ជាតិ
វីដេអូ
បុរាណវិទូកំពុងកំណាយស្រាវជ្រាវ ឈានដល់ការជួសជុលទេពទាញព្រ័ត្រនៅខ្លោងទ្វារជ័យ ឡើងវិញ
18, May 2024 , 3:19 pm        
រូបភាព
គម្រោងកំណាយជួសជុលខ្លោងទ្វារជ័យ ក្រុងអង្គរធំ។
គម្រោងកំណាយជួសជុលខ្លោងទ្វារជ័យ ក្រុងអង្គរធំ។
សៀមរាប៖ ជាង២សប្ដាហ៍ហើយ ដែលបុរាណវិទូចាប់ផ្តើមកំណាយស្រាវជ្រាវនៅគ្រឹះស្ពាន នៃចម្លាក់កូរសមុទ្រទឹកដោះ ខ្លោងទ្វារជ័យ ជាខ្លោងទ្វារសំខាន់របស់អតីតក្រុងអង្គរធំ។ ការធ្វើកំណាយស្រាវជ្រាវនេះ គឺដើម្បីពិនិត្យមើលរចនាសម្ព័ន្ធខាងក្រោមគ្រឹះ និងតួស្ពាន មុននឹងជួសជុលចម្លាក់រឿងកូរសមុទ្រទឹកដោះ ឡើងវិញ។

 
បើតាម លោក អន សុភាព បុរាណវិទូដែលកាន់ការងារនៅកំណាយស្រាវជ្រាវ ព្រះកេស (ក្បាល) ទេវតា នៃចម្លាក់កូរសមុទ្រទឹកដោះខ្លោងទ្វារជ័យ បានជ្រុះបាក់ធ្លាក់ស្ទើរទាំងស្រុង។ យ៉ាងណា ក្រោយការស្រាវជ្រាវនេះ ត្រូវបានដឹងថា ព្រះកេសទាំងនោះខ្លះនៅសារមន្ទីរអង្គរ និងខ្លះទៀតនៅក្រៅប្រទេស ដែលមានប្រហែល៦០ភាគរយនៃរូបទាំងអស់។ ការណ៍នេះ ធ្វើឱ្យអាជ្ញាធរជាតិអប្សរា គិតគូរលើកគម្រោង​​​ជួសជុលឡើង ដ្បិតខ្លោងទ្វារនេះក៏មានសាៈរសំខាន់មួយដែរ។
 
 
កំណាយស្រាវជ្រាវមួយ ត្រូវធ្វើឡើងក្នុងន័យពិនិត្យមើលស្ថានភាពគ្រឹះតួស្ពាននៃខ្លោងទ្វារជ័យ។ ​អ្នកបុរាណវិទ្យាបានបើករណ្ដៅកំណាយនៅជ្រុងខាងត្បូង ផ្នែកចម្លាក់ទេវតា ដោយឃើញរចនាសម្ព័ន្ធ​ជាកាំជណ្ដើរលុងចូលទៅក្នុងរណ្ដៅដីពី៥ទៅ៧កាំ។ ក្រោយពិនិត្យស្ថានភាព អ្នកជំនាញសន្និដ្ឋានជារួមថា គ្រឹះនៅមាំល្អ ព្រោះធ្លាប់បានជួសជុល នៅសម័យកណ្ដាលនាសតវត្សទី១៦ និងសម័យបារាំងឆ្នាំ ១៩២០។ 
 
លោក អន សុភាព បានបញ្ជាក់ថា ៖« ជាលទ្ធផលផ្នែកខាងក្រោម ចុះទៅក្រោម អ្នកជំនាញហានិភ័យមើលឃើញថា មិនមានបញ្ហាអី្វទេ វានៅរឹងមាំល្អ អ្វីជាបញ្ហាផ្នែកបារាំងជួសជុល នៅខាងលើ៤ទៅ៥ស្រទាប់។ ប្រហែលជួសជុលពេលនោះ​មិនបានល្អ ទើបខូចខាត មានខ្លះថ្មហែក ជញ្ជាំងហូរច្រោះទឹកជាដើម»។
 
