សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រសួងកសិកម្មអាម៉េរិក៖ ឥណ្ឌាអាចនាំចេញអង្ករ​ជិត ១៨លានតោននៅឆ្នាំ២០២៤
13, May 2024 , 9:29 pm        
រូបភាព
កសិករឥណ្ឌាសម្ងួតស្រូវនៅទីក្រុង Amritsar។ រូបភាព ៖ AFP
កសិករឥណ្ឌាសម្ងួតស្រូវនៅទីក្រុង Amritsar។ រូបភាព ៖ AFP
ក្រសួងកសិកម្មអាម៉េរិកបានព្យាកថា ឥណ្ឌានឹងបន្តជាប្រទេសនាំអង្ករចេញធំជាងគេលើពិភពលោកដោយមានចំនួនជិត ១៨លានតោនក្នុងឆ្នាំ ២០២៤-២០២៥  ពោលគឺខ្ពស់ជាងប្រហែល ២លានតោនបើធៀបឆ្នាំមុន។

 
ក្រសួងកសិកម្មអាម៉េរិក (USDA) ថ្មីៗនេះបានព្យាករថាឥណ្ឌានឹងនៅតែជាប្រទេសនាំមុខគេក្នុងទីផ្សារអង្ករពិភពលោក បើទោះបីជាមានការរឹតបន្តឹងការនាំចេញក៏ដោយ។ 
 
បើតាមក្រសួងកសិកម្មអាម៉េរិក ឥណ្ឌានឹងនាំចេញអង្ករជិត ១៨លានតោនក្នុងឆ្នាំ ២០២៤-២០២៥ កើន ២លានតោនច្រើនជាងឆ្នាំមុន ប៉ុន្តែនៅតែទាបជាងកំណត់ត្រាដែលខ្លួនបាននាំចេញ ២២លានតោនក្នុងឆ្នាំ ២០២១-២០២២។
 
ក្រសួងកសិកម្មអាម៉េរិក បានបន្តថា ទស្សនវិស័យអង្ករពិភពលោកក្នុងកំឡុងឆ្នាំ ២០២៤-២០២៥ នឹងមានភាពល្អប្រសើរ ដោយសារការកើនឡើងនៃការផ្គត់ផ្គង់ពាណិជ្ជកម្ម ការប្រើប្រាស់ និងទុនម្រុងចុងឆ្នាំកើនឡើង។ អង្ការ ត្រូវបានបង្កើនច្រវាក់ផលិតកម្មនៅ ឥណ្ឌា ចិន បង់ក្លាដែស និងឥណ្ឌូណេស៊ី។
 
លើសពីនេះ ការ​ប្រើ​ប្រាស់​ជា​សាកល​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​មាន​ចំនួន ៥២៦,៤ លាន​តោន ដោយ​សារ​ការ​ប្រើ​ប្រាស់​កាន់​តែ​ខ្ពស់​នៅ​ឥណ្ឌា ហ្វីលីពីន ឥណ្ឌូណេស៊ី និង​បង់ក្លាដែស ដែល​ជាការប៉ះប៉ូវ​ការ​ធ្លាក់​ចុះ​នៅ​​ចិន។
 
ចំណែក ពាណិជ្ជកម្មសកលត្រូវបានគេព្យាករថានឹងកើនឡើងត្រឹមតែ ៦៣,៨លានតោនប៉ុណ្ណោះ ដោយសារការកើនឡើងនៃផលិតកម្ម និងកំណើនការប្រើប្រាស់ដែលរំពឹងទុកនៅប្រទេសជាច្រើន។ យ៉ាងណាមិញ តួលេខនេះនៅតែទាបជាងកម្រិតពាណិជ្ជកម្មមុនពេលដែលឥណ្ឌាអនុវត្តការរឹតបន្តឹងលើការនាំចេញអង្ករជាលើកដំបូងក្នុងឆ្នាំ ២០២២៕ 

Tag:
 ឥណ្ឌា
  អាម៉េរិក
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com