ដោយ៖ឈាង បុប្ផា /RFI ខេមរភាសា
សង្រ្គាមនៅហ្កាហ្សាអូសបន្លាយជាង៧ខែ ដោយសហគមន៍អន្តរជាតិ នៅក្នុងអាមេរិក នៅតែមិនអាចជួយអន្តរាគម បញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យឈប់ធ្វើសង្រ្គាមមនុស្សនៅហ្កាហ្សា។ នៅចំពោះមុខភាពទាល់ច្រក ដោយសារភាគីជម្លោះ អ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីននៅតែចរចាមិនត្រូវគ្នារឿងដោះលែងចំណាប់ខ្មាំង អាមេរិក តាមរយៈរដ្ឋមន្រ្តីការបរទេស លោកអង់តូនី ប្លីងកិនចាប់ផ្តើមងាកទៅអន្ទងចិត្តសម្ព័ន្ធអារ៉ាប់វិញ ដែលនៅក្នុងនោះមាន អារ៉ាប៊ី សាអូឌីតជាប្រទេសមានទម្ងន់នយោបាយខ្លាំងជាងគេ នៅក្នុងតំបន់។ អាមេរិកចង់ខ្ចីដៃអារ៉ាប៊ី សាអូឌីតដើម្បីដាក់សម្ពាធដោយប្រយោលទៅលើរដ្ឋាភិបាលអ៊ីស្រាអែលរបស់លោកនាយករដ្ឋមន្រ្តីនេតាន់យ៉ាហ៊ូ ឲ្យយល់ព្រមទទួលស្គាល់ការបង្កើតរដ្ឋប៉ាឡេស្ទីន។ តើប្រទេសអារ៉ាប់ ដូចជាអារ៉ាប៊ី សាអូឌីតមានអ្វីនៅក្នុងដៃ ដើម្បីទាក់ចិត្តអ៊ីស្រាអែលឲ្យស្តាប់ ធ្វើតាមខ្លួន?
គិតចាប់តាំងពីផ្ទុះសង្រ្គាមហ្កាហ្សាជាង ៧ខែមកនេះ ប្រមុខការបរទេសអាមេរិកធ្វើដំណើរទៅតំបន់ដើមបូព៌ាដល់ទៅ៧ដង ដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែ មិនបានសម្រេចជោគជ័យ។ អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តគាស់រំលើងចលនាហាម៉ាសនៅហ្កាហ្សា ដោយមិនខ្វល់ពីការបាត់បង់ ស្លាប់ជីវិតប្រជាជនប៉ាឡេស្ទីន ឬការថ្កោលទោសរបស់សហគមន៍អន្តរជាតិ។ ដើម្បីអាចឈានទៅបិទបញ្ចប់សង្រ្គាមហ្កាហ្សា អាមេរិកទំនងរិះរកមធ្យោបាយ វិធីសាស្រ្តការទូតថ្មី។
ធ្វើដំណើរទៅទីក្រុងរីយ៉ាដលើកនេះ ដើម្បីទៅចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក រដ្ឋមន្រ្តីការបរទេសឆ្លៀតជួបប្រជុំជាមួយអ្នកតំណាងរបស់បណ្តាប្រទេសអារ៉ាប់ មុននឹងចូលជួបរាជបុត្រស្នងរាជ្យរបស់អារ៉ាប៊ី សាអូឌីត មូហាម៉េដ បិនសាល់ម៉ាន។ នៅទីក្រុងរីយ៉ាដ រដ្ឋមន្រ្តីការបរទេសអាមេរិក លោកអង់តូនី ប្លីងកិនបានពន្លយប្រាប់សម្ព័ន្ធមិត្តអារ៉ាប៊ី សាអូឌីតថា អាមេរិកត្រៀមខ្លួនដើម្បីចុះកិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខជាមួយ អារ៉ាប៊ី សាអូឌីត បើសិនអារ៉ាប៊ី សាអូឌីតយល់ព្រមចងស្ពានមេត្រីជាមួយអ៊ីស្រាអែល។
