ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង បានបង្ហាញបំណងវិនិយោគលើទឹកដីកម្ពុជា នៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាអំឡុងពេលទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល។ ក្រុមហ៊ុនទាំងនោះចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងសង្ហារឹម...ជាដើម។
ក្នុងរយៈពេល៣ថ្ងៃមកនេះនៅលើទឹកសាធារណរដ្ឋកូរ៉េ សម្តេច ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗរបស់កូរ៉េ ដើម្បីទាកទាញការវិនិយោគបន្ថែម។ ក្នុងនោះ សម្តេចបានទទួលជួបជាបន្តបន្ទាប់ជាមួយអ្នកវិនិយោគកូរ៉េ ទៅដល់៩ក្រុមហ៊ុន។ ក្នុងជំនួបនីមួយៗ សម្តេចបានលើកឡើងពីឱកាស និងកាលានុភាពរបស់កម្ពុជារួមមានកម្លាំងពលកម្ម លំហទីផ្សារធំទូលាយ ស្ថិរភាពសេដ្ឋកិច្ច រួមទាំងការលើកទឹកចិត្តនានារបស់រដ្ឋាភិបាលទៅកាន់វិនិយោគកូរ៉េទាំងនោះ។
តាមរយៈជំនួបនេះ, ក្រុមហ៊ុនធំៗទាំងនោះ បានបង្ហាញបំណងពង្រីកការវិនិយោគ ស្វែងរកឱកាសសម្រាប់ការវិនិយោគថ្មីនៅកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុន Daewoo E&C មានបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនូវសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនតាមរយៈការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើបពីប្រទេសកូរ៉េ។
ជាមួយគ្នានេះ ក្រុមហ៊ុនHyosung Group Ltd. ចាប់អារម្មណ៍លើបង្កើតសម្ភារអេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនងនិងការអភិវឌ្ឍប្រព័ន្ធ 5G និងឧស្សាហកម្មផលិតសំបកកង់រថយន្ត ខណៈក្រុមហ៊ុន Hanshin E&C មានបំណងពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា ផងដែរ។ Hanshin E&C ជាក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅកម្ពុជាក្នុងរយៈពេលជាង១០ឆ្នាំមកហើយ លើវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុ។
លោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C បានថ្លែងនៅចំពោះសម្តេច ហ៊ុន ម៉ាណែត យ៉ាងដូច្នេះ៖ « តាមរយៈប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលប្រមាណ ១០ ឆ្នាំមកនេះ ក្រុមហ៊ុនបានសិក្សាស្វែងយល់ច្រើនអំពីការធ្វើអាជីវកម្មនៅកម្ពុជា ហើយក្រុមហ៊ុនកំពុងតែសិក្សាបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនលើវិស័យហិរញ្ញវត្ថុ»។
សម្រាប់ក្រុមហ៊ុន Booyoung ក៏មានបំណងមិនខុសពីក្រុមហ៊ុនខាងលើប៉ុន្មានដែរ។ ការវិនិយោគរបស់ក្រុមហ៊ុននេះនៅកម្ពុជាក្នុងវិស័យសំណង់ វិស័យធនាគារ និងវិស័យសក្ដានុពលផ្សេងទៀតមកទល់ពេលនេះ គឺមិនមែនដើម្បីប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេច ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនមួយនេះ ពង្រីកឱកាសវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា ដើម្បីការចម្រើនបន្ថែមទៀតរបស់ក្រុមហ៊ុន ក៏ដូចជាជាប្រយោជន៍ដល់ប្រជាជនកម្ពុជា។
ក្រៅពីនេះ បណ្តាក្រុមហ៊ុនកូរ៉េ ក៏មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា ផងដែរ។ បើតាមលោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) មានក្រុមហ៊ុនកូរ៉េជា៤០ ជាសមាជិកនៃវេទិកាសម្ព័ន្ធឧស្សាហកម្មរបស់កូរ៉េកំពុងវិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជា។ ជាមួយគ្នានេះ មានក្រុមហ៊ុនមួយចំនួនទៀត មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា។
គួរជម្រាបថា សម្តេច ហ៊ុន ម៉ាណែត ទៅដល់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេច ហ៊ុន ម៉ាណែត នៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែសីហា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ច កម្ពុជា-កូរ៉េខាងត្បូង បានសម្រេចឯកភាពគ្នាដំឡើងទំនាក់ទំនងទ្វេភាគីទៅកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត៕