កីឡាជាតិ
ជាតិ
ខួប១ឆ្នាំ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា
05, May 2024 , 1:19 pm        
រូបភាព
ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២
ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២
១ឆ្នាំ បានកន្លងទៅ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣។ ព្រឹត្តិការណ៍នោះ បានចាប់ផ្ដើមបើកជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បានរងចាំអស់រយៈពេល ៦៤ឆ្នាំ ដើម្បីមានលទ្ធភាពអាចរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ។ កម្ពុជា ជោគជ័យ ដោយឈរនៅចំណាត់ថ្នាក់លេខ៤ ដណ្ដើមបានមេដាយសរុប២៨២ ដែលជាចំនួនបំបែកកំណត់ត្រាមេដាយរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្ដង នៃតំបន់អាស៊ាននេះ។


 
បណ្ដាសហព័ន្ធកីឡាជាតិទាំងអស់ បានអបអរខួប១ឆ្នាំ នៃការធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២។ ព្រឹត្តិការណ៍នេះ បានបន្សល់នៅការចង់ចាំ និងរូបភាពល្អៗ ទាំងការប្រកួតកីឡា និងការចូលរួមចំណែកនានា ពីប្រជាពលរដ្ឋ, យុវជនស្ម័គ្រជិតប្រមាណជាង ១ម៉ឺននាក់, អ្នកសារព័ត៌មានជាតិ-អន្ដរជាតិ, និងមន្ដ្រីកីឡាទាំងអស់។
 
ចំនួនមេដាយ២៨២ ជាចំនួនច្រើន ដែលកម្ពុជា មិនធ្លាប់មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ក្នុងចំនួនសរុបនោះ កម្ពុជា ដណ្ដើមបានមេដាយមាស៨១ ប្រាក់៧៤ និងសំរិទ្ធ១២៧។ សមិទ្ធផលនេះ បានបង្ហាញពីវឌ្ឍនៈភាព នៃវិស័យកីឡានៅកម្ពុជា ដោយមានគ្រប់គ្រាន់នូវហេដ្ឋារចនាសម្ព័ន្ធកីឡា និងធនធានកីឡាករ-កីឡាការិនី។

មនុស្សជាច្រើនមកទស្សនា ពិធីបើកស៊ីហ្គេម លើកទី៣២
 
ក្រៅពីការប្រកួតប្រជែងលើផ្នែកកីឡា ស៊ីហ្គេម នៅកម្ពុជា បានបង្កើតប្រវត្តិសាស្ដ្រថ្មី ដល់ប្រទេសក្នុងតំបន់ នោះគឺការមិនយកថវិការ ទាំងការស្នាក់នៅ ការផ្សាយផ្ទាល់ និងការបើកឲ្យចូលទស្សនាដោយសេរី។ ប្រជាជន និងភ្ញៀវទេសចរអន្ដរជាតិ អាចចូលទស្សនាគ្រប់ការប្រកួតកីឡា ដោយមិនមានការលក់សំបុត្រឡើយ។ ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្ដរជាតិ អាចទទួលបានសិទ្ធផ្សាយផ្ទាល់ ដោយមិនត្រូវការទិញសិទ្ធយកទៅផ្សាយទេ។
 
គួរបញ្ជាក់ដែរថា ក្រៅអំពីការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ កម្ពុជា ក៏កំពុងត្រៀមខ្លួន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា និងធនធានអត្តពលិកថ្នាល់ ដើម្បីធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ផងដែរ៕
 
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com