ជាតិ
សេដ្ឋកិច្ច
កម្ពុជា សហប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនតាមQR Code ជាមួយកូរ៉េ ដើម្បីលើកកម្ពស់លុយជាតិ
17, May 2024 , 10:49 am        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលជាធនាគារជាតិនៃកម្ពុជា​បង្ហញនូវឯកសារដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត» ជាមួយអ្នកតំណាងវិស័យហិរញ្ញវត្ថុ​របស់សាធារណរដ្ឋកូរ៉េ ក្រោមវត្តមានវត្តសម្តេច ហ៊ុន ម៉ាណែត នៅទីក្រុងសេអ៊ូល នាថ្ងៃទី១៦ឧសភា។
លោកស្រី ជា សិរី ទេសាភិបាលជាធនាគារជាតិនៃកម្ពុជា​បង្ហញនូវឯកសារដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត» ជាមួយអ្នកតំណាងវិស័យហិរញ្ញវត្ថុ​របស់សាធារណរដ្ឋកូរ៉េ ក្រោមវត្តមានវត្តសម្តេច ហ៊ុន ម៉ាណែត នៅទីក្រុងសេអ៊ូល នាថ្ងៃទី១៦ឧសភា។
ធនាគារជាតិនៃកម្ពុជា​ សម្រេចបាននូវកិច្ចសហប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនតាមឃ្យូអរកូត(QR Code) ជាមួយសាធារណរដ្ឋកូរ៉េ។​ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលដៅសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ ជាពិសេសលើកកម្ពស់ការទូទាត់ឆ្លងដែន រួមទាំងការផ្ទេរប្រាក់ ដោយប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា​ និងប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង។

 
លោក ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា​ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត» ចំនួន៣ ជាមួយស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាដំណើរទស្សនកិច្ចផ្លូវការ នៅថ្ងៃទី១៦ឧសភា។​ ក្នុងនោះ ធនាគារជាតិ បានចុះអនុស្សរណៈជាមួយធនាគារគូកមីន (Kookmin Bank Co., Ltd.), ជាមួយស្ថាប័ន JB Financial Group Co., Ltd. និងជាមួយធនាគារអ៊ូរី (Woori Bank)​។ 
 
«កិច្ចសហប្រតិបត្តិការចំនួន៣ ដែលត្រូវបានចុះហត្ថលេខានេះ គឺដើម្បីលើកកម្ពស់ការទូទាត់ឆ្លងព្រំដែន និងការផ្ទេរប្រាក់ត្រឡប់មកស្រុកកំណើតវិញពីពលករចំណាកស្រុករបស់ប្រទេសយើង»។ លោកស្រី ជា សិរី បានបញ្ជាក់បែបនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។​
 
ក្រៅពីកិច្ចសហប្រតិបត្តិការខាងលើ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ របស់កម្ពុជាក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីជាមួយក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (កូរ៉េ) និងធនាគារ JEONBUK ដើម្បីចែករំលែកព័ត៌មានឥណទានឆ្លងដែន ផងដែរ។



ធនាគារជាតិនៃបានប្រកាសថា  កិច្ចសហប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនតាមឃ្យូអរកូតទាំងនេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ។ ការណ៍នេះ គឺសំដៅដល់ការបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកពង្រឹងការផ្លាស់ប្តូរព័ត៌មានឥណទានកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។
 
ក្រៅពីកិច្ចសហប្រតិបត្តិទូទាត់ឆ្លងដែនតាមQR Code ជាមួយសាធារណរដ្ឋកូរ៉េ បច្ចុប្បន្ន​ កម្ពុជាក៏មានកិច្ចសហការលើការទូទាត់នេះជាមួយប្រទេសក្នុងតំបន់ និងបណ្តានានា រួមទាំងក្រុមហ៊ុនធំៗមួយចំនួនក្នុងពិភពលោក។ ដូចជា៖ ជាមួយប្រទេសថៃ ឡាវ វៀតណាម ជប៉ុន និងជាមួយក្រុមហ៊ុនAlipay របស់ចិន ជាដើម។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជា ក៏មានផែនការពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌា ផងដែរ។​
 
ធនាគារជាតិ ប្រឹងប្រែងធ្វើបែបនេះ ក្នុងគោលដៅជំរុញការប្រើប្រាស់រៀល ជំនួសឱ្យការប្រើប្រាស់ប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម និងលំហូរទេសចរ ជាដើម ។​ សមិទ្ធផលដែលធនាគារជាតិនៃកម្ពុជា សម្រេចបានជាបន្តបន្ទាប់នាពេលនេះបានឆ្លុះបញ្ចាំងពីគោលបំណងនៃសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ក៏ដូចជាបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា ជាមួយដៃគូ៕ 

Tag:
 ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com