នៅថ្ងៃទី៨ ឧសភា កន្លងទៅ កំឡុងពេលធ្វើកំណាយ ក្រុមការងាររបស់លោក អន សុភាព បានប្រទះឃើញព្រះកេសទេវតាមួយ ទំនងជ្រុះធ្លាក់កំឡុងពេលណាមួយ។ ពេលនោះ អាជ្ញាធរជាតិអប្សរា បានយកព្រះកេសនោះវាស់វែង និងដឹកយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីសម្អាត និងជួសជុល ឡើងវិញ។ ចំណុចនេះលោក អន សុភាព បានបន្ថែមថា៖«​​គម្រោងដើម្បីយកព្រះកេសមកដាក់ តែមុននឹងដាក់យើងត្រូវតែពង្រឹងដងខ្លួន ហើយដងខ្លួនឈរ​នៅលើតួស្ពាន អ៊ីចឹងដើម្បីឱ្យមានលំនឹង មានសុវត្ថិភាព យើងត្រូវសិក្សាដេញតទាំងអស់ពីលើដល់ក្រោម។ អ៊ីចឹង! ពួកខ្ញុំមកកំណាយនេះ មិនមែនកំណាយរកព្រះកេសទេ គឺយើងកំណាយមើលស្ថានភាពរបស់គ្រឹះ នេះ ឬផ្នែកខាងក្រោមនៃជញ្ជាំងរបស់ស្ពាន តើវាមានស្ថានភាពយ៉ាងម៉េច វាខូចខាតយ៉ាងម៉េច ឬមួយក៏វានៅល្អទេ ដើម្បីវាយតម្លៃ។ ប៉ុន្តែដោយចៃដន្យ ពេលកំណាយទៅក៏បានប្រទះឃើញព្រះកេស របស់ទេវតាមួយ ដែលធ្លាក់កប់ក្នុងនេះ»។

ខ្លោងទ្វារជ័យនៃក្រុងអង្គរធំ
 
តាមការរៀបរាប់របស់បុរាណវិទូដែលកាន់ការងារនៅកំណាយស្រាវជ្រាវរូបនេះ  ព្រះកេសទេវតាដែលប្រទះឃើញនៅពេលនោះ មានសភាពល្អ តែរៀងបាក់ខ្ទង់ចម្រុះបន្តិច។ ក្រោយសិក្សាគេសន្និដ្ឋាន ជាព្រះកេសរបស់ទេពឈរនៅលេខរៀងទី២៣ បើរាប់ពីមុខមក។ ព្រះកេសនេះធ្វើពីថ្មភក់មានបណ្ដោយ ២០ស.ម ទទឹង១១ស.ម និងកម្ពស់ ១២ស.ម។ 
 
ដូចទៅនឹងខ្លោងទ្វារដទៃទៀតដែរនៃក្រុងអង្គរធំ ចម្លាក់កូរសមុទ្រទឹកដោះនៃខ្លោងទ្វារជ័យនេះ​រងការខូចខាតដោយសារអាយុកាល និងការបំផ្លាញដោយសកម្មភាពមនុស្សជាដើម។ ចម្លាក់ខ្លះបានរលុះ ខ្លះហែកញែកថ្ម ភាគច្រើនបាត់ព្រះកេស។ ក្រុមការងារគ្រោងនឹងបើករណ្ដៅលើតួស្ពាន​ចំនួន២​ទីតាំងទៀត ដើម្បីមើលស្ថានភាពតួស្ពាន ដែលធ្លាប់ជួសជុលកន្លងមក។ 
 
ខ្លោងទ្វារជ័យជាខ្លោងទ្វារសំខាន់នៃក្រុងអង្គរធំ ដែលភ្ជាប់ពីអតីតរាជធានីហរិហរាល័យ តំបន់រលួស។ ខ្លោងទ្វារនេះក៏ភ្ជាប់ត្រង់ទៅផ្លូវចូលប្រាសាទភិមានអាកាស ដែលជារាជវាំងក្រុងអង្គរធំផងដែរ។ លោក អន សុភាព ថា ដោយសារវាសំខាន់ដូច្នេះហើយ ទើបទីនោះធ្លាប់ជួសជុលច្រើនដង ហើយផ្លូវកាត់នេះ ក៏មានស្ពានថ្មបុរាណមួយកន្លែងផងដែរ គឺស្ពានប្រាសាទតាកែវ៕

ខ្លោងទ្វារជ័យពេលភ្លៀងធ្លាក់
 

Tag:
 ខ្លោងទ្វារជ័យ
  ក្រុងអង្គរធំ
  កំណាយស្រាវជ្រាវ
  អន សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com