កីឡាជាតិ
ជាតិ
ប្ដីប្រពន្ធ ជាអ្នកសារព័ត៌មាននយោបាយ ក្លាយជាអ្នកផលិតមាតិកាផ្សព្វផ្សាយគុនខ្មែរ
03, May 2024 , 9:29 am        
រូបភាព
លោកស្រី សេង ម៉ូលីនី និងគ្រួសារ រូបពីហ្វេសប៊ុក លោក ជា សុភារិន
លោកស្រី សេង ម៉ូលីនី និងគ្រួសារ រូបពីហ្វេសប៊ុក លោក ជា សុភារិន
លោក ជា សុភារិន និងលោកស្រី សេង ម៉ូលីនី ដែលត្រូវបានគេស្គាល់ថា ជាអ្នកផលិតមាតិកាគុនខ្មែរប្រកបដោយសីលធម៌ ជាអតីតអ្នកសារព័ត៌មាននយោបាយ និងសង្គម កាលពីឆ្នាំ២០១៧។ ប្ដីប្រពន្ធ ១គូនេះ បានងាកមកធ្វើជាអ្នកផលិតមាតិកាប្រដាល់វិញ ដោយសារការស្រឡាញ់វិស័យកីឡាដូចគ្នា និងយល់ថាកីឡាមិនតានតឹងដូចនយោបាយ និងសង្គមឡើយ។ ម្យ៉ាងវិញទៀត អ្នកទាំង២ យល់ថានេះ ក៏ជាការជួយសង្គមដែរ ប្រសិនជាបានផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែប្រសើ។



អង្គុយលើសំបកកង់ឡានធំ ពីមុខក្លិបប្រដាល់ខ្លារខិនមានឬទ្ធិ នៅខាងឆ្វេងដៃ នៃស្ដ្រីសម្បុរសណ្ដែកបាយ មានសាច់ទ្រលុកទ្រលន់បន្ដិច ជាប្រពន្ធរបស់ខ្លួន លោក ភារិន បាននិយាយប្រាប់ថា ការបំពេញតួនាទីជាអ្នកសារព័ត៌មាននយោបាយ ឲ្យបានល្អ ឯករាជ្យ និងមានវិជ្ជាជីវៈ គឺមិនមែនងាយស្រួលឡើយ។ ក្រៅអំពីសម្ពាធការងារនេះ អ្នកកាសែត ក៏ត្រូវប្រឈមមុខនិងប្រភព ឬក៏តួរអង្គណាមួយនៅក្នុងសាច់រឿងនយោបាយ ដែលប្រឆាំងគ្នា ផងដែរ។ 
 
អ្នកសារព័ត៌មានរូបនេះ ចាប់អាជីពនៅឆ្នាំ២០១៧ ដែលជាពេលនយោបាយមានភាពតាន់តឹងខ្លាំង ព្រោះការប្រឈមមុខរវាងគណៈបក្សសង្គ្រោះជាតិ (CNRP) និងគណៈបក្សប្រជាជនកម្ពុជា (CPP)។ ក្នុងឆ្នាំ២០១៨ នៅពេល CNRP ត្រូវបានរំលាយ នោះគឺជាពេល ដែលលោក ភារិន មមាញឹកក្នុងការតាមយកព័ត៌មាន និងតាមយករូបភាពផ្សេងៗពីការតវ៉ារបស់សកម្មជន។ អ្នកកាសែតវ័យ៣១ ឆ្នាំរូបនេះ ត្រូវដេកចាំនៅមុខទីតាំងកើតហេតុ ឬទីតាំងតវ៉ា ដើម្បីបានសម្ភាស និងបានរូបភាពសកម្មជន។ ពេលខ្លះ រូបលោក ត្រូវបានប្រជ្រៀតមហាជនចូល និងពេលខ្លះត្រូវបាន អង្គរក្ស គម្រាមមិនឲ្យចូលទៅជិតសកម្មជន ដែលមានមុខងារធំៗ។ ទោះជាយ៉ាងនោះ លោក ភារិន នៅតែព្យាយាមអស់ពីសមត្ថភាពដើម្បីបានសម្ដីរបស់ប្រភព។
 
លោក ជា សុភារិន បាននិយាយដូច្នេះ៖«អ្នកធំៗ គេមិនមានពេលឲ្យយើងសម្ភាសទេ។ យើងត្រូវចាំគេ។ ចាំគេហើយ យើងមិនប្រកដថាបានសម្ភាសទៀត ពេលខ្លះខ្ញុំរត់តាមឡាន ទម្រាំបានចម្លើយ ១សំនួរ ២សំនួរ។ ពេលបានសម្ដីមក យើងមិនអាចផ្សាយបានទេ យើងចេះថ្លឹងថ្លែង រវាងបក្សទាំង២ទៀត។ និយាយរួម យើងត្រូវបង្ហាញគោលជំហរជាអ្នកសារព័ត៌មាន មិនលំអៀងទៅបក្សណាមួយឡើយ។»។
  
