក្រោយបិទរដូវកាល ស្វាយរៀង ស្មើភ្នំពេញក្រោន ១-១ ស្របពេលវិសាខា ស្មើ បឹងកេត ១-១ ដូចគ្នា.
 
ក្នុងការប្រកួតចុងក្រោយ ខ្សែប្រយុទ្ធ Haber នៅតែអាចរកគ្រាប់សម្រាប់ស្វាយរៀង ដោយកើនគ្រាប់ស៊ុតបញ្ចូលទីសរុប៣០គ្រាប់។ មិនត្រឹមជួយស្វាយរៀងក្រសោបជើងឯកលីគកំពូលប៉ុណ្ណោះទេ ៣០គ្រាប់នេះថែមទាំង ជួយខ្សែប្រយុទ្ធអន្តរជាតិកាណាដា ក្លាយជាម្ចាស់ស្បែកជើងមាសប្រចាំ CPL រដូវកាល ២០២៣-២៤ និងជាលើកទីពីរជាប់គ្នា។ រដូវកាលមុន Haber ធ្វើបាន២៥គ្រាប់ សម្រាប់តំណែងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ។
 
ខ្សែប្រយុទ្ធជប៉ុន Shintaro Shimizu បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្រោយរកបានគ្រាប់បាល់សរុប២១គ្រាប់ ឱ្យភ្នំពេញក្រោន។ ញាន សុខស៊ីដាន​ ខ្សែប្រយុទ្ធកងយោធពលខេមរភូមិន្ទ រួមជាមួយ Ryohei Yoshihama របស់បឹងកេត និង លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ស្ទួន ក្រោយរកបាន១៣គ្រាប់រៀងខ្លួន។
 
មិនត្រឹមស៊ុតបញ្ចូលទីច្រើនជាងគេនៅបឹងកេតចំនួន១៣គ្រាប់ប៉ុណ្ណោះទេ កីឡាករជប៉ុន Yoshihama ថែមទាំងជាប់ជាអ្នកបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទីច្រើនជាងគេប្រចាំលីគកំពូលកម្ពុជា ចំនួន១៤លើក។ Thiha Zaw កីឡាករមីយ៉ាន់ម៉ា របស់ព្រៃវែង ធ្វើបាន១១លើក ស្ថិតនៅលេខរៀងទី៣ និង ម៉ាត់ ណូរុន សមាជិកក្រុមបឹងកេត នៅលេខ៣ ធ្វើបាន១០លើក។
 
វីរៈ ដារ៉ា ដែលជួយស្វាយរៀងឈ្នះពានពីរក្នុងមួយរដូវកាល ជាប់ជាអ្នកចាំទីល្អជាងគេប្រចាំរដូវកាលនេះ ក្រោយរារាំងការស៊ុតបញ្ចូលទី (Clean sheets) ច្រើនជាងគេចំនួន៩លើក តាមពីក្រោយដោយ អ៊ុំ វិចិត្រ អ្នកចាំទីភ្នំពេញក្រោន ៦លើក និងលេខ៣ អ្នកចាំទី បឹងកេត ថា ចាន់ឬទ្ធី សង្គ្រោះបាន៥លើក៕

Tag:
 Marcus Haber
  ព្រះខ័នរាជស្វាយរៀង
  ស្បែកជើងមាស
© រក្សាសិទ្ធិដោយ thmeythmey.com