ជាតិ
សេដ្ឋកិច្ច
កម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី៨៨ ទៅ៥៧០លានដុល្លារក្នុងមួយឆ្នាំ ពីការជីកព្រែកហ្វូណន​
03, May 2024 , 7:59 pm        
រូបភាព
គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០គីឡូម៉ែត្រនឹងផ្តល់ផលចំណេញតម្លៃដឹកជញ្ជូនបានពី ៨៨ ទៅ ៥៧០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។




ព្រែកជីកហ្វូណនតេជោ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដ៏ធំមួយរបស់កម្ពុជា​ ដែលគ្រោយប្រើទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអនុវត្តក្នុងរយៈពេល ៤ឆ្នាំ។ គម្រោងនេះ ផ្តល់ផលចំណេញច្រើនសម្រាប់ការដឹកជញ្ជូនកម្ពុជា ជាពិសេសថ្លៃចំណាយទាប និងកាត់បន្ថយការដឹកជញ្ជូនខ្លីជាងមុន។
 
ថ្លែងក្នុងកម្មវិធីធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៣ ខែឧសភា លោក ស៊ុន ចាន់ ថុល ដែលជាឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រែកជីកនេះនឹងផ្តល់ចំណេញសម្រាប់ថ្លៃដឹកជញ្ជូនចន្លោះពី ៨៨ ទៅ៥៧០លានដុល្លារក្នុងមួយឆ្នាំ។  
 

បច្ចុប្បន្នលំហូរទំនិញកម្ពុជាទៅកំពង់ផែក្រុងព្រះសីហនុមានចំនួន ៦៧ភាគរយតាមគ្រប់មធ្យាបាយដឹកជញ្ជូន ខណៈនាំចេញតាមវៀតណាមមានចំនួន ៣៣ភាគរយដើម្បីទៅដល់កំពុងផែប្រទេសនេះ​។ លោក ចាន់ ថុល បានបញ្ជាក់ថា នៅពេលព្រែកជីកហ្វូណនសាងសង់រួចរាល់ លំហូរទំនិញទៅកំពង់ផែព្រះសីហនុនឹងកើនឡើងដល់ ៩០ភាគរយ ខណៈនាំចេញតាមច្រកវៀតណាមតែ ១០ភាគរយប៉ុណ្ណោះ។ 
 


លោកបញ្ជាក់ថា ៖«​តួលេខ១០ភាគរយ នៅតែដឹកដោយសារកប៉ាល់ធំៗខ្លះត្រូវការកំពង់ផែទឹកជ្រៅនៅវៀតណាម ចឹងយើងមិនអាចហាមឃាត់អ្នកបានទេ»។ 
បើតាមលោក ស៊ុន ចាន់ថុល អាចនឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃជ័យជំនះ២៩ ធ្នូ៕ 


Tag:
 ព្រែកជីកហ្វូណនតេជោ
© រក្សាសិទ្ធិដោយ thmeythmey.com