សកម្មភាពថតរបស់លោក ជាសុភារិន

បកមកលោកស្រី សេង ម៉ូលីនី ដែលអង្គុយនៅចន្លោះកណ្ដាលរវាងអ្នកសារព័ត៌មានថ្មីៗ និងស្វាមីរបស់ខ្លួន ដែលមានសក់រួញ និងមានមាឌតូចជាងខ្លួននៅខាងឆ្វេងដៃ លោកស្រី ក៏ជាអតីតអ្នកសារព័ត៌នយោបាយមួយរូបដែរ។ លោកស្រី សូមមិនបញ្ចេញឈ្មោះស្ថាប័ន ដែលខ្លួនធ្លាប់បម្រើការជាអ្នកសារព័ត៌មាននយោបាយឡើយ។ ប៉ុន្ដែនៅឆ្នាំ២០១៥ លោកស្រី ម៉ូលីនី បានចូលមកបម្រើការនៅវិទ្យុថោន។ រយៈពេល៤ឆ្នាំនៅថោន លោកស្រីបានធ្វើការជាច្រើនទាក់ទងទៅនឹងប្រដាល់ ក្នុងនោះមានទាំងការជួយរៀបចំការប្រកួតជាដើម។ 
 
ដោយឡែក អ្នកសារព័ត៌មានស្ដ្រីវ័យ៣២ ឆ្នាំរូបនេះ បានបង្កើតទម្លាប់មួយទៅកាន់អ្នកសារព័ត៌មានផ្សេងទៀត ដែលធ្វើឲ្យផ្នែកកីឡាប្រដាល់គុនខ្មែរកាន់តែមានប្រជាប្រិយភាព គឺការសម្ភាសមុន និងក្រោយពេលប្រកួត។ បទសម្ភាសទាំងនោះ បានទាក់ទាញអ្នកគាំទ្រប្រដាល់ជាច្រើន ឲ្យបានដឹងព័ត៌មានផ្សេងៗ ជុំវិញការប្រកួត និងរឿងរ៉ាវជាច្រើនរបស់កីឡាករ-កីឡាការិនី។
 
ចំណងស្នេហារយៈពេលជាង១០ឆ្នាំរវាង លោក ជា សុភារិន និង លោកស្រី ម៉ូលីនី បានជំរុញឲ្យអ្នកទាំង២ រួមគ្នាធ្វើក្នុងវិស័យគុនខ្មែរ។ មុនពេលចង់ជាគ្រួសារ ចាប់ពីឆ្នាំ២០១៩ លោក ភារិន បានជួយលោកស្រី ម៉ូលីនី ក្នុងការថតវីដេអូសម្ភាស និងជិះទៅតាមក្លិបប្រដាល់ផ្សេងៗ ដើម្បីធ្វើបទសម្ភាស។
 
«ខ្ញុំ ពូកែសួរ ប៉ុន្ដែបានប្ដីខ្ញុំមក គាត់បានជួយថតវីដេអូខ្ញុំច្រើន ហើយបច្ចេកទេសកាត់តជាច្រើន គឺគាត់អ្នកចាត់ចែង។»។ លោកស្រី ម៉ូលីនី បាននិយាយដូច្នេះ។
 
លុះចូលដល់ដើមឆ្នាំ២០២២ អ្នកទាំង២ ត្រូវបានផ្សំផ្គុំដោយអាណាព្យាបាលទាំងសងខាងដឹងឮ ព្រោះបញ្ហាកូវីដ-១៩ ទើបមង្គលការមិនអាចរៀបចំបាន។ នៅចុងឆ្នាំ២០២២ លោកស្រីម៉ូលីនី បានលាឈប់ពីទូរទស្សន៍ថោន ដោយសារមានគភ៌។ ក្រោយពេលសម្រាលកូនប្រុសរួច លោកស្រី ក៏មិនបានចូលបម្រើការងារវិញដែរ ដោយបានចាប់យកអាជីពជាអ្នកផលិតមាតិកាគុនខ្មែរ ព្រោះមានបទពិសោធន៍សម្ភាសស្រាប់ផង និងមានស្វាមី ដែលមានជំនាញខាងកាត់វីដេអូផង ទើបចង់ធ្វើការឯករាជ្យដោយខ្លួនឯង។
 
លោកស្រី ម៉ូលីនី ប្រាប់បន្ថែមទាំងទឹកមុខញញឹមដូច្នេះថា វិស័យកីឡាខុសគ្នា ពីវិស័យនយោបាយ ហើយមិនតានតឹងឡើយ ព្រោះក្នុងវិស័យកីឡា មនុស្សគ្រប់គ្នា គឺមានសិទ្ធស្មើគ្នា ហើយប្រើបច្ចេកទេសក្នុងការប្រកួតប្រជែង មិនមែនប្រើអំណាចប្រកួតប្រជែងឡើយ។ «ក្នុងកីឡា យើងអត់ខ្វល់ថាគាត់ជានរណាទេ យើងគ្រាន់តែដឹងថា មានសិទ្ធស្មើគ្នា។ យើង ធ្វើនៅក្នុងកីឡាហត់បន្ដិច ប៉ុន្ដែសប្បាយ ព្រោះយើងចែករំលែកស្នាមញញឹម។»។ លោកស្រី សេង ម៉ូលីនី បាននិយាយប្រាប់ដូច្នេះ។
 
អ្នកផលិតមាតិកា១គូនេះ យល់ថាវិស័យកីឡាគុនខ្មែរ កាន់តែមានប្រជាប្រិយភាព កីឡាករ-កីឡាការិនី សម្បូរការប្រកួត ចំណែកពួកគេ ក៏សម្បូរមាតិកាផលិតដែរ៕

Tag:
 ប្រដាល់គុនខ្មែរ
 ​ ជា សុភារិន
  សេង ម៉ូលីនី
© រក្សាសិទ្ធិដោយ thmeythmey.com