៤ខែមកនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានក្នុងទំហំប្រមាណ២៥០លានដុល្លារ។ ស្ថិតិពាណិជ្ជកម្មទំនិញរបស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា កូរ៉េខាងត្បូង ជាដៃពាណិជ្ជកម្មធំលំដាប់ទី១២របស់កម្ពុជា។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង សម្រេចបានកំណើន៧,៤ភាគរយក្នុងរយៈពេល៤មកនេះ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានទំហំ៩៨លានដុល្លារកើន៨,៤ភាគរយ និងនាំចូលមាន១៥៨លានដុល្លារ កើនក្នុងអត្រា៦,៧ភាគរយ។
ជុំវិញនៃទំនាក់ទំនងពាណិជ្ជកម្មនេះ ក្រុមហ៊ុន Daejoo KC Group បានប្ដេជ្ញាចិត្តចូលរួមពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ បច្ចុប្បន្នក្រុមហ៊ុន Daejoo កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈក្រុមហ៊ុន CAMKO Motor Co. Ltd ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំ និងសម្ភារអេឡិចត្រូនិក និងមានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េដែរ។
លោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group បានរៀបរាប់នៅចំពោះមុខសម្តេច ហ៊ុន ម៉ាណែត នាអំឡុងពេលទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល នាថ្ងៃទី១៧ឧសភា ដោយភាពជឿជាក់ថា តាមរយៈការដំឡើងកម្រិតទំនាក់ទំនងទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រ» រវាងកម្ពុជា-កូរ៉េ នឹងទាក់ទាញវិនិយោគិន និងក្រុមហ៊ុនកូរ៉េបន្ថែមទៀតក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងនោះកម្ពុជាមានចង់ឃើញការដាក់ចេញនូវយុទ្ធសាស្ត្រ «កូរ៉េបូកមួយ» តាមរយៈការផលិត និងផ្គត់ផ្គង់ក្នុងច្រវាក់ផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក ដែលជាផលិតផលផលិតនៅក្នុងស្រុក។ ជាមួយគ្នានេះ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការពង្រីកនូវខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីនាំចេញនិងផ្គត់ផ្គង់ផលិតផល នៅតាមបណ្ដារោងចក្រ និងសហគ្រាសផ្សេងៗបន្ថែមទៀត។
ចាប់តាំងពីឆ្នាំ ២០១៦មក កម្ពុជាបានផ្តល់ទិដ្ឋាការ ដែលមានសុពលភាព ៣ ឆ្នាំ និងអនុញ្ញាតឱ្យមានការចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើកដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េ នៅកម្ពុជា។ ជាការណ៍នេះ បានធ្វើឱ្យកើនឡើងនៃវត្តមាននៃគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េ ទាំងតូច-ទាំងធំ នៅកម្ពុជា។
កាលឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ គឺសម្រេចបាន៧៥០លានដុល្លារអាម៉េរិក ដោយគ្រប់ដណ្តប់វិស័យវាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម។ កូរ៉េជាដៃពាណិជ្ជកម្មធំលំដាប់ទី១២របស់កម្ពុជា បន្ទាប់ចិន អាម៉េរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌណេស៊ី អាល្លឺម៉ង់ កាណាដា សង្ហិបុរី អង់គ្លេស និងតៃវ៉ាន់។
បើតាមសម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក្រុមហ៊ុនកូរ៉េ បាន និងកំពុងដើរតួនាទីជាតួអង្គគន្លឹះ ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ការចូលរួមរបស់ក្រុមហ៊ុនកូរ៉េនៅវិស័យចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បាន និងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា៕