ប្រជាជនប្រមាណ ១៥០០នាក់ ដែលទិញផ្ទះនៅក្នុងគម្រោងមួយនាទីក្រុង Tianjin របស់ចិន មកទាល់ពេលនេះនៅមិនទាន់ឃើញផ្ទះ ដែលពួកគេបានបង់ប្រាក់ចាប់ពីឆ្នាំ២០១៦ មកឡើយ។ នេះបើតាមសារព័ត៌មាន CNBC ចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា។
ដូចគម្រោងដទៃទៀតនៅចិន គម្រោងខុនដូនៅទីក្រុង Tianjin បានបើកលក់មុនពេលបញ្ចប់អគារ។ ក្រុមហ៊ុនអចលនទ្រព្យ Zhuoda Yidu បានប្តេជ្ញាប្រគល់ផ្ទះឱ្យមិនលើសពីឆ្នាំ ២០១៩ ។ ប៉ុន្តែរហូតមកដល់ពេលនេះ គម្រោងភាគច្រើនមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ ក្នុងចំណោមអ្នកទិញខ្លះបានបង់ប្រាក់ផ្តាច់ ខណៈអ្នកផ្សេងទៀតបានបង់ជាដំណាក់កាល។ នេះជាឧទាហរណ៍ចុងក្រោយដែលបង្ហាញថា បញ្ហាប្រឈមទីផ្សារអចលនទ្រព្យចិននៅតែមានទំហំធំ។
តាមការចុះផ្សាយរបស់សារព័ត៌មាន CNBC អ្នកទិញផ្ទះជាច្រើនបានកំពុងព្យាយាមទារប្រាក់មកវិញ ឬប្រមូលព័ត៌មានពាក់ព័ន្ធគម្រោងនេះ។ អតិថិជនមួយរូបបានប្រាប់សារព័ត៌មាន CNBC ថា ៖« ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានគេបោក។ ឥឡូវនេះខ្ញុំគ្រាន់តែសង្ឃឹមថានឹងទទួលបានប្រាក់មកវិញ។ ទោះបីជាបានផ្ទះក៏ដោយ ក៏ខ្ញុំមិនសប្បាយចិត្តដែរ»។
អ្នកទិញមួយចំនួនទៀតនិយាយថា ពួកគេបានទិញទុកជាផ្ទះចូលនិវត្តន៍សម្រាប់ឪពុកម្ដាយ ឬសម្រាប់កូនៗដើម្បីចូលរៀននៅសាលាក្បែរនោះ។ ប៉ុន្តែក្នុងពេលនោះ ឪពុកម្តាយអ្នកទិញម្នាក់បានស្លាប់បាត់ទៅហើយ ។ អ្នកខ្លះទៀតត្រូវរកសាលាផ្សេងឲ្យកូនរៀន។
«ខ្ញុំគិតថានេះឆ្លុះបញ្ចាំងពីបញ្ហារបស់ក្រុមហ៊ុនអចលនទ្រព្យដែលបច្ចុប្បន្នកំពុងផ្ទុះខ្លាំងនៅចិន។ អ្វីដែលបានកើតឡើងជាមួយគម្រោងនៅទីក្រុង Tianjin គឺមិនមានលក្ខណៈប្លែកនោះទេ»។ លោក Dan Wang សេដ្ឋវិទូនៅធនាគារ Hang Seng ប្រាប់ CNBC បែបនេះ។
ក្រុមហ៊ុនអចលនទ្រព្យចិនបានជាប់បំណុលច្រើន ខណៈគម្រោងនានាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ពេលនោះ ល្បឿននៃការសាងសង់ក៏បានកើនលើសពីតម្រូវការ។ នេះបានជំរុញឱ្យវិស័យអចលនទ្រព្យរបស់ចិនធ្លាក់ក្នុងវិបត្តិចាប់ពីពាក់កណ្តាលឆ្នាំ២០២១ នៅពេលរដ្ឋាភិបាលបានរឹតបន្តឹងក្រុមហ៊ុនអចលនទ្រព្យក្នុងការខ្ចីប្រាក់ថ្មីដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធ។
ក្រុមហ៊ុនដែលរងគ្រោះដ៏ធំបំផុតគឺ Evergrande ដែលជំពាក់បំណុលច្រើនជាងគេបំផុតក្នុងពិភពលោក ដោយខកខានសងបំណុលនៅចុងឆ្នាំ២០២១។ គ្រានោះ Evergrande មានគម្រោងដែលមិនទាន់បញ្ចប់មានតម្លៃ ១៧៤ពាន់លានដុល្លារ។
