អន្តរជាតិ
នាយករដ្ឋមន្រ្តីសិង្ហបុរីទាំង៤ជំនាន់មានប្រវត្តិបែបណាខ្លះ?
14, May 2024 , 4:31 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ) លោក លី ក្វាន់យូ
(ពីឆ្វេងទៅស្តាំ) លោក លី ក្វាន់យូ
ឆ្នាំ១៩៦៥ ជាពេលសិង្ហបុរីទទួលឯករាជ្យពីម៉ាឡេស៊ី ហើយក៏ជាអំឡុងពេលសិង្ហបុរីស្ថិតនៅក្រោមការដឹកនាំរបស់លោក លី ក្វាន់យូ ដែលត្រូវបានស្គាល់ជាស្ថាបនិកបុរីរដ្ឋមួយនេះ។ ពីអាណត្តិរបស់លោកលី ក្ខាន់យូ, លោក Goh Chok Tong រហូតដល់លោកលី សៀនឡុង សិង្ហបុរី បានផ្លាស់ប្តូរមុខមាត់ប្លែក និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏សំខាន់មួយ។ ចាប់ពីថ្ងៃទី១៥ ខែឧសភា សិង្ហបុរី នឹងត្រូវបានគ្រប់គ្រងដោយនាយករដ្ឋមន្រ្តីថ្មីមួយរូបទៀត គឺលោក ឡរ៉ែន វង់ ។ តើមេដឹកនាំសិង្ហបុរីទាំង ៤រូបជានរណា?



ចាប់ពីពេលទទួលបានឯករាជ្យ លោក លី ក្វាន់យូ ដឹកនាំប្រទេសរហូតដល់ប្រគលអំណាចឱ្យលោក ហ្គោ ចុកតុង។ លោក ហ្គោ ដែលដឹកនាំប្រទេសឆ្លងកាត់វិបត្តិជាច្រើន ក៏ផ្ទេរអំណាចឱ្យលោក លី សៀនឡុង កូនប្រុសលោក លី ក្វាន់យូ នៅឆ្នាំ២០០៤ ។ ក្រោមការដឹកនាំរបស់ត្រកូល លី ២០ឆ្នាំ សិង្ហបុរីក៏មាននាយករដ្ឋមន្រ្តីថ្មីដែលមិនជាប់ត្រកូល លី ម្ដងទៀត។
 
១. លោក លី ក្វាន់យូ 
 
កើតនៅក្នុងឆ្នាំ១៩២៣ លោក លី ក្វាន់យូ ជាស្ថាបនិកបក្សសកម្មភាពប្រជាជន (PAP) ដែលបានបង្កើតនៅក្នុងឆ្នាំ១៩៥៤។ លោកលី ក្វាន់យូ បានក្លាយជានាយករដ្ឋមន្រ្តីសិង្ហបុរី នៅក្នុងឆ្នាំ១៩៥៩ រហូតដល់ឆ្នាំ១៩៩០។ 
 
បើទោះលាលែងពីតំណែងជាប្រមុខរដ្ឋាភិបាល ស្ថាបនិកសិង្ហបុរី នៅតែបន្តជាកាន់តំណែងជារដ្ឋមន្រ្តីជាន់ខ្ពស់ នៅចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៤ និងជារដ្ឋមន្រ្តីប្រឹក្សាយោបល់ (Minister Mentor) ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១១។ 
 
«នរណាក៏ដោយដែលដឹកនាំសិង្ហបុរី ត្រូវតែមានអំណាចដ៏ខ្លាំង ឬក៏ត្រូវដើរចេញ។ ការដឹកនាំសិង្ហបុរីមិនមែនជាល្បែងបៀឡើយ»។ លោក លី ក្វាន់យូ បានបញ្ជាក់បែបនេះ នៅក្នុងអំឡុងឆ្នាំ១៩៨០ ក្នុងពិធីជួបជុំមួយ។ 


រូបភាព លោកលី ក្វាន់យូ នាយករដ្ឋមន្រ្តីសិង្ហបុរីពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៩០។ 
 