តាំងពីឆ្នាំ ២០២០ នៅក្រោមគំនិតផ្តួចផ្តើមរបស់អាមេរិក មានប្រទេសអារ៉ាប់ចំនួន៤ដូចជា អេមីរ៉ាតអារ៉ាប់រួមស៊ូដង់ បារ៉ែន និងអូម៉ង់ កិច្ចព្រមព្រៀងឈ្មោះ អាប្រាហាម ដើម្បីភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយរដ្ឋជ្វីហ្វ អ៊ីស្រាអែល។អាមេរិកអះអាងថា ការប្រមូលផ្តុំប្រទេសអារ៉ាប់នៅឈូងសមុទ្រពែរ្សឲ្យចងមេត្រីភាពជាមួយអ៊ីស្រាអែលនឹងនាំមកនូវស្ថិរភាព សន្តិភាពក្នុងតំបន់។
ប៉ុន្តែ ហេតុផលមួយដែលគេដឹងច្បាស់ គឺអាមេរិកចង់អូសទាញប្រទេសអារ៉ាប់ ដូចជាអារ៉ាប៊ី សាអូឌីតឲ្យឃ្លាតចេញឆ្ងាយពីអ៊ីរ៉ង់ និងពីក្រោមឥទ្ធិពលរបស់ចិន ព្រោះ អ៊ីរ៉ង់ទើបធ្វើឲ្យគេភ្ញាក់ផ្អើល នៅឆ្នាំមុន នៅពេលអ៊ីរ៉ង់យល់ព្រមស្តារទំនាក់ទំនងការទូតជាមួយអារ៉ាប៊ី សាអូឌីតឡើងវិញ ក្រោយពីអាក់ខានអស់៧ឆ្នាំ ដោយសារបាតុកម្មប្រឆាំងស្ថានទូតអារ៉ាប៊ី សាអូឌីតនៅតេហេរ៉ង់។ ចំណែកចិនវិញកំពុងបង្កើនវត្តមានខ្លួននៅអារ៉ាប៊ី សាអូឌីតដែលជាប្រទេសផលិតប្រេងច្រើនជាងគេ ហើយដែលអាចចាប់អារម្មណ៍ទិញសព្វាវុធពីចិន ដើម្បីជំនួសសព្វាវុធអាមេរិក។
ហេតុផលមួយទៀតដែលធ្វើឲ្យរដ្ឋមន្រ្តីការបរទេសនិយាយពីការផ្តល់សម្បទានយោធាដល់អារ៉ាប៊ីសាអូឌីត ជាថ្នូរនឹងការផ្សាភ្ជាប់ទំនាក់ទំនងប្រក្រតីអ៊ីស្រាអែល នៅពេលនេះ គឺមានជាប់ទាក់ទងនឹងសង្រ្គាមហ្កាហ្សា។ អាមេរិកធ្លាប់បានជំរុញឲ្យអ៊ីស្រាអែល និងអារ៉ាប៊ី សាអូឌីតចងមេត្រីភាពនឹងគ្នា ប៉ុន្តែ មិនសូវផ្តល់លទ្ធផលអ្វីធំដុំ ដោយសារ អាមេរិករារែក មិនឆ្លើយតបទៅនឹងការទាមទារចង់បានរបស់អារ៉ាប៊ី សាអូឌីត ហើយម្យ៉ាងទៀត ការភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយអ៊ីស្រាអែល ដែលជាសត្រូវរបស់ប្រជាជនអ៊ីស្លាម ប្រជាជនប៉ាឡេស្ទីន មិនស្ថិតក្នុងក្រសែភ្នែកគាំទ្ររបស់ប្រជាជនក្នុងស្រុកអារ៉ាប៊ី សាអូឌីតនោះទេ។
នៅថ្ងៃចន្ទ នៅក្នុងជំនួបជាមួយសមភាគីអារ៉ាប៊ី សាអូឌីតនៅទីក្រុងរីយ៉ាដ រដ្ឋមន្រ្តីការបរទេសអាមេរិក មិនបានលម្អិតថាតើ ការធ្វើសម្បទានយោធា ឬកិច្ចព្រមព្រៀងសន្តិសុខដែលអាមេរិកស្នើទៅអារ៉ាប៊ីសាអូឌីត មាននិយាយពីអ្វីខ្លះនោះទេ។ ប៉ុន្តែ អ្នកជំនាញវាយតម្លៃថា អារ៉ាប៊ី សាអូឌីតអាចដាក់លក្ខខណ្ឌទាមទារមួយចំនួនដូចជា ការចាត់ទុកសន្តិសុខប្រទេសអារ៉ាប់នៅឈូងសមុទ្រជាផ្នែកមួយនៃផលប្រយោជន៍អាមេរិក ការចាត់ទុកអារ៉ាប៊ី សាអូឌីតនិងប្រទេសអារ៉ាប់ផ្សេងទៀតជាសម្ព័ន្ធមិត្តធំរបស់អូតង់។ អារ៉ាប៊ី សាអូឌីតទំនងចង់ឲ្យអាមេរិកចុះសន្ធិសញ្ញាយោគយល់ ស្រដៀងគ្នានឹងសន្ធិសញ្ញាដែលអាមេរិកធ្វើជាមួយជប៉ុន និងកូរ៉េខាងត្បូង ដែលនៅក្នុងនោះ អាមេរិកសន្យាការពារប្រទេសទាំង២ពីការវាយប្រហារពីខាងក្រៅ។
