កីឡាជាតិ
ជាតិ
កីឡា ជាថ្នាំទិព្វ ព្យាបាលជំងឺបាក់ទឹកចិត្ត និងមហារីក
18, May 2024 , 7:00 pm        
រូបភាព
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា
«​ជំងឺ​បាក់​ទឹកចិត្ត​» ឬ​ហៅ​ម្យ៉ាង​ទៀតថា «​វិបត្តិ​ផ្លូវចិត្ត​» គឺជា​ដំបៅ​មួយ នៅក្នុង​ទ្រូង ក្នុង​វិញ្ញាណ ឬ​ក្នុង​អារម្មណ៍ ដោយ​គ្មាន​អ្នកណា​ដឹងឮ​ឡើយ ទោះបី​គ្រូពេទ្យ​យក​ឈាម​ទៅពិនិត្យ​ក៏​មិនអាច​មើល​ដឹងថា ជា​ជំងឺ​អ្វី​ដែរ​។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និយាយថាកីឡា ក៏ជាថ្នាំព្យាបាលជំងឺផ្លូវកាយ និងផ្លូវចិត្តបានច្រើនយ៉ាង ហើយក្នុងនោះ ក៏មានជំងឺបាក់ទឹកចិត្ត ផងដែរ។

មនុស្ស​ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត តែងតែ​បង្ហាញ​សញ្ញា​ដូចជា បាត់បង់​ភាព​រីករាយ ដែល​ខ្លួន​ធ្លាប់មាន​, មាន​អារម្មណ៍​តូចចិត្ត និង​សោកសៅ​ជាខ្លាំង​, ​គិត​ច្រើន គេង​មិន​លក់​,​ អស់កម្លាំង​, គ្មាន​អារម្មណ៍​នៅក្នុង​ខ្លួន​ ,​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ទាំងអស់​, មាន​អា​ម្មរណ៍​មួម៉ៅ​ក្តៅក្រហាយ ខឹងច្រឡោត​, ចិត្ត​មិន​ស្ងប់​, តែងតែ​យំ​មិនដឹង​មូលហេតុ​, ចូលចិត្ត​ស្ងៀមស្ងាត់​, ប្រើប្រាស់​ថ្នាំ ឬ​គ្រឿង​ស្រវឹង និង​គិតតែ​ចង់​ធ្វើអត្តឃាត​ខ្លួនឯង​។
 
ដោយឡែកឱសថពេទ្យ អាចព្យាបាលបានតែមួយពេល ប៉ុន្ដែមិនងាយអាចនឹងជាដាច់ឡើយ។ លោក វ៉ាត់ ចំរើន ដែលជាអ្នកឯកទេសកីឡា យល់ឃើញថា ការហាត់ប្រាណ ឬការលេងកីឡា ជាថ្នាំទិព្វ អាចព្យាបាលជំងឺជាច្រើនមុខ ទាំងផ្លូវកាយ និងជំងឺផ្លូវចិត្ត ហើយក្នុងនោះក៏រាប់បញ្ចូល នូវជំងឺបាក់ទឹកចិត្តនេះ ផងដែរ។
 
រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បាននិយាយដូច្នេះថា៖«កីឡា គឺជាឱសថទិព្វមួយ ដែលជំងឺផ្សេងៗទៀតពិបាកប៉ះពាល់បាន និងមិនអាចរីកចម្រើនក្នុងខ្លួនមនុស្សយើងបានលឿន នៅពេលណាយើងធ្វើសកម្មភាព និងធ្វើឲ្យអង់ទីគ័ររបស់យើង ពង្រឹងបាននូវសមត្ថភាពការពារ។ យុវជនយើង កាលណាផ្ដោតលើការងារពេក មានសម្ពាធពេក អាចក្លាយទៅជាជម្ងឺបាក់ទឹកចិត្ត។ ឱសថទិព្វ ដែលល្អបំផុត គឺកីឡា។ នៅជប៉ុន គេរកឃើញថា អ្នកមានជំងឺបាក់ទឹកចិត្តនេះ ពេលទៅលេងកីឡាអាចព្យាបាល ឬស្ដារពីជំងឺនេះ បានលឿនរហ័ស និងបាត់ទាំងស្រុង នៅពេលគាត់លេងកីឡាជាប្រចាំ។»។
 