មានឈ្មោះជាស្ថាបនិកសិង្ហបុរី លោក លី បានដាក់ចេញគោលនយោបាយជាច្រើនពាក់ព័ន្ធសេដ្ឋកិច្ច ដើម្បីកែប្រែមុខមាត់បុរីរដ្ឋ ដែលខ្វះធនធាន និងសូម្បីតែទឹកស្អាតប្រើប្រាស់ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងតំបន់។ 
 
នៅដំណាក់កាលដំបូងដែលទទួលបានឯករាជ្យពីម៉ាឡេស៊ី លោកលី បានយល់ថា សិង្ហបុរី ចាំបាច់មានសេដ្ឋកិច្ចខ្លាំង ដើម្បីរស់។ ពាក់ព័ន្ធនឹងភាពរស់រានរបស់រដ្ឋដ៏តូចមួយនេះ លោកលី បានដាក់ចេញគោលនយោបាយកែប្រែសិង្ហបុរី ជាប្រទេសពឹងផ្អែកលើឧស្សាហកម្ម, នាំចេញផលិតផលសម្រេច រួមទាំងលើកទឹកចិត្តអ្នកវិនិយោគបរទេសមកប្រទេសខ្លួន។ 
 
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ចំណូលប្រជាជនសិង្ហបុរីម្នាក់ៗ ស្ថិតនៅលំដាប់ទីពីរ ក្នុងតំបន់អាស៊ី ដោយពេលនោះស្ថិតនៅពីក្រោយជប៉ុនប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ សិង្ហបុរី ក្រោមការដឹកនាំរបស់លោកលី ដែលជាមេដឹកនាំសិង្ហបុរីជំនាន់ទីមួយ​ បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់។ 
 
រហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៩០ លោកលី ក្វាន់យូ បានលាលែងចេញពីតំណែង និងទុកឱ្យលោក Goh Chok Tong ជាអ្នកបន្តវេន។ បន្ទាប់ពីអស់តំណែងជាប្រមុខរដ្ឋាភិបាល លោកលី បានកាន់តំណែងជារដ្ឋមន្រ្តីជាន់ខ្ពស់ នៅក្នុងរដ្ឋាភិបាលថ្មី។ 
 
២. លោក ហ្គោ ចុកតុង (Goh Chok Tong)
 
លោក ហ្គោ ចុកតុង ជានាយករដ្ឋមន្រ្តីជំនាន់ទីពីររបស់សិង្ហបុរី។ នៅពេលកាន់តំណែងជានាយករដ្ឋមន្រ្តីសិង្ហបុរី ក្នុងឆ្នាំ១៩៩០ លោក ហ្គោ បានតែងតាំងលោក លី សៀនឡុង ដែលជាកូនប្រុសរបស់លី ក្វាន់យូ ជាឧបនាយករដ្ឋមន្រ្តីរួចទៅហើយ។
 
មុនកាន់ចង្កូតរដ្ឋាភិបាល លោកហ្គោ បានក្លាយជាឧបនាយករដ្ឋមន្រ្តីនៅក្នុងឆ្នាំ១៩៨៥។ គំរូមេដឹកនាំសិង្ហបុរីកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី មុនក្លាយជានាយករដ្ឋមន្រ្តី ត្រូវបានអនុវត្តចាប់តាំងពីមេដឹកនាំជំនាន់ទីពីរមក។ ការកាន់តំណែងដ៏ធំបែបនេះ ជាការហ្វឹកហាត់ និងរៀនសូត្រ មុនក្លាយជាប្រមុខរដ្ឋាភិបាល។ 


លោក ហ្គោ ឆុកតុង (កណ្តាល) និងលោកលី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរីនៅក្នុងឆ្នាំ២០១៥។ រូបភាព AFP
 
បញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច និងថ្នាក់អនុបណ្ឌិតការអភិវឌ្ឍសេដ្ឋកិច្ច នាយករដ្ឋមន្រ្តីរូបនេះ បានដឹកនាំសិង្ហបុរីឆ្លងកាត់វិបត្តិហិរញ្ញវត្ថុអាស៊ី ដែលផ្ទុះឡើងនៅក្នុងឆ្នាំ១៩៩៧ រួមទាំងជំងឺផ្លូវដង្ហើម SARS។ 
 