ក្រៅពីនោះ អារ៉ាប៊ី សាអូឌីតអាចទាមទារឲ្យលោកចូ បៃដិនលុបចោលបម្រាមលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីត ដែលរដ្ឋបាលរបស់លោកប្រកាសកាលពីប៉ុន្មានឆ្នាំមុន ដោយសារបញ្ហាឃាតកម្មសម្លាប់អ្នកកាសែតអាមេរិកដើមកំណើតអារ៉ាប៊ី សាអូឌីត។ គេជឿដែរថា អារ៉ាប៊ី សាអូឌីតអាចទាមទារពីអាមេរិក គឺសិទ្ធិទទួលបានការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិល។ អារ៉ាប៊ី សាអូឌីតទាមទារច្រើន ប៉ុន្តែ មិនប្រាកដថា អាមេរិកសម្រេចតាមបំណងរបស់អារ៉ាប៊ី សាអូឌីតនោះទេ ជាពិសេសកម្មវិធីផលិតនុយក្លេអ៊ែរស៊ីវិលដែលអារ៉ាប៊ី សាអូឌីតចង់បាន ក្នុងហេតុផលថា វាអាចជំរុញឲ្យមានមហិច្ឆតាផលិតនុយក្លេអ៊ែរយោធា រហូតឈានទៅមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។
នៅក្រោយជំនួបជាមួយសមភាគីអាមេរិក រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ី សាអូឌីតបញ្ជាក់ដែរថា ប្រទេសទាំងពីរចរចាជិតបានសម្រេច ប៉ុន្តែ យ៉ាងណាក៏ដោយ អារ៉ាប៊ី សាអូឌីតនៅតែបញ្ជាក់ជំហរដដែលថា បុព្វហេតុប៉ាឡេស្ទីន ពោលគឺការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីន នៅក្បែរអ៊ីស្រាអែល នៅតែជាលក្ខខណ្ឌចំបងតែមួយគត់ ដើម្បីអាចភ្ជាប់ទំនាក់ទំនងផ្លូវទូតជាមួយអ៊ីស្រាអែល។
ប្រមុខការបរទេសអាមេរិក លោកអង់តូនី ប្លីងកិនយល់ស្របដែលថា មុននឹងឈានទៅមានទំនាក់ទំនងធម្មតារវាងអ៊ីស្រាអែល និងអារ៉ាប៊ី សាអូឌីត មានចំណុចពីរដែលត្រូវមានចាំបាច់ នោះគឺ ភាពស្ងប់ស្ងាត់នៅហ្កាហ្សា ហើយនិងឆន្ទៈក្នុងការជំរុញឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន។ ចង់ ឬមិនចង់ អាមេរិកលើកនេះកំពុងចង់ខ្ចីដៃរបស់អារ៉ាប៊ី សាអូឌីតដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ព្រោះអាមេរិកដឹងថា អ៊ីស្រាអែលក៏ចង់ចូលស្និទ្ធស្នាលជាមួយអារ៉ាប៊ី សាអូឌីត ដែលជាមហាសេដ្ឋីប្រេងដ៏ធំ និងមានទម្ងន់នយោបាយនៅក្នុងតំបន់។ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយ អារ៉ាប៊ី សាអូឌីត អ៊ីស្រាអែលគ្មានជម្រើសអ្វី ក្រៅតែពីត្រូវទទួលស្គាល់ការបង្កើតរដ្ឋប៉ាឡេស្ទីន។ ប៉ុន្តែ គេជឿថា នៅក្នុងកាលៈទេសៈ ដែលអ៊ីស្រាអែលនៅតែដឹកនាំដោយលោកនាយករដ្ឋមន្រ្តី បេនចាមីន នេតាន់យ៉ាហ៊ូ នោះទំនងជាគ្មានទេ ការភ្ជាប់ទំនាក់ទំនងអ៊ីស្រាអែល អារ៉ាប៊ី សាអូឌីត ព្រោះថា លោកនេតាន់យ៉ាហ៊ូប្រឆាំងខ្លាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្រោយភេរវកម្ម ៧តុលា។