កីឡាអន្តរជាតិ
អន្តរជាតិ
Bologna ត្រឡប់ទៅ UCL ក្រោយរង់ចាំ៦០ឆ្នាំ ខណៈអុីតាលីអាចមាន៦ក្រុម លេងពានកំពូលអឺរ៉ុប
13, May 2024 , 7:29 pm        
រូបភាព
ជ័យជម្នះរបស់ Atalanta លើ AS Roma ក្នុងលទ្ធផល ២-០ នាជំនួបក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A សប្តាហ៍ទី៣៦ បានជួយ Bologna បានកៅអី UEFA Champions League លើកដំបូង ក្រោយរង់ចាំអស់៦០ឆ្នាំ។



កីឡាករ Charles De Ketelaere រកបានពីរគ្រាប់ម្នាក់ឯងជួយក្រុម Atalanta ឈ្នះ Roma នាថ្ងៃទី១២ ខែឧសភា បានជួយក្រុមមានឱកាសខ្ពស់ទទួលបានកៅអី Champions League រដូវកាលក្រោយ។ ការឈ្នះរបស់ Atalanta ក៏បានជួយដល់ Bologna និង Juventus កក់កៅអីកំពូលអឺរ៉ុបរដូវកាលក្រោយផងដែរ។ ទោះសល់២ប្រកួតទើបបញ្ចប់លីគកំពូលអ៊ីតាលី ទាំង Bologna និង Juventus យ៉ាងហោចក៏បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ទី៤ ឬទី៥ ដែរ។ Serie A រដូវកាលនេះ ត្រូវបាន UEF ផ្តល់កៅអី៥ក្រុម ទៅ Champions League រដូវកាលក្រោយ។
 
ក្រុម ​Atalanta បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង Serie A ដោយមាន ៦៣ពិន្ទុ គម្លាតពីក្រុម AS Roma ចំនួន ៣ពិន្ទុ។ ក្រុមមកពីអ៊ីតាលីមានកៅអីលេងនៅពាន UCL ចំនួន ៥ ព្រោះតែក្រុមមកពីអ៊ីតាលី ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្រុមរបស់ពួកគេតែងតែប្រកួតប្រជែងបានយ៉ាងល្អ ក្នុងពានរង្វាន់លំដាប់អឺរ៉ុបទាំង ៣ ខណៈក្រុមមួយចំនួនសុទ្ធតែឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ។
 
Juventus វិលទៅលេង UCL បន្ទាប់ពីបានបាត់មុខ តាំងពីរដូវកាល ២០២១-២២ ចំណែកក្រុម Bologna វិញ លទ្ធផលយកឈ្នះលើ SSC Napoli លទ្ធផល ២-០ ក៏បានធ្វើឱ្យពួកគេមានពិន្ទុគ្រប់គ្រាន់ឈ្នះកៅអី UCL លើកដំបូង ក្រោយខកខានរយៈពេល៦០ឆ្នាំ។
 
ជារឿងដ៏ខកចិត្តជាថ្មីសម្រាប់ AS Roma ដោយកាលពីសប្តាហ៍មុនពួកគេបានរងបរាជ័យក្រោមថ្វីជើងក្រុម Bayer Leverkusen ដោយធ្លាក់ចេញពីពាន Europa League លទ្ធផលសរុបទាំង ២ជើង ៤-២ ទោះជើងទីពីរ Roma បានស៊ុតនាំមុខ ២គ្រាប់ មុនលើម្ចាស់ផ្ទះក្តី។ វិលមកការប្រកួតក្នុងលីគកំពូលអ៊ីតាលី Roma បន្តចាញ់ក្រោមថ្វីជើង Atalanta ដែលជាគូប្រកួតរបស់ Leverkusen នៅវគ្គផ្តាច់ព្រ័ត្រ Europa League ថែមទៀត។
 
សុទ្ធសឹងតែមានកម្រិតប្រកួតប្រជែងប្រហាក់ប្រហែលគ្នា​ ប៉ុន្តែស្ថិតិរវាងក្រុម Atalanta នៅក្នុងការប្រកួតទល់ Roma ពួកគេមានប្រៀបជាងទៅលើទំនក់ចិត្ត ព្រោះតែចំណោមការប្រកួត ៥លើកចុងក្រោយ សុទ្ធសឹងតែឈ្នះ ខុសពី Roma ដែលឈ្នះត្រឹមតែ ១ប្រកួត។
 
ក្រៅពីប្រជែងកៅអីទៅកាន់ UCL ក្លិប Atalanta នៅមានភារកិច្ចត្រូវប្រជែងពានរង្វាន់ ២ ផ្សេងគ្នាក្នុងដៃ ដោយរួមមានពានរង្វាន់ Europa League ទល់នឹង Leverkusen និងពាន Italian Cup ផ្តាច់ព្រ័ត្រទល់នឹងក្រុម Juventus។ ប្រសិនបើ Atalanta មិនអាចប្រជែងចំណាត់ថ្នាក់ទី៥ នៅ Serie A តែអាចដណ្តើមជើងឯក Europa Leagu ពី Leverkusen នោះពួកគេក៏ទទួលបានកៅអី Champions League រដូវកាលក្រោយផងដែរ ហើយនេះមានន័យថាក្រុមពីអ៊ីតាលី នឹងមាន៦ក្រុមបង្ហាញមុខនៅក្របខណ្ឌកំពូលអឺរ៉ុប៕

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com