ក្នុងអាណត្តិរបស់លោក សិង្ហបុរីមានកំណើនសេដ្ឋកិច្ចជាមធ្យម ៦,៤ភាគរយ រួមទាំងផ្លាស់ប្តូរគោលនយោបាយ ដោយបង្វែរការវិនិយោគទៅបរទេស។ សិង្ហបុរីក្រោមអាណត្តិរបស់ លោក ហ្គោ បានផ្តោតលើការអប់រំ, ការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធ រួមទាំងការលើកទឹកចិត្តដល់និស្សិតដែលរៀនពូកែទទួលបានអាហារូបករណ៍ថែមទៀត។ 
 
រហូតដល់ខែសីហា ឆ្នាំ២០០៤ លោក ហ្គោ បានចុះចេញពីតំណែង ដោយផ្ទេរអំណាចឱ្យលោក លី សៀនឡុង កូនប្រុសរបស់លោកលី ក្វាន់យូ និងជាមេដឹកនាំជំនាន់ទី៣របស់បក្សសកម្មភាពប្រជាជនវិញម្តង។ យ៉ាងណាមិញ លោកហ្គោ នៅតែបន្តជាទេសរដ្ឋមន្រ្តី និងជាប្រធានធនាគារកណ្តាលរហូតដល់ឆ្នាំ២០១១។ 
 
៣. លោក លី សៀនឡុង
 
ឈានជើងចូលនយោបាយដំបូងនៅក្នុងឆ្នាំ១៩៨៤ លោក លី សៀនឡុង បានក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ២០០៤ បន្ទាប់ពីកាន់តំណែងជាឧបនាយករដ្ឋមន្រ្តីជាង ១ទសវត្សរ៍។ កូនប្រុសស្ថាបនិកសិង្ហបុរីរូបនេះ បានដើរតាមគន្លងរបស់ឪពុក ហើយនៅតែបន្តធ្វើឱ្យសេដ្ឋកិច្ចបុរីរដ្ឋមួយនេះ មានភាពរីកចម្រើននៅក្នុងតំបន់។ 
 
មុន និងក្នុងពេលក្លាយជានាយករដ្ឋមន្រ្តី លោកលី សៀនឡុង កាន់តំណែងសំខាន់ៗដូចជា ប្រធានធនាគារកណ្តាលនៅចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤, រដ្ឋមន្រ្តីហិរញ្ញវត្ថុ ឆ្នាំ២០០១ ដល់ ២០០៧, រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មនៅចន្លោះឆ្នាំ១៩៨៧ ដល់ឆ្នាំ២០០២ និងតំណែងសំខាន់ៗផ្សេងទៀត។ 
 
មេដឹកនាំរូបនេះ បានដឹកនាំសិង្ហបុរីឱ្យឆ្លងផុតបញ្ហាធំៗរបស់ពិភពលោកចំនួន ២គឺវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងវិបត្តិជំងឺឆ្លងកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ មក។ សិង្ហបុរី បានគ្រប់គ្រងជំងឺឆ្លងយ៉ាងល្អ ហើយមានអត្រាស្លាប់ទាប និងផ្តល់វ៉ាក់សាំងយ៉ាងរហ័សដល់ប្រជាជន។ 


លោកលី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរីពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២៤។ រូបភាព AFP
 
ក្នុងពេលចូលកាន់តំណែងប្រមុខរដ្ឋាភិបាលដំបូង សិង្ហបុរីមានទំហំផលិតផលក្នុងស្រុកប្រមាណ ១៤៤ពាន់លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុបរបស់បុរីរដ្ឋមួយនេះបានកើនដល់ ៤៤៣ពាន់លានដុល្លារ។ 
 
កន្លងមក លោកលី ធ្លាប់ប្រកាសចុះចេញពីតំណែងមុនអាយុ ៧០ឆ្នាំ ប៉ុន្តែលោកត្រូវពន្យារពេលវិញ ដោយសារជំងឺកូវីដ-១៩។ រហូតដល់ខែមេសា មេដឹកនាំដែនកោះ​មួយនេះ បានប្រកាសចុះចេញពីតំណែង ដោយទុកឱ្យលោកឡរ៉ែន វង់ ដែលកាន់តំណែងជាឧបនាយករដ្ឋមន្រ្តីនៅក្នុងឆ្នាំ២០២២ និងជាមេដឹកនាំជំនាន់ទី៤ របស់បក្សសកម្មភាពប្រជាជន។ 
 
