ជាតិ
អ្នកនាំពាក្យថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន មិនគំរាមកំហែងប្រទេសណាឡើយ​
14, May 2024 , 10:59 am        
រូបភាព
លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងសន្និសីទស្ដីពី សមយុទ្ធនាគមាស ថ្ងៃទី១៣ឧសភា ឆ្នាំ២០២៤។ រូបពី ក្រសួងព័ត៌មាន
លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងសន្និសីទស្ដីពី សមយុទ្ធនាគមាស ថ្ងៃទី១៣ឧសភា ឆ្នាំ២០២៤។ រូបពី ក្រសួងព័ត៌មាន
ភ្នំពេញ៖ កងទ័ពកម្ពុជា-ចិន នឹងធ្វើសមយុទ្ធនាគមាសរួមគ្នា រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភានេះ។ លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អះអាងថា សមយុទ្ធនាគមាស រវាងកម្ពុជា-ចិន មិនគំរាមកំហែងប្រទេសណាឡើយ​។

 
សមយុទ្ធនាគមាសធ្វើឡើងក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងសង្គ្រោះមនុស្សធម៌»។ បើតាមអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទរូបនេះ សមយុទ្ធនាគមាស នឹងធ្វើឡើងនៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ។ 
 
ចំពោះកងកម្លាំងចូលរួមសមយុទ្ធ មាន២ ០៧៥នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទកម្ពុជា មាន១ ៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិន​ ៧៦០នាក់។ សមយុទ្ធលើគោក មាន​រថពាសដែក និងរថយន្តគ្រប់ប្រភេទ ទាំងអស់៦៩គ្រឿង រួមទាំងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារធាតុគីមីជាច្រើនឈុតទៀត។ ចំណែកសមយុទ្ធលើទឹក មាននាវាចម្បាំងចំនួន១៤គ្រឿង, ឧទ្ធម្ភាគចក្រចំនួន២គ្រឿង និងសម្ភារយោធាជាច្រើនទៀត។ 
 
​ក្រសួងព័ត៌មាន ​បានស្រង់សម្តីលោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅក្នុងសន្និសីទកាសែត ស្ដីពីសមយុទ្ធនាគមាស កាលពីថ្ងៃទី១៣​ឧសភា ដូច្នេះ៖«ការធ្វើសមយុទ្ធនេះ នៅក្នុងគោលបំណងយោងតាមកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិនប្រចាំឆ្នាំ ដូចដែលធ្លាប់បានធ្វើ៥លើករួចមកហើយ គឺផ្តោតសំខាន់ទៅលើ ប្រធានបទការប្រឆាំងអំពើភេរវកម្ម និងកិច្ចការមនុស្សធម៌ ដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាពង្រឹងសន្តិសុខទប់ស្កាត់អំពើភារវកម្មនៅក្នុងស្រុកនីមួយៗ និងនៅក្នុងតំបន់ផងដែរ។ ហើយការធ្វើសមយុទ្ធនេះ មិនមានបំណងគំរាមកំហែងធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ»។ 
 
សមយុទ្ធលើកទី៦នេះ ជាលក្ខណៈទ្រង់ទ្រាយធំ បើគិតចាប់តាំងឆ្នាំ២០១៦មក​ ខណៈប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ។ លោក សូលីម៉ូ បន្ថែម។
 
បើតាមអ្នកនាំពាក្យ សមយុទ្ធនេះ មានការអញ្ជើញចូលរួមពីបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន ដើម្បីសង្កេតមើលពីលក្ខណៈនៃការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ លោក សូលីម៉ូ អំពាវនាវដល់សាធារជនទាំងអស់ កុំមានការព្រួយបារម្ភ ប្រសិនឃើញមានការចល័ត ឬផ្លាស់ទីរបស់កងទ័ព នាអំឡុងពេលសមយុទ្ធខាងលើ៕ 
 

Tag:
 សមយុទ្ធនាគមាស
© រក្សាសិទ្ធិដោយ thmeythmey.com