ប្រធានាធិបតីអាម៉េរិកបានសម្រេចដំឡើងពន្ធយ៉ាងខ្លាំងលើរថយន្តអគ្គិសនី បន្ទះឈីប និងផលិតផលជាច្រើនទៀតពីចិន ដែលបណ្តាលឱ្យទីក្រុងប៉េកាំងតវ៉ា និងប្រកាសចាត់វិធានការដើម្បីការពារប្រយោជន៍ខ្លួន។
សេតវិមាននៅថ្ងៃទី១៤ ខែឧសភា បានប្រកាសថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានបង្កើនពន្ធយ៉ាងខ្លាំងលើទំនិញជាច្រើនប្រភេទដែលនាំចូលពីចិនដូចជា រថយន្តអគ្គិសនី បន្ទះឈីបកុំព្យូទ័រ និងផលិតផលវេជ្ជសាស្ត្រ ក្នុងនោះពន្ធលើរថយន្តអគ្គិសនីបានកើនឡើង៤ដង ហើយកើនរហូតដល់ជាង ១០០ភាគរយ។
វិធានការពន្ធថ្មីនឹងប៉ះពាល់ដល់ទំនិញចំនួន ១៨ពាន់លានដុល្លារដែលនាំចូលពីចិន រួមទាំងដែកថែប អាលុយមីញ៉ូម សឺមីកុងឌុចទ័រ ថ្មសាកអគ្គិសនី សារធាតុរ៉ែសំខាន់ៗ បន្ទះស្រូបពន្លឺព្រះអាទិត្យ និងរថយន្តស្ទូចកុងតឺន័រ។
ជាពិសេស អាម៉េរិកកបានដំឡើងពន្ធពី ៧,៥ភាគរយទៅ ២៥ភាគរយលើអាគុយលីចូមសម្រាប់រថយន្តអគ្គិសនី និងពី ២៥ភាគរយទៅ ៥០ភាគរយលើឧបករណ៍សម្រាប់ផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ ព្រមទាំងពី ០ភាគរយទៅ ២៥ភាគរយជាមួយនឹងសារធាតុរ៉ែសំខាន់ៗមួយចំនួន។ ទន្ទឹមនេះ អត្រាពន្ធលើផលិតផលដែក និងអាលុយមីញ៉ូមមួយចំនួននឹងមាន ២៥ភាគរយ។
លើសពីនេះ លោក បៃឌិន បានរក្សាការយកពន្ធលើផលិតផលចិនចំនួន ៣០០ពាន់លានដុល្លារ ដែលបានដាក់ពីអ្នកកាន់តំណែងសេតវិមានមុនគឺលោក ដូណាល់ ត្រាំ។ យោងតាមទិន្នន័យផ្លូវការពីទីក្រុងវ៉ាស៊ីនតោន អាម៉េរិកបាននាំចូលទំនិញចំនួន ៤២៧ពាន់លានដុល្លារពីចិន និងនាំចេញទំនិញតម្លៃ ១៤៨ពាន់លានដុល្លារទៅកាន់ទីផ្សារនេះនៅឆ្នាំ២០២៣។
ភ្លាមៗក្រសួងពាណិជ្ជកម្មចិនបានប្រតិកម្មខ្លាំងៗចំពោះចំណាត់ការរបស់អាម៉េរិកដោយប្រកាសថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។ បន្ថែមពីនេះ ភាគីចិនបានអំពាវនាវឱ្យអាម៉េរិកត្រូវតែកែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ និងលុបចោលវិធានការពន្ធបន្ថែម។
បើតាមសេតវិមានការសម្រេចចិត្តនេះ ដោយសារតែហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខសេដ្ឋកិច្ចខ្លួន ព្រោះអាម៉េរិកយល់ថាពាណិជ្ជកម្មទាំងនេះមិនសូវមានផលចំណេញ។ សេតវិមានបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ ២០២០ របស់រដ្ឋបាលលោក ត្រាំ ជាមួយចិនមិនបានបង្កើនការនាំចេញ ឬជំរុញការងារផលិតកម្មរបស់អាម៉េរិកនោះទេ។
អ្នកជំនាញជាច្រើនបានព្រមានថា ជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិនអាចបង្កើនថ្លៃដើមផលិតរថយន្តអគ្គិសនី ជាទូទៅប៉ះពាល់ដល់គោលដៅអាកាសធាតុ និងការបង្កើតការងារក្នុងវិស័យផលិតកម្ម។
កន្លងមក លោក បៃឌិន លើកឡើងថា លោកចង់ឈ្នះក្នុងយុគសម័យនៃការប្រកួតប្រជែងជាមួយចិន ប៉ុន្តែមិនអាចឱ្យសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើងដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកគ្នាទៅវិញទៅមក។ ប្រធានាធិបតីអាម៉េរិករូបនេះ បានព្យាយាមបន្ធូរបន្ថយភាពតានតឹងទ្វេភាគីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្នុងការពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង។
យ៉ាងណាមិញ សមាជិកសភាអាម៉េរិកមួយចំនួនបានអំពាវនាវឱ្យមានការដំឡើងពន្ធលើរថយន្តចិនខ្លាំងជាងនេះ។ ប្រធានគណៈកម្មាធិការធនាគារព្រឹទ្ធសភាអាម៉េរិក Sherrod Brownn ចង់ឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី បៃឌិន ហាមឃាត់ទាំងស្រុងនូវយានជំនិះអគ្គិសនីរបស់ចិន ដោយសារតែមានការព្រួយបារម្ភពីហានិភ័យទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជនអាម៉េរិក៕