ដំបូងឡើយ មេដឹកនាំក្រុមជំនាន់ទីបួន មិនមែនជាលោកឡូរ៉ែន ឡើយ ប៉ុន្តែជាលោក ហេង ស្វីគៀត ទៅវិញទេ។ ប៉ុន្តែលោកហេង បានប្រកាសចុះចេញពីតំណែងមួយនេះ នៅក្នុងឆ្នាំ២០២១ ក្រោមហេតុផលវ័យចាស់ បញ្ហាសុខភាព និងទុកឱកាសឱ្យក្មេងៗកាន់តំណែងបន្ត។
 
៤. លោក ឡរ៉ែន វង់
 
ចាប់ពីថ្ងៃទី១៥ ខែឧសភា លោក ឡរ៉ែន វង់ ក្លាយជានាយករដ្ឋមន្រ្តី៤ និងជានាយករដ្ឋមន្រ្តីទីពីរ ដែលមិនកើតក្នុងគ្រួសារលោក លី ក្វាន់យូ។ 
 
លោក ឡរ៉ែន បានកើតនៅថ្ងៃទី១៩ ធ្នូ ឆ្នាំ១៩៧២ និងបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យ Wisconsin–Madison មុននឹងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅឆ្នាំ១៩៩៥ និងរដ្ឋបាលសាធារណៈពីសកលវិទ្យាល័យ Harvard នៅក្នុងឆ្នាំ២០០៤។ នៅក្នុងឆ្នាំ២០១១ លោក ឡូរ៉ែន បានជាប់ជាសមាជិកសភាលើកដំបូង បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិ។ នេះជាការឈានជើងចូលនយោបាយដំបូងរបស់លោក។ 
 
លោកឡ ធ្លាប់ជាលេខាឯកជនរបស់លោកលី ចន្លោះពីឆ្នាំ២០០៥ ដល់២០០៨ ហើយធ្លាប់កាន់តំណែងជា អនុរដ្ឋលេខាធិការអប់រំ និងការពារជាតិ, រដ្ឋមន្រ្តីស្តីទីក្រសួងវប្ប​ធម៌, សហគមន៍ និងយុវជន រួមទាំងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជាតិ។ 


ប្រវត្តិសង្ខេបរបស់លោក ឡរ៉ែន វង់ នាយករដ្ឋមន្រ្តីទី៤របស់សិង្ហបុរី។ រូបភាព AFP
 
ក្នុងពេលផ្ទុះជំងឺកូវីដ-១៩ លោកឡ បានកាន់តួនាទីជាសហប្រធានលើក្រុមការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងជាមួយរដ្ឋមន្រ្តីសុខាភិបាល បានទទួលជោគជ័យយ៉ាងខ្លាំង ដោយរក្សាអត្រាស្លាប់ឱ្យនៅទាបបំផុត ក្នុងចំណោមប្រទេសមួយចំនួនទៀតមានអត្រាស្លាប់តិច។ បុរីរដ្ឋមួយនេះ ស្ថិតក្នុងចំណោមប្រទេសតិចតួចផ្សេងទៀត ដែលទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ មុនគេ សម្រាប់ផ្តល់ឱ្យប្រជាជន។
 
នៅពេលចូលកាន់តំណែង លោក លី សៀនឡុង នឹងត្រូវកាន់តំណែងជារដ្ឋមន្រ្តីជាន់ខ្ពស់ ដូចមេដឹកនាំមុនៗដែរ ដើម្បីជួយជ្រោមជ្រែងការងារលោក ឡ ឱ្យទទួលបានជោគជ័យក្នុងការដឹកនាំរដ្ឋាភិបាល។ 
 
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែឧសភា លោកឡ បានតែងតាំង លោក Gan Kim Yong និង លោក ហេង ស្វីគៀត ជាឧបនាយករដ្ឋមន្រ្តី។ បើតាមមេដឹកនាំសិង្ហបុរីជំនាន់ទ៤រូបនេះ ការតែងតាំងរដ្ឋមន្រ្តីដែលមានបទពិសោធនជាឧបនាយករដ្ឋមន្រ្តី គឺពិតជាសំខាន់ណាស់ ក្នុងរយៈពេលអន្តរកាល៕ 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com