កាលពីខែមុន ក្រុមហ៊ុន Zhuoda Yidu បានធ្វើសំណើរដើម្បីដោះស្រាយជម្លោះជាមួយអ្នកទិញផ្ទះ។ អាស្រ័យហេតុនេះ គម្រោងខុនដូអាចត្រូវបានបញ្ចប់នៅឆ្នាំ ២០២៥ ឬ ២០២៦ប្រសិនបើអ្នកទិញយល់ព្រមបង់ថ្លៃជួលដែលនៅសល់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ បូករួមទាំងថ្លៃដើមមួយចំនួនទៀត។
ទន្ទឹមនេះ ក្រុមហ៊ុនក៏មិនបានផ្តល់ជម្រើសផ្សេងទៀតដែរ ដោយលើកឡើងថា តម្លៃផ្ទះត្រូវតែគិតតាមថ្លៃកំណត់មុនទីផ្សារ។ នេះមានន័យថាតម្លៃស្មើរនឹង២ទៅ៣ដងនៃតម្លៃបច្ចុប្បន្ន។ ក្រុមហ៊ុនក៏មិនបាននិយាយអំពីផលវិបាកដែលអ្នកទិញត្រូវតែស៊ូទ្រាំក្នុងអំឡុងពេល៨ឆ្នាំដើម្បីរង់ចាំទទួលបានផ្ទះមួយនោះដែរ។
«ខ្ញុំបានខ្ចីលុយពីឪពុកខ្ញុំដើម្បីបង់រំលោះដើម្បីទិញផ្ទះ។ ខ្ញុំមិនអាចប្រាប់គាត់ថាវាមិនទាន់រួចរាល់ទេ។ ក្នុងអំឡុងពេលកូវីដ-១៩ ខ្ញុំបានពន្យល់ប្រាប់ឪពុកថា ការសាងសង់ត្រូវបានពន្យារពេល។ ប៉ុន្តែឥឡូវនេះមិនមានហេតុផលអ្វីទៀតទេ»។ អ្នកទិញម្នាក់បាននិយាយប្រាប់ CNBC បែបនេះ ។
តម្រូវការផ្ទះនៅទីក្រុង Tianjin និងតំបន់ជុំវិញទីក្រុងប៉េកាំងបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីមុនពេលជំងឺកូវីដ-១៩ ផ្ទុះឡើង។ មូលហេតុគឺមកពីអ្នកធ្វើការនៅទីក្រុងប៉េកាំងចង់បានកន្លែងរស់នៅដែលមានតម្លៃសមរម្យ ជាជាងបរិបទដែលតម្លៃផ្ទះថ្លៃនៅជិតកន្លែងធ្វើការ។
ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ទីក្រុងប៉េកាំងបានព្យាយាមទប់ស្កាត់វិបត្តិអចលនទ្រព្យតាមរយៈវិធានការជំរុញដូចជា ការកាត់បន្ថយអត្រាការប្រាក់កម្ចី និងការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ។ កាលពីសប្តាហ៍មុន ទីក្រុង Hangzhou និង Xi'an បានលុបចោលការរឹតបន្តឹងទាំងស្រុង ។
កន្លងមក ទីក្រុងផ្សេងទៀតក៏បានបោះជំហានសំខាន់ដើម្បីធ្វើឱ្យដំណើរការទិញអចលនទ្រព្យកាន់តែងាយស្រួល។ នៅក្នុងកិច្ចប្រជុំមួយកាលពីចុងខែមុន បណ្តាមេដឹកនាំកំពូលរបស់ចិនបានសន្យាថានឹងបន្តធានាការប្រគល់ផ្ទះ និងការពារសិទ្ធិរបស់អ្នកទិញផ្ទះ។
សម្រាប់គ្រួសារជនជាតិចិនជាច្រើន ទ្រព្យសម្បត្តិរបស់ពួកគេភាគច្រើនស្ថិតនៅក្នុងអចលនទ្រព្យ។ អ្នកទិញម្នាក់បានចំណាយប្រាក់ ២៦២០០ដុល្លារ ដើម្បីទិញខុនដូ ២បន្ទប់គេង ៩០ម៉ែត្រការ៉េ នៅគម្រោង Zhuoda Yidu ក្នុងទីក្រុង Tianjin ។ នេះជារបៀបសន្សំរបស់ប្រជាជនចិនភាគច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ៕