អ្នកជំនាញកីឡារូបនេះ ណែនាំថា រាងកាយរបស់មនុស្សគ្រប់គ្នា ចាំបាច់ត្រូវការធ្វើចលនា ហាត់ប្រាណ និងលេងកីឡាជាប្រចាំ ព្រោះជាថ្នាំទិព្វប្រចាំជីវិត ដែលធ្វើឲ្យសុខភាពល្អ ទាំងបញ្ញាស្មារតី និងសុខភាពផ្លូវកាយ ផ្លូវចិត្ត។«មនុស្សគ្រប់រូប ត្រូវតែធ្វើចលនារាងកាយ និងហាត់ប្រាណ និងលេងកីឡាប្រចាំជីវិត។ យើង និយាយទៅកីឡា គឺជាថ្នាំប្រចាំជីវិត។ កីឡា ជួយកាត់បន្ថយនូវជំងឺ កាត់បន្ថយភាពតានតឹងអារម្មណ៍ និងកាត់បន្ថយផ្នែកសុខាភិបាលផ្សេងៗទៀត ហើយបង្កើនសមត្ថភាព និងការជឿជាក់លើខ្លួនឯង ទាំងលើបញ្ញា ស្មារតី និងសុខភាពផ្លូវកាយ-ផ្លូវចិត្ត។»។ លោក វ៉ាត់ ចំរើន បានណែនាំបែបនេះ។
 
ការលេងកីឡា ឬលំហាត់ប្រាណជាប្រចាំ និងទៀតទាត់ អាចព្យាបាលជំងឺមហារីក និងមិនអាចឲ្យជំងឺធ្ងន់ៗមួយចំនួន មានការវិវឌ្ឍក្នុងរាងកាយរបស់មនុស្សបានលឿន។ រដ្ឋលេខាធិការរូបនេះ ពន្យល់បន្ដថា៖« ការហាត់កីឡាមិនមែនតែព្យាបាលជំងឺធម្មតាទេ សូម្បីជំងឺមហារីក ក៏អាចព្យាបាលបានខ្លះដែរ។ តាមការស្រាវជ្រាវខ្លះ កីឡា អាចធ្វើឲ្យជំងឺមហារីកមួយចំនួន ថមថយ ហើយអាចបាត់ទៅទៀត។»។
 
ដោយឡែក ដើម្បីឲ្យសកម្មភាពហាត់ប្រាណ ឬលេងកីឡានេះ មានប្រសិទ្ធភាពចំពោះសុខភាពនោះ លោក វ៉ាត់ ចំរើន និយាយថាអ្នកទាំងនោះ ត្រូវលេង ឬធ្វើលំហាត់ប្រាណឲ្យត្រូវតាមក្បួនខ្នាត តាមទ្រឹស្ដី បច្ចេកទេស ទៅតាមការណែនាំរបស់វិជ្ជសាស្ដ្រកីឡា។ ម្យ៉ាងវិញទៀត អ្នកធ្វើលំហាត់ប្រាណ ត្រូវអត់ធ្មត់ និងមានឆន្ទៈខ្ពស់ ទើបមិនងាយបោះបង់។ 
 
លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះថា៖«យើងលេងឲ្យបានត្រឹមត្រូវ និងមានភាពអត់ធ្មត់ និងឆន្ទៈខ្ពស់ទើបអាចលេងបាន ព្រោះកីឡាងាយស្រួលលេង ហើយក៏ងាយស្រួលធ្វើឲ្យមនុស្សបោះបង់។ ឧទាហរណ៍ គាត់ចង់ជាពីជម្ងឺលើសឈាម ហើយគាត់ហាត់មួយថ្ងៃ ត្រឹម១ថ្ងៃ ២ថ្ងៃ អត់បានទេ ប៉ុន្ដែគឺត្រូវហាត់ជារៀងរាល់ថ្ងៃ និងហាត់ទៅតាមការណែនាំរបស់វិជ្ជសាស្ដ្រកីឡា របស់អ្នកជំនាញកីឡា។»៕

Tag:
 (វ៉ាត់ ចំរើន
  ជម្ងឺបាក់ទឹកចិត្ត)
© រក្សាសិទ្ធិដោយ thmeythmey.com