ជាតិ
សេដ្ឋកិច្ច
កូរ៉េខាងត្បូង ជាដៃគូពាណិជ្ជកម្មធំលំដាប់ទី១២របស់កម្ពុជា​
18, May 2024 , 6:00 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត កំពុងចាប់ដៃជាមួយលោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
សម្តេច ហ៊ុន ម៉ាណែត កំពុងចាប់ដៃជាមួយលោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
៤ខែមកនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានក្នុងទំហំប្រមាណ២៥០លានដុល្លារ។ ស្ថិតិពាណិជ្ជកម្មទំនិញរបស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា​​ បានបង្ហាញថា កូរ៉េខាងត្បូង ជាដៃពាណិជ្ជកម្មធំលំដាប់ទី១២របស់កម្ពុជា។

 
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង សម្រេចបានកំណើន៧,៤ភាគរយក្នុងរយៈពេល៤មកនេះ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា​មានទំហំ​៩៨លានដុល្លារកើន៨,៤ភាគរយ និងនាំចូលមាន១៥៨លានដុល្លារ កើនក្នុងអត្រា៦,៧ភាគរយ។​
 
ជុំវិញនៃទំនាក់ទំនងពាណិជ្ជកម្មនេះ ក្រុមហ៊ុន Daejoo KC Group បានប្ដេជ្ញាចិត្តចូលរួមពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ បច្ចុប្បន្នក្រុមហ៊ុន Daejoo កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈក្រុមហ៊ុន CAMKO Motor Co. Ltd ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំ និងសម្ភារអេឡិចត្រូនិក និងមានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េដែរ។
 
លោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group បានរៀបរាប់នៅចំពោះមុខសម្តេច ហ៊ុន ម៉ាណែត​ នាអំឡុងពេលទស្សនកិច្ចផ្លូវការ​នៅទីក្រុងសេអ៊ូល នាថ្ងៃទី១៧ឧសភា​ ដោយភាពជឿជាក់ថា  តាមរយៈការដំឡើងកម្រិតទំនាក់ទំនងទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រ» រវាងកម្ពុជា-កូរ៉េ នឹងទាក់ទាញវិនិយោគិន និងក្រុមហ៊ុនកូរ៉េបន្ថែមទៀតក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងនោះកម្ពុជាមានចង់ឃើញការដាក់ចេញនូវយុទ្ធសាស្ត្រ «កូរ៉េបូកមួយ» តាមរយៈការផលិត និងផ្គត់ផ្គង់ក្នុងច្រវាក់ផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក ដែលជាផលិតផលផលិតនៅក្នុងស្រុក។ ជាមួយគ្នានេះ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការពង្រីកនូវខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីនាំចេញ​និងផ្គត់ផ្គង់ផលិតផល​ នៅតាមបណ្ដារោងចក្រ និងសហគ្រាសផ្សេងៗបន្ថែមទៀត។ 
 
ចាប់តាំងពីឆ្នាំ ២០១៦មក កម្ពុជាបានផ្តល់ទិដ្ឋាការ ដែលមានសុពលភាព ៣ ឆ្នាំ និងអនុញ្ញាតឱ្យមានការចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើកដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េ នៅកម្ពុជា។ ជាការណ៍នេះ បានធ្វើឱ្យកើនឡើងនៃវត្តមាននៃគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េ ទាំងតូច-ទាំងធំ នៅកម្ពុជា។ 
 
កាលឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ គឺសម្រេចបាន៧៥០លានដុល្លារអាម៉េរិក ដោយគ្រប់ដណ្តប់វិស័យវាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម។ កូរ៉េជាដៃពាណិជ្ជកម្មធំលំដាប់ទី១២របស់កម្ពុជា បន្ទាប់ចិន អាម៉េរិក វៀតណាម ថៃ​ ជប៉ុន ឥណ្ឌណេស៊ី អាល្លឺម៉ង់ កាណាដា សង្ហិបុរី អង់គ្លេស និងតៃវ៉ាន់។​
 
បើតាមសម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក្រុមហ៊ុន​កូរ៉េ​ បាន និងកំពុង​ដើរ​​តួនាទីជាតួអង្គ​គន្លឹះ ​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់កម្ពុជា។ ការចូលរួមរបស់ក្រុមហ៊ុន​កូរ៉េនៅវិស័យចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បាន និងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com