ជាតិ
សេដ្ឋកិច្ច
កម្ពុជា ទទួលបានកម្ចី១២០លានដុល្លារ ពីកូរ៉េខាងត្បូង​ សម្រាប់គម្រោងកែលម្អផ្លូវ
17, May 2024 , 7:59 pm        
រូបភាព
(ឆ្វេង)លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាទទួលកម្ចី១២០លានដុល្លារ ពីលោក Yoon Hee-sung​ ប្រធានធនាគារ Export-Import Bank of Korea ក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត ជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នាថ្ងៃទី១៦ឧសភា។
(ឆ្វេង)លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាទទួលកម្ចី១២០លានដុល្លារ ពីលោក Yoon Hee-sung​ ប្រធានធនាគារ Export-Import Bank of Korea ក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត ជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នាថ្ងៃទី១៦ឧសភា។
កម្ពុជា ទទួលបានកម្ចី១២០លានដុល្លារ​​ ពីប្រទេសកូរ៉េខាងត្បូង ដើម្បីកែលម្អផ្លូ​វចំនួន៣៧ខ្សែ។ ទំហំកម្ចីនេះ ត្រូវបានចុះហត្ថលេខាដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Yoon Hee-sung​ ប្រធានធនាគារ Export-Import Bank of Korea ក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត ជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នាថ្ងៃទី១៦ឧសភា។​

 
តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ Export-Import Bank of Korea (Eximbank)  កម្ចី១២០លានដុល្លារដែលកម្ពុជាទទួលបាននេះ គឺប្រើសម្រាប់ជួសជុលផ្លូវចំនួន៣៧ខ្សែ (ប្រវែង៣៩១ គីឡូម៉ែត្រ) ក្នុងខេត្តចំនួន៦ ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស។​​ ធនាគារ Export-Import Bank of Korea បានបញ្ជាក់នាថ្ងៃសុក្រនេះថា ទំហំកម្ចីនេះ គឺស្ថិតនៅក្រោមក្រោមមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចបរទេស (EDCF)។ 
 
បច្ចុប្បន្នកម្ពុជា ជាប្រទេសធំទី៣ ដែលទទួលបានកម្ចីពីEDCF ក្នុងទហំទឹកប្រាក់១,៩៥ពាន់លានដុល្លារ និងជាប្រទេសសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសកូរ៉េខាងត្បូង ក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ ការដឹកជញ្ជូន និងធនធានទឹក។ 
 
បើតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងកូរ៉េខាងត្បូងចេញផ្សាយយនៅថ្ងៃទី១៦ ខែឧសភា កម្ពុជា និងកូរ៉េខាងត្បូង បានឯកភាពដំឡើងទំនាក់ទំនងទ្វេភាគីទៅកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ទន្ទឹមនេះ ប្រទេសអាស៊ីបូព៌ាមួយនេះ សម្រេចពង្រីកទំហំកម្ចីពី១,៥ពាន់លានដុល្លារដល់៣ពាន់លានដុល្លារសម្រាប់កម្ពុជា ក្នុងរយៈពេលចន្លោះ២០២២ ដល់២០៣០ ផងដែរ។​ ទំហំកម្ចីនេះស្ថិតនៅក្នុងមូលនិធិ EDCF៕ 

Tag:
 កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com