អន្តរជាតិ
តើវៀតណាមអនុវត្តកសិកម្មវៃឆ្លាតស្របតាមអាកាសធាតុមានលក្ខណៈបែបណា?
18, May 2024 , 9:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
វៀតណាមជាប្រទេសដ៏សំខាន់មួយក្នុងការនាំចេញផលិតផលកសិកម្មរួមមាន អង្ករ​ កាហ្វេសម្រាប់ពិភពលោក និងប្រទេសក្នុងតំបន់។ ខណៈការប្រែប្រួលអាកាសធាតុបង្កផល ប៉ះពាល់ដល់កសិកម្ម វៀតណាម បានឈានជើងអនុវត្តសកម្មភាពមួយចំនួន ដែលយ៉ាងហោចណាស់ជួយកាត់បន្ថយការខាតបង់នៃផលដំណាំ និងផលិតផលកសិកម្ម ព្រោះបម្រែបម្រួលអាកាសធាតុ។

 
បច្ចេកវិទ្យា និងការអនុវត្តកសិកម្មវៃឆ្លាតស្របតាមអាកាសធាតុ (Climate Smart Agriculture) បង្ហាញពីឱកាសសម្រាប់ដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៃវិស័យកសិកម្មផងដែរ។ ការអនុវត្តត្រូវបានចាត់ទុកថាជា កសិកម្មវៃឆ្លាតស្របតាមអាកាសធាតុនោះ ប្រសិនបើជួយបង្កើនសន្តិសុខស្បៀង ឬសម្រេចបានគោលបំណង ផ្សេងទៀតដូចជា ការបន្សាំទៅនឹងអាកាសធាតុ និងការកាត់បន្ថយការខូចខាត។ 
 
ការអនុវត្តនោះតំណាងឱ្យយុទ្ធសាស្ត្រ ឬដំណោះស្រាយសម្រាប់កសិករវៀតណាមដែលជួប ប្រទះនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដូចជាភាពញឹកញាប់នៃគ្រោះរាំងស្ងួត និងកង្វះទឹក ការកើនឡើងកម្រិតទឹកសមុទ្រនិងការជ្រៀតចូលអំបិល ការកើនឡើង សីតុណ្ហភាព កម្រិតទឹកភ្លៀងនិងទឹកជំនន់ និងការកើនឡើងនៃសត្វល្អិត ឬជំងឺជាដើម។
 
ការអនុវត្តដែលត្រូវបានណែនាំញឹកញាប់បំផុតមួយនៅវៀតណាមគឺទាក់ទងនឹងការគ្រប់គ្រង ទឹក និងប្រព័ន្ធធារាសាស្រ្តឆ្លាតវៃនៅក្នុងប្រព័ន្ធដំណាំស្ទើរតែទាំងអស់ ពោលគឺកាហ្វេ តែ ក្រូចឆ្មា ស្វាយចន្ទី ពោត ស្រូវ និងម្រេច ដែលសំដៅលើការដំឡើងបច្ចេកទេសស្រោចស្រព ដែលសន្សំសំចៃទឹក ដូចជាប្រព័ន្ធធារាសាស្រ្តស្រក់ទឹក ឬបាញ់ទឹក និងការអនុវត្តការរក្សា សំណើម។
 
ការអនុវត្តបន្ថែមរួមមានការជ្រើសយកពូជដំណាំដែលប្រសើរជាងមុន និងធន់នឹងគ្រោះ រាំងស្ងួត ទឹកជំនន់ សត្វល្អិត និងជំងឺឧទាហរណ៍ដូចជាដំណាំ កៅស៊ូ ស្វាយចន្ទី ធញ្ញជាតិ និងម្រេច។ ការរួមបញ្ចូលរុក្ខជាតិដែលមានអាយុច្រើនឆ្នាំដូចជា ក្រូច កៅស៊ូ កាហ្វេ ឬស្វាយចន្ទីទៅក្នុងប្រព័ន្ធកសិផលជាមួយដំណាំផ្សេងទៀតដូចជា ផ្លែបឺរ ពោត ត្របែក ស្រូវខ្ពង់រាប ឬល្ង បានអនុញ្ញាតឱ្យកសិករវៀតណាមធ្វើពិពិធកម្មប្រាក់ចំណូល បង្កើនផលិត ភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។ 
 
ការរួមបញ្ចូលប្រព័ន្ធដាំដុះចំរុះនេះក៏អនុញ្ញាតឱ្យមានការគ្រប់គ្រងកំដៅសម្រាប់ដំណាំកាហ្វេ ដោយដាំដើមឈើដែលមានម្លប់ដូចជា ដើមឈើហូបផ្លែ ទុរេន ឬដំណាំគម្របដីដើម្បី កាត់បន្ថយការបាត់បង់សំណើមដីដោយផ្ទាល់។ 
 
យ៉ាងណាមិញ បច្ចេកវិទ្យាទាំងនេះ មានអត្រាទាប ឬមធ្យមនៅឡើយនៅវៀតណាម។​ ឧបសគ្គជារឿយៗគឺទាក់ទងនឹងភាពអាចរកបានទាបនៃធាតុចូលដែលត្រូវការ ដូចជាគ្រាប់​ពូជដែលធន់ ការចំណាយខ្ពស់នៃការដំឡើងគ្រឿងបរិក្ខារធារាសាស្រ្តជាមួយនឹងលទ្ធភាពទទួលបានឥណទាន ទីផ្សារមានកម្រិត ថ្លៃពលកម្មខ្ពស់ និងព្រមទាំងចំណេះដឹង និងជំនាញបច្ចេកទេសដែលនៅមានកម្រិត៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com