កីឡាអន្តរជាតិ
អន្តរជាតិ
អុីរ៉ាក់ បានទៅអូឡាំពិកប៉ារីស ខណៈឥណ្ឌូណេស៊ីសល់ឱកាស១លើកចុងក្រោយ
03, May 2024 , 10:59 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំ អ៊ីរ៉ាក់ ទទួលបានកៅអីទៅកាន់ព្រឹត្តិការណ៍អូឡាំពិករដូវកាល ក្រុងប៉ារីស ឆ្នាំ២០២៤ ក្រោយយកឈ្នះឥណ្ឌូណេស៊ី ២-១ ក្នុងការប្រកួតប្រជែងយកចំណាត់ថ្នាក់ទី៣ AFC Asian Cup នៅកាតា។



J. Ali Jassim ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះឱ្យអ៊ីរ៉ាក់ នៅម៉ោងបន្ថែម១៥នាទី លើកទី១ បន្ទាប់ពី Zaid Tahseen ស៊ុតគ្រាប់តាមស្មើឥណ្ឌូណេស៊ី ១-១ ក្នុងម៉ោងផ្លូវការ៩០នាទី។ Ivar Jenner រកបានគ្រាប់នាំមុខដំបូងសម្រាប់ក្រុម ឥណ្ឌូណេស៊ី នាជំនួបដណ្តើមចំណាត់ថ្នាក់លេខ៣ U23 AFC Asian Cup ដែលធ្វើឡើងនៅកីឡដ្ឋាន Jasim យប់ថ្ងៃទី២ ខែឧសភា។
 
លទ្ធផល ២-១ នេះ បានជួយអ៊ីរ៉ាក់ ក្លាយជាក្រុមទី៣ ពីតំបន់អាស៊ី បន្ទាប់ពីជប៉ុន អ៊ូសបេគីស្ថាន ដែលទទួលបានកៅអីទៅកាន់អូឡាំពិកក្រុងប៉ារីស វិញ្ញាសាបាល់ទាត់បុរស។ ដោយ ឡែក ឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូងលោក Tae-Yong Shin នៅមិនទាន់អស់ឱកាសដើម្បីបង្ហាញខ្លួនលើកដំបូង នៅព្រឹត្តិការណ៍លំដាប់ពិភពលោក គិតចាប់តាំងពីឆ្នាំ១៩៥៦ នៅឡើយទេ។
 
U23 ឥណ្ឌូណេស៊ី ដែលបញ្ចប់ចំណាត់ថ្នាក់ទី៤ នៅសល់ការប្រកួតជម្រុះ playoff អន្តរជាតិទ្វីប ទល់ក្រុមហ្គីណេ ពីតំបន់អាហ្រ្វិក នៅខែឧសភា ដើម្បីបង្គ្រប់មួយកៅអី ទៅប៉ារីស ឆ្នាំ ២០២៤។
 
គិតមកទល់ពេលនេះ វិញ្ញាសាបាល់ទាត់បុរសទៅកាន់អូឡាំពិករដូវកាលក្តៅ ឆ្នាំ២០២៤ រកឃើញ១៥ក្រុមហើយ ចំណោម១៦ក្រុម ក្នុងនោះរួមមានម្ចាស់ផ្ទះបារាំង អាម៉េរិក សាធារណរដ្ឋដូមីនីក អេស្ប៉ាញ អ៊ីស្រាអែល អ៊ុយក្រែន ម៉ារ៉ុក អេហ្ស៊ីប ម៉ាលី នូវែលសេឡង់ ប៉ារ៉ាហ្គាយ អាហ្សង់ទីន អ៊ូសបេគីស្ថាន ជប៉ុន និងអ៊ីរ៉ាក់។ ឥណ្ឌូណេស៊ី និងហ្គីណេ ត្រូវដណ្តើមគ្នាយក១កៅអីចុងក្រោយ៕ 

Tag:
 AFC Asian Cup
  អូឡាំពិកប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com